មន្ត្រីជំនាញថាអ្នកផ្ទុកមេរោគអេដស៍នៅភូមិមួយក្នុងខេត្តកណ្តាលបន្តកើនឡើង

ពលរដ្ឋនាំ​គ្នា​ទៅពិនិត្យឈាម នៅមណ្ឌលសុខភាពក្នុងភូមិពាម ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្ត​កណ្ដាល​

មន្ត្រីជំនាញរបស់រដ្ឋាភិបាលអះអាងថា អ្នកផ្ទុកមេរោគអេដស៍នៅឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាលបានរកឃើញថា មានចំនួន១៨នាក់ហើយគិតត្រឹមថ្ងៃចន្ទនេះ។

នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ ពលរដ្ឋរាប់សិបនាក់ រួមទាំងកុមារផងបានបន្តធ្វើដំណើរទៅពិនិត្យឈាម នៅមណ្ឌលសុខភាពក្នុងភូមិពាម ឃុំសំបូរមាស ស្រុកមុខកំពូល ដោយពួកគេថា ដើម្បីចង់ដឹងថា តើពួកគេមានផ្ទុកមេរោគអេដស៍ឬក៏អត់។

ការសម្រុកទៅជួសឈាមរកមេរោគអេដស៍នេះ បន្ទាប់ពីអ្នកភូមិអះអាងថា ពួកគេបានឭថា មន្ត្រីជំនាញនៅមន្ទីរពេទ្យសម្តេឪដែលយកឈាមពួកគេទៅពិនិត្យនោះប្រាប់ថា ក្នុងចំណោមមនុស្ស២០នាក់ដែលសង្ស័យថាមានផ្ទុកមេរោគអេដស៍គឺមាន១៤នាក់ហើយ ត្រូវគ្រូពេទ្យប្រាប់ថា បានផ្ទុកមេរោគអេដស៍។

ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ឲ្យអ្នកសារព័ត៌មានដឹងថា ក្រោយពិនិត្យឈាមរបស់ពលរដ្ឋជាង២០០នាក់នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ លោកថាមានមនុស្ស៤នាក់បន្ថែមទៀត សង្ស័យថាមានផ្ទុកមេរោគអេដស៍។ លោកថា ក្នុងនោះស្ត្រី៣នាក់ និងបុរសម្នាក់។

ទោះជាយ៉ាងណា លោក លី ពេញស៊ុន មិនទាន់បង្ហើបឲ្យដឹងថា ការរកឃើញអ្នកផ្ទុកមេរោគអេដស៍ជាថ្មីទៀតនេះ មកពីមូលហេតុអ្វីពិតប្រាកដនៅឡើយទេ។ លោកមានប្រសាសន៍ថា៖ លោកថា៖ “គឺយើងអត់ដឹងៗ ប៉ុន្តែតាមអ្នកវិទ្យាសាស្ត្រ មេរោគអេដស៍អាចឆ្លងតាមការរួមភេទ តាមការប្រើស៊ីរ៉ាំង ម្ជុលរួមគ្នា?វាអាចពីម្តាយទៅកូន ឬពីការបញ្ចូលឈាមអីហ្នឹងជាដើម”

យ៉ាងណាក៏ដោយ អ្នកភូមិដែលបានទៅពិនិត្យឈាមរកមេរោគអេដស៍នេះភាគច្រើនពួកគេអះអាងថា មិនដឹងមកពីមូលហេតុអ្វីពិតប្រាកដនោះទេ។ ប៉ុន្តែពួកគេអះអាងប្រហាក់ប្រហែលគ្នាថា បុរសៗនៅទីនោះ ភាគច្រើនចេញទៅរកសេវាកំសាន្តនៅក្រៅផ្ទះ។ ចំណែកអ្នកនៅផ្ទះ ពេលមានជំងឺ ច្រើនទៅរកសេវាព្យាបាលពីគ្រូពេទ្យឯកជន។ ពួកគេថា៖ “ឈឺជាយើងទៅរកពេទ្យចាក់ណាស់ ប៉ុន្តែកើតចេញ(ជំងឺអេដស៍)ពីប្រការណាមួយយើងអត់ដឹង។ (ពេទ្យឯកជន)បង់ថ្លៃមែនតែវាឆាប់ចា៎ ទៅអីចឹងប្រហែលជា១០នាទីអីគេហៅចូលចាក់ហ្មង ហើយដល់ពេលពេទ្យរដ្ឋវិញ ដល់១ម៉ោងអីឬដល់២ម៉ោងក៏មាន ចំាលេខ ចាំឈ្មោះហើយមិនចង់មើលទេ បើទៅសួរច្រើនស្តីឲ្យយើងទៀត”

មេឃុំសំបូរមាស គឺលោកស្រី ណែម យ៉ង់ អះអាងថា ពលរដ្ឋនៅក្នុងភូមិពាមនេះ មានជាងមួយពាន់នាក់ លោកស្រីថា អ្នកភូមិទាំងនោះ ទើបមកពិនិត្យបានជាង២០០នាក់ទេ គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈនេះចំណែកឯការមកពិនិត្យឈាមរកមេរោគអេដស៍វិញ លោកស្រីថា ធ្វើឡើងតាមការស្ម័គ្គចិត្តរបស់ពលរដ្ឋ។

នៅពេលថ្មីៗនេះ ពលរដ្ឋប្រមាណជិត៣០០នាក់ នៅភូមិរកា ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានមន្ត្រីជំនាញរកឃើញថា បានឆ្លងមេរោគអេដស៍។ ក្រោយមកតុលាការបានកាត់ទោស គ្រូពេទ្យម្នាក់ ឈ្មោះ ញ៉ែម ជ្រិន ឲ្យ​ជាប់ពន្ធនាគារ២៥ឆ្នាំ ដោយ​ចោទថាជាអ្នកព្យាបាល អ្នកភូមិធ្វេសប្រហែសបង្កឲ្យចម្លងរោគអេដស៍តគ្នា។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី អះអាងថា ការរកឃើញមានពលរដ្ឋផ្ទុកមេរោគអេដស៍ ច្រើនគ្នាបែបនេះ លោកថា ដោយសារដ្ឋាភិបាល បានបរាជ័យក្នុងការទប់ស្កាត់ការជួញដូរមនុស្ស ការធ្វើចំណាកស្រុក និងចរាចរណ៍គ្រឿងញៀន។ លោកថា៖ “តាមពិតទៅ បទអន្តរាគមន៍ទប់ស្កាត់ស្តីពីការទប់ស្កាត់មេរោគអេដស៍ហ្នឹង រដ្ឋាភិបាលបរាជ័យយូរហើយ តាំងពីឆ្នាំ២០១១ ដោយសារតែយើងបង្កើតច្បាប់ប្រឆាំងនឹងការជួញដូរមនុស្សប្រឆាំងផ្លូវភេទ ដោយបិទបន បិទកន្លែងសប្បាយមួយចំនួន អីចឹងវាត្រូវបែកសំបុក ដល់បែកសំបុក អាបទអន្តរាគមន៍ហ្នឹង វាអត់មានប្រសិទ្ធភាព ពិសេសកម្មវិធីស្តីពីស្រោមអនាម័យហ្នឹង ត្រូវបរាជ័យ១០០%ទាំងស្រុងតែម្តង។ ទី២ដោយសាតែមានការរីករាលដាលនៃគ្រឿងញៀន ទៅដល់ផ្ទះពលរដ្ឋគ្រប់ទិសទី។ ក្មេងដែលប្រើប្រាស់គ្រឿងញៀនទាំងចាក់ទាំងលេប ពិសេសថ្នាំចាក់ហ្នឹងឆ្លងខ្ពស់ណាស់ ហើយមជ្ឈមណ្ឌលសើស្បែក និងកាមរោគក៏គាត់ដឹងដែរ”

ទោះជាយ៉ាងណា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធ លោក លី ពេញស៊ុន បញ្ជាក់ថា អ្នកដែលផ្ទុកមេរោគអេដស៍អាចមានអាយុវែងដូចអ្នកមិនផ្ទុកដែរ បើពួកគេព្យាយាមលេបថ្នាំ តាមការណែនាំរបស់គ្រូពេទ្យជំនាញ។ លោកថា៖ “កាលណាយើងផ្តល់ការព្យាបាលហើយ អ្នកហ្នឹងមេរោគថយចុះ ថយចុះ គាត់លែងចម្លងទៅអ្នកណាទៀតហើយ ទោះបីប្រពន្ធគាត់ក៏អត់ឆ្លង ឬក៏ប្តីគាត់ក៏អត់ឆ្លងដែរ។ អីចឹងប្រឹងប្រែងរកអាករណីក្រោយៗនេះ ថាៗនៅសល់១០%ទៀត ហ្នឹងជាយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ដើម្បីរកគាត់មកព្យាបាល”

បើតាមលោក លី ពេញស៊ុន អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាមានប្រមាណ៧ម៉ឺន៤ពាន់នាក់ លោកថាក្នុងនោះ ៥ម៉ឺន៧ពាន់នាក់ហើយ ដែលស្ថិតក្រោមការមើលថែពីក្រសួងសុខាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ