ជម្លោះបែកផ្សែងរវាងពិធីករ សាន់ ពិសាល និងស្ត្រីដែលអះអាងថាជាអតីតគូស្នេហ៍

ពិធីករ​ទូរទស្សន៍​ហង្សមាស លោក សាន់ ពិសាល (រូប​ពី​ហ្វេសប៊ុក)

ជម្លោះនៅលើបណ្ដាញហ្វេសប៊ុកកាន់តែបែកផ្សែងខ្លាំងឡើងរវាងពិធីករទូរទស្សន៍ហង្សមាសលោក សាន់ ពិសាល និងនារីម្នាក់ដែលអះអាងថាគឺជាអតីតប្ដីប្រពន្ធនឹងគ្នា។ អ្នកទាំងពីរមិនត្រឹមតែប្រើប្រព័ន្ធហ្វេសប៊ុក ដើម្បីធ្វើការបំផ្លាញដល់កិត្តិយសគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏បានបោះជំហានឈានដល់ដល់ជម្រើសប្រើផ្លូវច្បាប់ ដើម្បីដោះស្រាយជម្លោះដាក់គ្នាផងដែរ។

ក្នុងជំនួបដោយផ្ទាល់ជាមួយភ្នាក់ងារVOD ក្រោយពីធ្វើការបង្ហោះសារលើហ្វេសប៊ុក ដែលសារនោះត្រូវលោក សាន់ ពិសាល ប្ដឹងថាបរិហារកេរ្តិ៍រូបលោកនោះ អ្នកនាង សេង រ៉ាវី វ័យ២៨ឆ្នាំ បានអះអាងថា អ្នកនាងគឺជាអតីតភរិយាលួចលាក់របស់តារារូបនេះ ដោយគ្រាន់តែការរួមរស់របស់អ្នកនាង និងលោកសាន់ ពិសាល កន្លងមកមិនមានអាពាហ៍ពិពាហ៍ ឬអេតាស៊ីវិល។ អ្នកនាងបញ្ជាក់ថា រយៈពេលរួមរស់៩ឆ្នាំ មានការដឹងឮទាំងស្រុងពីឪពុកម្ដាយខាងប្រុស ដោយសារតែក្រោយស្រឡាញ់គ្នា គឺអ្នកនាងជាអ្នកចុះចេញពីឪពុកម្ដាយ និងគូដណ្ដឹងទៅរស់នៅជាមួយ សាន់ ពិសាល នៅផ្ទះរបស់លោកស្ថិតនៅគៀនស្វាយសព្វថ្ងៃ។

អ្នកនាង សេង រ៉ាវី បន្តថា ពេលនាងសាងស្នេហ៍ជាមួយគូដណ្ដឹងជាអណិកជនរស់នៅអាមេរិក អ្នកនាងបន្សល់លុយកាក់ពីអតីតគូស្នេហ៍នៅឯនាយសមុទ្រនោះច្រើនណាស់ ដោយនាងថា ទើបជាហេតុធ្វើឲ្យលោក សាន់ ពិសាល ចូលខ្លួនកាន់តែកៀកមកក្នុងជីវិតរបស់នាង។ អ្នកនាងអះអាងថា អ្នកនាងនិងពិធីករប៉ុស្តិ៍ហង្សមាសរូបនោះបានរួមរស់ជាមួយគ្នាក្នុង អំឡុងឆ្នាំ២០០៧ និង២០០៨ ដោយនាងយកប្រាក់ដែលបន្សល់ពីគូស្នេហ៍នៅអាមេរិកប្រមាណជា៥-៦ម៉ឺនដុល្លារ យកទៅរួមរស់ជាមួយលោក សាន់ ពិសាល ក្រោយសេពគប់គ្នា។

អ្នកនាង ពេល​ផ្ដល់​បទសម្ភាសន៍​ដល់វីអូឌី (រូបភាព៖ វង្ស សុម៉ាលីន)
អ្នកនាង សេង រ៉ាវី ពេល​ផ្ដល់​បទសម្ភាសន៍​ដល់វីអូឌី (រូបភាព៖ វង្ស សុម៉ាលីន)

អ្នកនាងបន្ថែមថា លុយកាក់ដែលនាងមាននោះ អ្នកនាងបានប្រើមួយចំណែកឲ្យស្វាមីឥតខាន់ស្លារបស់ខ្លួនទិញឡានជិះ ឲ្យសិក្សាផ្នែកច្បាប់រហូតដល់ចប់ ជួយសង់ផ្ទះរបស់លោកនៅគៀនស្វាយ និងមួយចំណែកធំយកទៅបើកហាងរកស៊ីជាមួយគ្នា។ អ្នកនាង និងលោកបានផ្ដើមបើកហាងលក់គ្រឿងក្រអូបយីហោ «Update Chamming» នៅម្ដុំបឹងត្របែក។ ក្រោយមកក៏បែកគំនិតទិញលក់ឡាន និងចុងក្រោយបានបើកហាងលក់សម្លៀកបំពាក់យីហោ «Pisal Collection» នៅម្ដុំទួលទំពូង ដោយអ្នកនាងថា ដើម្បីអភិវឌ្ឍន៍ជីវភាពរស់នៅឲ្យលោក សាន់ ពិសាល បានហ៊ឺហាររហូតជោគជ័យក្នុងវិថីសិល្បៈនាពេលចុងក្រោយ។

អ្នកនាងនិយាយថា៖ “ឯកសាររបស់គាត់(សាន់ ពិសាល)នៅខ្ញុំទាំងអស់ មានតាំងពីសម្លៀកបំពាក់ ឯកសារផ្សេងៗ ចុះធម្មតាយើងរស់នៅក្នុងលក្ខណៈប្ដីប្រពន្ធ អីចឹងស្អីក៏គាត់ឲ្យខ្ញុំទុកដែរ តាំងពីប៉ាស្ព័រ(លិខិតឆ្លងដែន) តាំងពីលិខិតខ្ចីលុយធនាគារ និងឯកសារប្លង់ដីអីជាដើម ប៉ុន្តែអត់មានឈ្មោះខ្ញុំ(ប្លង់ទាំងនោះ)ទេ ព្រោះយើងអាងតែប្ដីប្រពន្ធ ខ្ញុំឲ្យតែប្ដីចាត់ចែងទៅ ខ្ញុំគិតខំរកឡើងទៅយកឥវ៉ាន់ពីថៃអីមកបោះដុំតែរហូត”

អ្នកនាង សេង រ៉ាវី បន្ដថា ខ្លួនជាអ្នកសម្រេចចិត្តលក់ចិញ្ចៀនពេជ្រ និងប្រមូលលុយចុងក្រោយដែលជាចំណែកសល់ពីគូដណ្ដឹងនៅអាមេរិក និងខំប្រឹងសន្សំប្រមាណជាង១ម៉ឺនដុល្លារឲ្យលោក សាន់ ពិសាល បានបញ្ចប់ថតរឿង «រនាតស្នេហ៍» ដែលអ្នកនាងថាជាមូលហេតុនាំឲ្យលោកបានជួបតួឯកស្រីឈ្មោះ ម៉ម ស្រីពៅ និងឈានដល់ការភ្ជាប់ស្នេហ៍ បណ្ដាលឲ្យអ្នកនាង និងស្វាមីលាក់មុខបែកគ្នា។ អ្នកនាងនិយាយថា មុនបែកបាក់ អ្នកនាងបានបើកចិត្តឲ្យលោក សាន់ ពិសាល នាំប្រពន្ធចុងម្នាក់នោះមករួមរស់ជាមួយប្រមាណជាង២ខែ នៅហាងលក់ខោអាវស្ថិតនៅទួលទំពូង ដោយសារតែ នាងក៏មានជំងឺមិនអាចមានកូន និងដោយសារលោក សាន់ ពិសាល បានលួងលោមថា ឲ្យតែប្រពន្ធចុងសម្រាលកូនរួច គឺតួឯកស្រីនោះនឹងប្រគល់កូនឲ្យនាងចិញ្ចឹមធ្វើកូន។ យ៉ាងណាក៏ដោយ អ្នកនាងអះអាងថា ស្ថានភាពរង្គោះរង្គើបានឈានដល់ដំណាក់ចុងក្រោយ បន្ទាប់ពីលោក សាន់ ពិសាល ធ្វើបាបចិត្តរបស់នាង ហើយបណ្ដាលឲ្យនាងវេចបង្វេចដើរចេញកាលពីរង្វង់មួយឆ្នាំមុន។

ពាក់ព័ន្ធនឹងហេតុផលថា ហេតុអ្វីចំណងស្នេហ៍បញ្ចប់១ឆ្នាំមកហើយ ប៉ុន្តែទើបផ្ទុះជម្លោះហែកហួរគ្នា អ្នកនាង សេង រ៉ាវី បានថ្លែងប្រាប់ក្នុងបទសម្ភាសន៍ដោយផ្ទាល់នោះថា គឺដោយសារតែលោក សាន់ ពិសាល គេចវេះមិនសងបំណុលតុងទីននាំឲ្យអ្នកនាងត្រូវតែបកអាក្រាតចំពោះលោក ព្រោះតែឆ្អែតចិត្តខ្លាំង។ អ្នកនាងបន្ថែមថា៖ “បួនប្រាំថ្ងៃមុនហ្នឹង គាត់(សាន់ ពិសាល)ណាត់ជួបខ្ញុំ ទើបនាំឲ្យមានការបង្ហោះតាមហ្វេសប៊ុកហ្នឹង! សាច់រឿងគឺរឿងតុងទីន(កាលមិនទាន់បែកគ្នា) ខ្ញុំលេង២ក្បាល គាត់លេង២ក្បាល ម៉ាក្បាលតែ២០រៀល(ដុល្លារ)ទេ ប៉ុន្តែមួយអាទិត្យដេញម្ដង។ កាលមុនមេដឹងតែមកយកខ្ញុំទេ(សម្អាងថានាងជាប្រពន្ធ) ហើយពេលខ្ញុំបែកគាត់ ខ្ញុំបិទទូរស័ព្ទ ទើបតែមុនហ្នឹងមេគេទារខ្ញុំ ហើយខ្ញុំថាបង់បានសម្រាប់តែឈ្មោះខ្ញុំទេ សម្រាប់ឈ្មោះគាត់ត្រូវទារពីគាត់ អីចឹងហើយទើបមេណាត់ពួកខ្ញុំជជែក ហើយគាត់(សាន់ ពិសាល) បានអះអាងថា អត់ដឹងឮទេ ព្រោះលុយពេលដេញបានគាត់អត់បានទទួល។ ខ្ញុំទទួលស្គាល់ថាគាត់អត់បានយកពីមេមែន ប៉ុន្តែគាត់យកពីខ្ញុំ”

អ្នកនាង សេង រ៉ាវី បន្តថា លោក សាន់ ពិសាល បំផ្លាញលុយនាងរហូតអស់ពីខ្លួន ហើយបោះបង់នាងចោល ទើបធ្វើឲ្យនាងអត់ទ្រាំលែងបាន ឈានទៅហែកហួរជាសាធារណៈ និងបានខលទារលុយមួយចំនួនដោយអ្នកនាងអះអាងថា តារារូបនេះបានល្បួងសុំខ្ចីចិញ្ចៀនពេជ្រ និងលុយកាក់ចុងក្រោយដែលនាងសល់ពីគូដណ្ដឹងនៅអាមេរិកយកទៅថតកុន។ អ្នកនាងថា ត្រង់ចំណុចហ្នឹងហើយដែលបណ្ដាលឲ្យលោក សាន់ ពិសាល ដាក់ពាក្យប្ដឹងនាងពីបទបរិហាកេរ្តិ៍ និងពីគំរាមទារលុយ។ អ្នកនាងនិយាយថា មិនខ្លាចបណ្ដឹង សាន់ ពិសាល នោះទេ ដោយគ្រោងប្ដឹងលោកពីបទរំលោភលើសេចក្ដីទុកចិត្ត និងបំផ្លាញទ្រព្យសម្បត្តិក្នុងពេលរួមរស់ផងដែរ។

យ៉ាងណាក៏ដោយ លោក សាន់ ពិសាល បានប្រាប់VOD តាមទូរស័ព្ទថា រវាងលោក និងអ្នកនាង សេង រ៉ាវី មិនមែនជាប្ដីប្រពន្ធនោះទេ ដោយសារតែលោកមិនធ្លាប់រៀបការ និងមិនដែលមានអេតាស៊ីវិល។ លោកថា នារីម្នាក់នេះគ្រាន់តែស្គាល់រាប់អានប៉ុណ្ណោះ ហើយមកពីនាងក្ដៅក្រហាយក្រោយពេលលោក និងតួឯកស្រីក្នុងរឿង «រនាតស្នេហ៍» បានក្លាយជាប្ដីប្រពន្ធនឹងគ្នា ទើបចេះតែដើរនិយាយផ្ដេសផ្ដាស និងខលមកគំរាមទារលុយពីលោកស្ទើររាល់ថ្ងៃ។ លោកនិយាយថា៖ “ដោយសារពីមុនមកខ្ញុំធ្លាប់រាប់អានជាមួយគាត់ ទើបចេះតែមិនចង់ឈ្លោះជាមួយមនុស្សស្រី ប៉ុន្តែគាត់នៅតែញាំញី និងទាមទារឲ្យខ្ញុំហ្នឹងសងលុយទៅគាត់រហូត ហើយខ្ញុំចង់សួរថាខ្ញុំជំពាក់លុយអ្នកឯងរឿងអី បានជាអ្នកឯងមកទារប្រាក់ពីខ្ញុំរហូតអីចឹង បើខ្ញុំបោកប្រាស់អ្នកឯងពិតមែន អ្នកឯងរៀបចំសំណុំរឿង និងភស្ដុតាងប្ដឹងខ្ញុំទៅតុលាការទៅ ខ្ញុំឡើងទៅបកស្រាយនៅទៅនោះ”។ លោកថាមុនពេលចប់គ្នា លោកបានប្រគល់ហាងVisal Collection ឲ្យរួចហើយ ទើបលោកទទួលមិនបាននៅពេលនារីម្នាក់នេះបង្ហោះសារនៅលើហ្វេសប៊ុក “បរិហារកេរ្តិ៍” លោក។ លោកថា បើអ្នកនាង សេង រ៉ាវី ប្ដឹងត លោករីករាយ ដើម្បីឲ្យបានច្បាស់ថាតើអ្នកនាងនឹងមានភស្ដុតាងដើម្បីឈ្នះពិតប្រាកដ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ