អង្គការ៥០អំពាវនាវឲ្យសាធារណជនពហិកាក្រុមហ៊ុនកាពីតូល

អតីត​អ្នកបើករថយន្ត​ក្រុមហ៊ុន​កា​ពី​តូ​ល (រូបថតពី៖ CLC Cambodia)

សហជីព សហគមន៍ និងក្រុមអង្គការសង្គមស៊ីវិលសរុប៥០ស្ថាប័ន ប្រកាសគាំទ្រការធ្វើពហិកាក្រុមហ៊ុនកាពីតូល ហើយអំពាវនាវឲ្យសាធារណជនទូទៅចូលរួមការធ្វើពហិការនេះ ដោយក្រុមសង្គមស៊ីវិលអះអាងថា ដោយសារក្រុមហ៊ុននេះបានរំលោភសិទ្ធិការងារ និងបង្ក្រាបការតវ៉ារបស់បុគ្គលិក។

ក្នុងសេចក្ដីថ្លែង​ការណ៍​រួមរបស់ស្ថាប័នទាំង៥០ ក្រុមសហជីព សហគមន៍ និងអង្គការសង្គមស៊ីវិលនោះបញ្ជាក់ថា ការប្រកាសធ្វើពហិកានេះជាការឆ្លើយតបទៅនឹងការវាយប្រហារ «ដ៏ឃោរឃៅ» ទៅលើការតវ៉ារបស់ក្រុមអតីតអ្នកបើកបរឲ្យរថយន្តកាពីតូល កាលពីថ្ងៃទី៦ ខែកុម្ភៈ។

កាលពីថ្ងៃទី៦ ខែកុម្ភៈ ព្រឹត្តិការណ៍ហិង្សាមួយបានផ្ទុះឡើងនៅមុខស្នាក់ការក្រុមហ៊ុនកាពីតូលជិតផ្សារអូឬស្សីក្នុងរាជធានីភ្នំពេញ។ ការប៉ះទង្គិចនោះកើតឡើងរវាងអតីតអ្នកបើកបររថយន្តដែលក្រុមហ៊ុនបានបញ្ឈប់ពីការងារ និងសមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា។

ក្នុងសេចក្ដីថ្លែងការណ៍​នៅថ្ងៃនេះ ក្រុមសង្គមស៊ីវិលបានលើកឡើងជាថ្មីពីការថ្កោលទោសរបស់ខ្លួន ពាក់ព័ន្ធនឹងហិង្សាកាលពីថ្ងៃទី១៦ ខែកុម្ភៈ ដែលក្រុមសង្គមស៊ីវិលអះអាងថា បង្កឡើងដោយភាគីសមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា។ ក្រុមសង្គមស៊ីវិលក៏បានទទូចឲ្យសាលាដំបូងរាជធានីភ្នំពេញចាត់វិធានការ ដើម្បីធានាឲ្យអ្នកដែលក្រុមសង្គមស៊ីវិលចោទថាជាអ្នកបង្ក ទទួលខុសត្រូវចំពោះអំពើហិង្សានោះផងដែរ។

យ៉ាងណាក៏ដោយ ប្រធានសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាលោក ឯ សុភាស់ កាលពីកន្លងទៅ បានច្រានចោលការចោទប្រកាន់ និងព្រមានថាពួកគេនឹងប្រមូលផ្តុំគ្នាមុខស្នាក់ការអង្គការសិទ្ធិមនុស្សមួយចំនួនដែលចោទសមាគមនេះថាជាអ្នកប្រើហិង្សា។ លោកបានអះអាងទៀតថា ការផ្ទុះហិង្សាពេលនោះបង្កឡើងដោយអ្នកតវ៉ា ដោយសារតែពួកគេព្យាយាមរារាំងមិនឲ្យរថយន្តក្រុមហ៊ុនកាពីតូលចេញដំណើរ។ ជាងនេះទៅទៀតលោកថា ការដែលសមាជិកលោកប្រឈមមុខទៅនឹងក្រុមអ្នកតវ៉ាលោកថាសមាគមលោកបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនកាពីតូលក្នុងការដឹកភ្ញៀវប្រកបដោយសុវត្ថិភាព។

ចំណែកតំណាងក្រុមហ៊ុនកាពីតូលក៏ធ្លាប់អះអាងថា ក្រុមហ៊ុននេះមិនជាប់ពាក់ព័ន្ធនឹងទិញទឹកចិត្តសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជានេះឲ្យការពារសុវត្ថិភាពក្រុមហ៊ុនខ្លួនក្រោយផ្ទុះវិវាទជាមួយអតីតបុគ្គលិកដែលបានបញ្ឈប់នោះដែរ។ តំណាងក្រុមហ៊ុនក៏បានអះអាងដែរថា ក្រុមហ៊ុនបណ្ដេញអ្នកបើកឡានប្រមាណ៥០នាក់នាពេលកន្លងមកនោះ គឺដោយសារតែពួកគេធ្វើខុសបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនដូចជាលួចដាក់ភ្ញៀវតាមផ្លូវជាដើម។

អង្គការសមាគមដែលចូលរួមធ្វើសេចក្ដីថ្លែងការណ៍រួម​ក្នុង​ថ្ងៃ​នេះមានដូចជា សម្ព័ន្ធគណនេយ្យសង្គមកម្ពុជា ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការលីកាដូ អង្គការអាដហុក សហគមន៍ប៊ូឌីញ សហគមន៍ដីធ្លីបឹងកក់ សហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា (CTWF) ព្រមទាំងអង្គការ សមាគមន និងសហជីពផ្សេងទៀត។

គួរបញ្ជាក់ថា ក្រោយការប៉ះទង្គិចកាលពីថ្ងៃទី៦ ខែកុម្ភៈ ភាគីអ្នកតវ៉ាប្រឆាំងក្រុមហ៊ុនអះអាងថាពួកគេយ៉ាងតិច១៤នាក់រងរបួសធ្ងន់ក្នុងនោះ អ្នកខ្លះបាក់ដៃខ្លះទៀតបែកក្បាលចំណែកបុរសពីរនាក់ទៀតដែលរងរបួសត្រូវសមត្ថកិច្ចខណ្ឌ៧មករាចាប់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ