នៅប៉ុន្មានថ្ងៃនេះពលរដ្ឋច្រើនរយនាក់នៅភូមិមួយជាប់រាជធានីភ្នំពេញបានប្រមូលកូនចៅទៅពិនិត្យឈាមនៅមណ្ឌលសុខភាពក្នុងតំបន់ដែលគេរស់នៅក្រោយពីមានព័ត៌មានថាពួកគេជិត២០នាក់នៅក្នុងភូមិនោះត្រូវគ្រូពេទ្យប្រាប់ថាបានផ្ទុកមេរោគអេដស៍។ គាត់បន្តថា៖ “ចេះតែឮល្បីៗថាបងប្អូនយើងពីរបីនាក់ហ្នឹងគាត់កើត[អេដស៍]ចាស! ដល់ឥឡូវហ្នឹងចេះមកជួសទៅបានអង្គការចុះមកជួសហើយចេះតែជួសទៅចាស! ចង់ដឹងលទ្ធផលគឺថាក្រុមគ្រួសារខ្ញុំហ្នឹងអត់មានទេខ្ញុំសប្បាយរីករាយណាស់”។
នៅមិនឆ្ងាយប៉ុន្មានពីផ្សារព្រែកភ្នៅតែនៅត្រើយម្ខាងនៃទន្លេប៉ែកខាងកើតភូមិនោះឈ្មោះថាភូមិពាម ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
ភូមិពាម ពេលនេះសំបូរទៅដោយមន្ត្រីជំនាញផ្នែកសុខាភិបាលកំពុងមមាញឹកចុះពិនិត្យឈាមស្វែងរកអ្នកមានផ្ទុកមេរោគអេដស៍នៅតំបន់នោះ។
សំឡេងអ៊ឺងកងរបស់អ្នកភូមិលាយឡំនឹងសម្រែកក្មេងយំពេលគ្រូពេទ្យចាក់ម្ជុលទម្លុះម្រាមដៃពួកគេយកឈាមយកមកពិនិត្យ រកមេរោគអេដស៍នេះធ្វើឲ្យភូមិនៅជាប់មាត់ទន្លេដែលធ្លាប់ត្រូវប៉ាន់ដីមួយនេះសំបូរទៅដោយអ្នកសារព័ត៌មានតាមផ្តិតយករូបភាពនៃព្រឹត្តិការណ៍ផ្ទុះមេរោគអេដស៍នេះ។
អ្នកភូមិដែលស្ម័គ្រចិត្តមកពិនិត្យឈាមបានឲ្យអ្នកសារព័ត៌មានVODដឹងប្រហាក់ប្រហាក់ប្រហែលគ្នាថាពួកគេមិនទាន់ដឹងថាការផ្ទុះមេរោគអេដស៍នៅភូមិនោះមកពីអ្វីពិតប្រាកដទេ។
ប៉ុន្តែពួកគេបានអះអាងពីទម្លាប់របស់អ្នកភូមិថាប្រុសៗមួយចំនួនក្រោយពីលក់ដីបានថ្លៃកាលពីច្រើនឆ្នាំមុនពួកគេច្រើនទៅរកសេវាកំសាន្តនៅក្រៅផ្ទះចំណែកឪពុកម្តាយចាស់ៗនិងស្ត្រីមេផ្ទះពេលមានជម្ងឺពួកគេថាភាគច្រើនទៅព្យាបាលនៅគ្រូពេទ្យឯកជនដែលនៅជិតនោះ។
ពួកគេថា៖ “ពេលដែលយើងឈឺយើងទៅរកពេទ្យចាក់ ណាស់ត្រង់អាប្រកាណាមួយ(ឆ្លងជម្ងឺអេដស៍)យើងអត់ដឹង។ ពេទ្យឯកជនថ្លៃមែនតែវាឆាប់ដូចថាទៅអញ្ចឹងប្រហែលជា១០នាទីអីគេហៅចូលចាក់ហ្នឹងហើយដូចពេទ្យរដ្ឋវិញមួយម៉ោងទៅពីរម៉ោងអីណោះចាំលេខចាំឈ្មោះអត់ចង់មើលទេ ហើយថាមិនស្រួលបើយើងទៅសួរច្រើនស្តីឲ្យទៀត”។
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺសើស្បែកនិងកាមរោគនៃក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត លី ពេញស៊ុន ដែលចុះពិនិត្យនៅតំបន់នោះឲ្យដឹងថាសំណាកឈាមដែលសង្ស័យថាមានផ្ទុកមេរោគអេដស៍លោកថានឹងត្រូវបញ្ជូនទៅពិនិត្យបន្ថែមនៅមន្ទីរពេទ្យបង្អែកសម្តេចឪ។ លោកថានៅមន្ទីរពេទ្យនោះមានទាំងសេវាថែទាំអ្នកផ្ទុកមេរោគអេដស៍ទៀតផង។
ប៉ុន្តែលោកមិនបានប្រាប់ឲ្យដឹងថាការផ្ទុះមេរោគអេដស៍នៅតំបន់នោះកើតចេញពីមូលហេតុអ្វីពិតប្រាកដទេ។ លោកបន្ថែមថា៖ “គឺយើងអត់ដឹងៗ ប៉ុន្តែតាមអ្នកវិទ្យាសាស្ត្រវាអាចឆ្លងតាមការរួមភេទអាចតាមការប្រើសារ៉ាងម្ជុលរួមគ្នា អាចឆ្លងពីម្តាយទៅកូន ឬអាចមកពីការបញ្ចូលឈាមអីជាដើមមកដល់ឥឡូវយើងអត់ដឹងៗ”។
បើតាមលោក លី ពេញស៊ុន ឲ្យដឹងដែរថាគិតត្រឹមថ្ងៃទី២២ខែកុម្ភៈក្នុងចំណោមអ្នកមកពិនិត្យឈាមជិត៣០០នាក់លោកថា រកឃើញមានអ្នកផ្ទុកមេរោគអេដស៍១៨នាក់ហើយ។
បើតាមមេឃុំសំបូរមាស លោកស្រី ណែម យ៉ង់ អះអាងថាភូមិពាមមានពលរដ្ឋជាង១០០០នាក់រស់នៅដូចនេះបើគិតត្រឹមថ្ងៃទី២២ខែកុម្ភៈពលរដ្ឋជាង៧០០នាក់ទៀតនៅមិនទាន់បានមកពិនិត្យឈាមនៅឡើយ។
ហើយមេឃុំរូបនោះក៏អះអាងដែរថាមិនទាន់ដឹងពីមូលហេតុនៃការផ្ទុះមេរោគអេដស៍នេះដូចគ្នា។ នៅឆ្នាំ២០១៥មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលក៏បានរកឃើញករណីផ្ទុះមេរោគអេដស៍ស្រដៀលគ្នានេះនៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
ករណីផ្ទុះមេរោគអេដស៍នៅភូមិរកានេះមន្ត្រីជំនាញរកឃើញថាមានអ្នកភូមិជិត៣០០នាក់បានឆ្លងមេរោគអេដស៍តគ្នាដែលក្រសួងថាតាមរយៈនៃការព្យាបាលគ្មានជំនាញច្បាស់លាស់ពីគ្រូពេទ្យភូមិម្នាក់។
គ្រូពេទ្យនោះឈ្មោះ យ៉ែម ជ្រិន ត្រូវតុលាការបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២៥និងពិន័យជាប្រាក់៥លានរៀលនិងបង្គាប់ឲ្យសងជម្ងឺចិត្តដល់ជនរងគ្រោះ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក កែម ឡី លើកឡើងថាការផ្ទុះមេរោគអេដស៍ផ្ទួនៗនេះបង្ហាញថារដ្ឋាភិបាលបានបរាជ័យនិងការទប់ស្កាត់ការជួញដូរមនុស្ស ទប់ស្កាត់ចំណាកស្រុក និងចរាចរណ៍គ្រឿងញៀនជាដើមដែលលោកថា កត្តាទាំងនោះជាប្រភពចំឡងមេរោគអេដស៍។
លោកបន្តថា៖ “តាមពិតទៅបទអន្តរាគមន៍ស្តីពីការទប់ស្កាតមេរោគអេដស៍វាបរាជ័យតាំងពីឆ្នាំ២០១១ដោយសារតែយើងបង្កើតច្បាប់ប្រឆាំងការជួញដូមនុស្សផ្លូវភេទដោយបិទបនបិទកន្លែងកំសាន្តសប្បាយមួយចំនួនអញ្ចឹងវាត្រូវបែកសំបុក។ បើបែកសំបុកបទអន្តរាគមន៍មួយចំនួនស្តីពីការទប់ស្កាត់ហ្នឹងអត់មានប្រសិទ្ធភាពពិសេសកម្មវិធីស្រោមអនាម័យ១០០%ហ្នឹង ត្រូវបរាជ័យទាំងស្រុង។ ទី២ដោយសារមានការរីករាលដាលនៃគ្រឿងញៀនរីកទៅដល់ផ្ទះពលរដ្ឋគ្រប់ទិសទីក្មេងដែលប្រើប្រាស់គ្រឿងញៀនទាំងចាក់ទាំងលេបពិសេសការចាក់ហ្នឹងមានការឆ្លងមេរោគអេដស៍ខ្ពស់ណាស់ហើយមជ្ឈមណ្ឌលប្រយុទ្ធជម្ងឺអេដស៍សើស្បែកនិងកាមរោគគាត់ដឹងច្បាស់ណាស់”។
ប៉ុន្តែសម្រាប់មន្ត្រីក្រសួងសុខាភិបាលលោក លី ពេញស៊ុន វិញថាចំនួនរកឃើញថ្មីនេះអាចជាចំនួនមួយដែលលោកថា ក្រសួងបានព្យាករណ៍ទុកថាអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាអាចមានដល់៧ម៉ឺន៤ពាន់នាក់។ លោកថាពេលនេះអ្នកផ្ទុកមេរោគដែលស្ថិតក្រោមការមើលថែរបស់ក្រសួងមានតែ៥ម៉ឺន៧ពាន់នាក់ប៉ុណ្ណោះ ដូចនេះលោកថាជាង១០ភាគរយទៀត ក្រសួងកំពុងស្វែងរកយកមកព្យាបាល។
លោកបន្ថែមថា៖ “ឥឡូវនេះយើងបើកយុទ្ធនាការរកអ្នកឆ្លងថ្មីព្រោះថាយើងរកបានទទួលការព្យាបាលជាង៨០%ហើយទូទាំងប្រទេសហើយយើងនៅតែរកអ្នកឆ្លងថ្មីៗដើម្បីលុបបំបាត់ការឆ្លងថ្មី។ កាលណាគាត់ទទួលការព្យាបាលហើយគាត់នឹងមិនចម្លងទៀតទេអញ្ចឹងបានជាយើងខំប្រឹងប្រែងរកគ្រប់ស្រុកប្រតិបត្តិទាំងអស់មិនមែនតែទីនេះទេ”។
លោក កែម ឡី លើកឡើងថាការផ្ទុះមេរោគអេដស៍ជាថ្មីនេះអាចថាកន្លងទៅរដ្ឋាភិបាលមានមោទនាភាពហួសហេតុ ពីភាពជោគជ័យរបស់ខ្លួនលើយន្តការទប់ស្កាត់ការឆ្លងជម្ងឺអេដស៍នេះ ហើយភ្លេចគិតពីអានុសាសន៍របស់សង្គមស៊ីវិលដែលបានក្រើនរំឭកឲ្យប្រយ័ត្នរលកថ្មីនៃជម្ងឺនេះ។ លោកថា៖ “តាមពិតទៅអារលកទី២នៃរោគសញ្ញានៃការឆ្លងមេរោគអេដស៍ហ្នឹង មានរោគសញ្ញាតាំងពីឆ្នាំ២០១១។ ប៉ុន្តែយើង[រដ្ឋាភិបាល]បែរជាថាអ្នកដែលថាមានរលកទី២បែរជាថាកាលហ្នឹងខ្ញុំនិងឯកឧត្តម ទៀ ផល្លា ហ្នឹងរិះគន់ផ្ទាល់ដែរថានឹងមានរោគសញ្ញារលកទី២ ប៉ុន្តែត្រូវបានរដ្ឋាភិបាលហ្នឹងថាយើងជាអ្នកប្រឆាំងទៅវិញ។ កន្លែងហ្នឹងដែលជាហេតុផលហើយក៏ជោគជ័យទៅ។ ដល់ពេលជោគជ័យទៅម្ចាស់ជំនួយដៃគូអភិវឌ្ឍន៍អីលែងផ្តល់ជំនួយទៅ“។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមរូបនេះជំរុញឲ្យរដ្ឋាភិបាលបើកការស្រាវជ្រាវលើពលរដ្ឋទូទៅឡើងវិញដោយមិនធ្វើការសិក្សាស្រាវជ្រាវតែលើអ្នករកស៊ីផ្លូវភេទនិងអ្នកប្រើប្រាស់គ្រឿងញៀន។ លោកថាពេលបានទិន្នន័យជាក់ស្តែងត្រូវប្រកាសជាផ្លូវការស្វែងរកកិច្ចសហការពីដៃគូអភិវឌ្ឍន៍ឡើងវិញ។
ទោះជាយ៉ាងណាអ្នកភូមិពាមជាប់រាជធានីភ្នំពេញនោះគឺលោក អ៊ុក ស៊ួស អាយុ៦៦ឆ្នាំដែលបានពិនិត្យឈាមដែរនោះអះអាងថាពលរដ្ឋខ្លួនឯងក៏ត្រូវយល់ដឹងពីវិធីបង្ការនិងទប់ស្កាត់ជម្ងឺអេដស៍នេះដោយខ្លួនឯងជាជាងពឹងផ្អែកតែលើរដ្ឋាភិបាល៕