អង្គការអន្តរជាតិមួយថា កម្ពុជានៅតែមានការរឹតបន្តឹងលើសិទ្ធិបញ្ចេញមតិ និងការប្រមូលផ្ដុំ

ការ​ប៉ះទង្គិចគ្នា​រវាង​សមត្ថកិច្ច​ជា​មួយ​កម្មការ​ទាមទារ​ដំឡើង​ប្រាក់កាល​ពី​ដើម​ឆ្នាំ​២០១៤

អង្គការលើកលែងទោសអន្តរជាតិ(Amnesty International) លើកឡើងថា និទណ្ឌភាព និងការរឹតបន្តឹងលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការប្រមូលផ្ដុំដោយសន្តិនៅតែបន្តកើតមាននៅក្នុងប្រទេសកម្ពុជា។

ក្នុងរបាយការណ៍ប្រចាំឆ្នាំ២០១៥/២០១៦របស់ខ្លួនចេញផ្សាយនៅថ្ងៃនេះពុធនេះ អង្គការលើកលែងទោសអន្តរជាតិលើកឡើងពីករណីមួយចំនួនដូចជា ការចាប់ខ្លួនសកម្មជនដីធ្លី និងគណបក្សប្រឆាំងក្នុងឆ្នាំ២០១៤ និង២០១៥ ព្រមទាំងការចាប់ខ្លួនសមាជិកព្រឹទ្ធសភាម្នាក់របស់គណបក្សប្រឆាំងគឺលោក ហុង សុខហួរ សម្រាប់ការបង្ហោះវីដេអូនិយាយពីសន្ធិសញ្ញារវាងកម្ពុជាជាមួយវៀតណាម។ របាយការណ៍បន្តថា សកម្មជនមួយចំនួនត្រូវបានលើកលែងទោស ឬដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នបន្ទាប់ពីមានកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សឈ្នះឆ្នោតទាំង២។

របាយការណ៍ក៏បានលើកឡើងពីការចាប់ខ្លួនសកម្មជនការពារធនធានធម្មជាតិនៅក្នុងខេត្តកោះកុង និងការផ្សឹក និងឃុំព្រះកាយព្រះសង្ឃដែលសកម្មក្នុងការតវ៉ាចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣មក រួមទាំងការតវ៉ាពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។
អង្គការលើកលែងទោសអន្តរជាតិក៏បានលើកឡើងផងដែរថា មិនមាននរណាម្នាក់បានទទួលខុសត្រូវសម្រាប់ការបង្ក្រាបលើការប្រមូលផ្ដុំដោយសន្តិវិធីក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ ក្នុងនោះមនុស្ស៦នាក់ត្រូវបានសម្លាប់ “ដោយសារការប្រើប្រាស់ហួសហេតុដោយពុំចាំបាច់”។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់កម្ពុជាលោក ម៉ក់ សម្បត្តិ ច្រានចោលពីការលើកឡើងរបស់របាយការណ៍នេះ ដោយលោកអះអាងថា កម្ពុជាមិនដែលបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋនោះទេ តែលោកថា ការបញ្ចេញមតិទាំងនោះត្រូវគោរពតាមច្បាប់។
លោកមានប្រសាសន៍ថា៖ “មិនមែនយើងចេះតែថា បញ្ចេញមតិទៅដើរជេរគេ បញ្ចេញមតិទៅបំផ្លាញទ្រព្យសម្បត្តិឯកជនរបស់គេ។ ហើយកន្លងមកបញ្ចេញមតិអីមានដំបង មានឧបករណ៍មានអី បញ្ចេញមតិទៅបិទផ្លូវសាធារណៈ រំខានដល់គេអត់ហ៊ានមកធ្វើការអីចឹងសព្វបែបយ៉ាងហ្នឹង វាមិនមែនជាសេរីភាពបញ្ចេញមតិទេ ទៅជាកុបកម្មទៅជាបង្កអសន្តិសុខក្នុងសង្គម។ ប្រទេសណាក៏គេអនុវត្តទៅតាមផែនការរបស់គេដែរ…ធានាសុវត្ថិភាពសន្តិសុខសម្រាប់មនុស្សទូទៅ”

លោក ម៉ក់ សម្បត្តិ អះអាងដែរថា ពាក់ព័ន្ធនឹងការប៉ះទង្គិចដែលបណ្ដាលឲ្យមានមនុស្សស្លាប់នាពេលកន្លងមក ក្រសួងមហាផ្ទៃបានបង្កើតគណៈកម្មការមួយដើម្បីធ្វើការស៊ើបអង្កេត ព្រមទាំងបានធ្វើការឃាត់ខ្លួនមនុស្សមួយចំនួនរួចហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ