សកម្មជនអារ៉ែងលោក អាឡិច ស្នើនាយករដ្ឋមន្ត្រីឲ្យ​ជួយលោកបានវិលមកកម្ពុជាវិញ

សកម្មជន​អារ៉ែងជនជាតិអេស្បាញ លោក អាឡិច កាល​នៅ​ប្រទេស​កម្ពុជា​ (រូប​ពី​ហ្វេសប៊ុក​លោក អាឡិច)

សកម្មជន​អារ៉ែងជនជាតិអេស្បាញ លោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន(Alejandro Gonzalez Davidson) អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយសម្រួលឲ្យលោកបានវិលត្រឡប់មកកម្ពុជាវិញ ដោយលោកថាដើម្បីមានឱកាសចូលបំភ្លឺនៅតុលាការខេត្តកោះកុងដែលបានចោទប្រកាន់លោកពីបទសមគំនិតជាមួយសកម្មជនអារ៉ែងបីនាក់ផ្សេងទៀត។

សកម្មជនចលនាមាតាធម្មជាតិ៣នាក់រួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៥ ដោយចោទប្រកាន់ពីបទគំរាមកំហែងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ហើយលោកអាឡិចត្រូវតុលាការខេត្តកោះកុងចោទលោកពីបទសមគំនិត។

ក្នុងវីឌីអូឃ្លីបមួយដែលលោកបានថតកាលពីថ្ងៃទី២២ ខែកុម្ភៈ និងត្រូវបានលោកបង្ហោះនៅលើទំព័ត៌ហ្វេសប៊ុករបស់លោកនៅថ្ងៃពុធនេះ លោក អាឡិច លើកឡើងថា លោកនឹងទៅដាក់ពាក្យស្នើសុំទិដ្ឋាការមកកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗ ដោយលោកអំពាវស្វែងរកជំនួយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យលោកបានវិលមកកម្ពុជាវិញផងដែរ។

លោកបន្តថាកាវិលមកកម្ពុជាវិញនេះ ក្នុងគោលបំណងមកឆ្លើយបំភ្លឺទៅនឹងការចោទប្រកាន់របស់តុលាការខេត្តកោះកុង ដែលបានចោទលោកថាបានសមគំនិតជាមួយសកម្មជនអារ៉ែងបីរូបផ្សេងទៀត។ លោកបានហៅការចោទប្រកាន់របស់តុលាការថាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់។

លោក អាឡិច មានប្រសាសន៍ថា៖ “ខ្ញុំសូមបញ្ជាក់ថាខ្ញុំមិនគេចវេស ហើយខ្ញុំរីករាយក្នុងការចូលរួមក្នុងសវនាកាដើម្បីបំភ្លឺទៅនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ…ដូច្នេះខ្ញុំសូមអំពាវនាវដល់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជួយសម្រួលឲ្យខ្ញុំបានចូលបំភ្លឺនៅតុលាការ”

វីអូឌី(VOD) មិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បាននៅឡើយទេនៅរសៀលថ្ងៃពុធនេះ ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។

មេធាវីការពារក្តីឲ្យលោក អាឡិច គឺលោក សំ ចំរើន បានប្រាប់វីអូឌីនៅរសៀលនេះថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុងបានបញ្ចប់ការស៊ើបអង្កេតករណីលោក អាឡិច ហើយ និងបានបញ្ជូនសំណុំរឿងនេះទៅកាន់ចៅក្រមជំនុំជម្រះ។ ទោះយ៉ាងណាលោកថា កាលពីសប្តាហ៍មុន លោកបានដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍វិនិច្ឆ័យ ដើម្បីជំទាស់នឹងដីកាបញ្ជូនសំណុំរឿងជំនុំជម្រះនេះ មុននឹងសាលាដំបូងខេត្តកោះកុងដាក់កាលបរិច្ឆេទជំនុំជម្រះករណីលោក អាឡិច។

លោកបន្ថែមថា៖ “ជាធម្មតា កាលណាចៅក្រមស៊ើបសួរគេបិទការស៊ើបសួរ គេចេញដីការដំណោះស្រាយបញ្ជូនអាឡិចទៅជំនុំជម្រះ តាមរយៈដីកាបញ្ជូនរឿងជំនុំជម្រះ បញ្ជូនរឿងជំនុំជម្រះមានឈ្មោះ អាឡិច យើងគិតថា អាឡិច មិនគួរត្រូវបញ្ជូនទៅជំនុំជម្រះទេ អីចឹងហើយបានយើងប្តឹង[មិនពេញចិត្ត]នឹងដីការហ្នឹងយល់ទេ អាហ្នឹងគេហៅថាការប្តឹងឧទ្ធរណ៍នឹងដីការបញ្ជូនរឿងជំនុំជម្រះហ្នឹង”

សព្វថ្ងៃនេះ លោក អាឡិច ត្រូវរដ្ឋាភិបាលកម្ពុជាបញ្ចូលក្នុងបញ្ជីខ្មៅ ហាមមិនឲ្យចូលប្រទេសកម្ពុជានោះទេ បន្ទាប់ពីជនជាតិអេស្បាញរូបនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ខែ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជាភ្លាមៗ ក្រោយពីរដ្ឋាភិបាលមិនព្រមបន្តទិដ្ឋាការឲ្យលោក។ ការចាប់បញ្ជូនខ្លួនលោកអាឡិចធ្វើឡើងបន្ទាប់ពីលោកបានចូលរួមយ៉ាងសកម្មប្រឆាំងនឹងការធ្វើទំនប់វារីអគ្គិសនីតំបន់អារ៉ែងនិងការបូមខ្សាច់នៅខេត្តកោះកុង។

ទាក់ទងនឹងការបណ្តេញលោក អាឡិច ចេញពីប្រទេសកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់លើកឡើងថាលោក អាឡិច បានប្រឆាំងនឹងអាជ្ញាធរសាធារណៈ និងបានរារាំងដល់ការសិក្សានៅតំបន់អារ៉ែងមុនឈានទៅដល់ការស្ថាបនាទំបន់វារីអគ្គិសនី។ លោក អាឡិច បានមករស់នៅលើទឹកដីកម្ពុជានេះជាង១០ឆ្នាំ និងចេះនិយាយភាសាខ្មែរ បានយ៉ាងច្បាស់លាស់ ព្រមទាំងបានបង្កើតសមាគមការពារព្រៃឈើមួយឈ្មោះថាមាតាធម្មជាតិដែលមានសមាជិកភាគច្រើនជាជនជាតិដើមភាគតិចនៅតំបន់អារ៉ែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered