ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិឲ្យដឹងថា រដ្ឋមន្រ្ដីការបរទេសលោក ហោ ណាំហុង នឹងទៅចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន (The ASEAN Foreign Minister’s Retreat) នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទី២៦ និង២៧ ខែកុម្ភៈ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញថ្ងៃអង្គារនេះ ក្រសួងការបរទេសឲ្យដឹងថា កិច្ចប្រជុំនោះនឹងពិភាក្សាអំពីការពង្រឹងសហគមន៍អាស៊ានដែលក្នុងចំណោមនោះរួមមានការអនុវត្ដផែនការលម្អិតនៃសហគមន៍សន្ដិសុខនយោបាយអាស៊ាន២០២៥ ចក្ខុវិស័យសហគមន៍អាស៊ាន២០២៥ និងផែនការលម្អិតទាំង៣របស់សហគមន៍។ សេក្ដីប្រកាសព័ត៌មានបន្តថា កិច្ចប្រជុំនេះក៏នឹងពិភាក្សាពីទំនាក់ទំនងអន្ដរជាតិ និងតួនាទីស្នូលរបស់អាស៊ាននៅក្នុងនិម្មាបនកម្ម (ស្ថាបត្យកម្ម) តំបន់ និងមានការផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្ដរជាតិ។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងដែរថា នៅក្នុងដំណើរទស្សនកិច្ចនោះ លោក ហោ ណាំហុង ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក វីវៀន បាឡាក់គ្រីសណាន់ (Vivian Balakrishnan) រដ្ឋមន្រ្ដីការបរទេសសិង្ហបុរីផងដែរ៕