ក្រសួងសុខាភិបាលថាមិនមានការផ្ទុះករណីឆ្លងមេរោគអេដស៍នៅខេត្តកណ្តាលនោះទេ

ការពិនិត្យ​ឈាម​រកមេរោគអេដស៍នៅខេត្តកណ្តាលកាលពីថ្ងៃទី​២២ខែកុម្ភៈ ក្រោយពីមានព័ត៌មានថា​ពលរដ្ឋច្រើននាក់ត្រូវបានរកឃើញ​ថា​មានផ្ទុកមេរោគអេដស៍

ក្រសួង​សុខា​ភិបាលនិង​អង្គការ​អន្តរជាតិខាងផ្នែក​សុខភាព​​​ឲ្យ​ដឹង​ថា​មនុស្ស​៤នាក់​ប៉ុណ្ណោះ​ដែលត្រូវ​បាន​រកឃើញ​ថា​ឆ្លង​មេរោ​គ​អេដស៍​នៅ​ឃុំ​សំបួរ​មាស ស្រុក​មុខ​កំពូល​ ខេត្ត​កណ្តាល ដោយ​ចាត់​ទុក​ថា​នេះ​មិនមែន​​ជា​ករណីផ្ទុះនៃ​ការឆ្លងមេរោគ​អេដស៍នោះទេ។

នៅក្នុងសេចក្តីប្រកាស​ព័ត៌មាន​មួយ​បស់​ក្រសួង​សុខាភិបា​ល​និង​អង្គការ​សុខភាពពិភព​លោក​រួមនិង​​អង្គកា​រ​​សហប្រជាជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍ដែល​ចេញផ្សាយនៅថ្ងៃពុធនេះ ក្រសួង​បាន​ឲ្យ​ដឹង​ថា​ផ្អែក​តាម​​ការចុះ​​ស្រាវជ្រាវ​នៅថ្ងៃទី​២២ខែកុម្ភៈ ក្នុង​ចំណោម​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​តេស្ត​ឈាម​រកមេរោគ​អេដស៍​ចំនួ​ន​២៧៩​នាក់ មាន​តែ​៤នាក់​ប៉ុណ្ណោះ​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍។ ក្រសួង​បន្ថែម​​ថា​ក្នុងចំណោម​អ្នកធ្វើតេស្តរកមេរោគ​អេដស៍នោះ ​មាន​ស្រ្តី​១៧១​នាក់​និង​កុមារ​ចំនួន​១១២នាក់​​។ ក្រសួង​សុខាភិបាល​បាន​ច្រាន​ចោល​​របាយការណ៍​ដែល​ថាពលរដ្ឋ​១៤នាក់​បាន​ធ្វើតេស្តឈាម​ហើយ​មានផ្ទុក​មេរោគអេដស៍។​

ក្រសួង​បញ្ជាក់ថា៖ “ទិន្នន័យនេះ​មិន​បញ្ជាក់​អំពី​​ការ​បារម្ភ​នូវ​ការ​ឆ្លង​រាល​ដាល​មេរោគ​អេដស៍​នោះទេ។​ កត្តា​នេះ​បញ្ជាក់​ពី​សារសំខាន់​នៃ​ការ​​កើន​ឡើង​នូវ​ការ​យល់​ដឹង​អំពី​ការ​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​ដោយ​ស្ម័គ្រ​ចិត្ត​និង​រក្សា​ការ​សម្ងាត់​ដែល​ជា​មធ្យោបាយ​ដ៏​សំខាន់​ក្នុងការ​បង្កើន​ការ​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ដែលមិនទាន់​ដឹង​ពី​ស្ថាន​ភាព​ខ្លួន​ឯង”។​

រដ្ឋមន្រ្តីក្រសួង​សុខាភិបាល ​លោក ម៉ម ប៊ុនហេង​ មានប្រសាសន៍​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា​៖ “​រាជ​រដ្ឋាភិបាល​នឹង​បន្ត​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ផ្តល់​ការ​គាំទ្រ​ដល់​កម្មវិធី​បង្ការ​ ថែ​ទាំព្យាបាល​ជំងឺអេដស៍​ ដោយ​បញ្ចៀស​នូវ​ការ​មាក់ងាយ​ រើសអើង​អ្នកផ្ទុកមេរោគអេដស៍​”។​

កាលពីខែមករា ឆ្នាំ​២០១៥ អង្គការដែលធ្វើការលើផ្នែក​សុខភាព ​ឈ្មោះ​ខេមរា ​បាន​ចុះ​ទៅធ្វើតេស្តឈាមប្រជា​ពលរដ្ឋ​នៅ​ឃុំ​សំបួរមាស ដោយ​រក​ឃើញ​ថា​មនុស្សជាង​១០នាក់មានផ្ទុក​មេរោគអេដស៍។​ មន្រ្តីក្រសួងសុខាភិបាល​ឲ្យ​ដឹង​ថា​ការធ្វើតេស្តឈាមនេះ​មិនបានសុំការអនុញ្ញាត​ពី​មន្ទីរសុខាភិបាលខេត្តកណ្តាល​នោះទេ​។

វីអូឌី​មិនទាន់​អាច​ទាក់ទង​អង្គការ​ខេមរា ដើម្បីសុំការ​បញ្ជាក់ភ្លាមៗបាននៅឡើយទេ។​

​កាលពីថ្ងៃទី២២ ខែកុម្ភៈ ប្រជា​ពលរដ្ឋរាប់សិបនាក់នៅស្រុកមុខ​កំពូល បាន​​ចាប់ផ្តើម​ទៅពិនិត្យឈាម នៅ​មណ្ឌលសុខភាពក្នុងភូមិពាម ឃុំសំបួរ​មាស ដោយពួកគេថាដើម្បីចង់ដឹងថាតើពួ​កគេ​មាន​ផ្ទុ​កមេរោ​គ​អេ​ដស៍ឬក៏អត់។ ការផ្អើលទៅពិនិត្យ​ឈាមនេះ ក្រោយ​ពីមានរបាយការណ៍ថា​ពលរដ្ឋ​ច្រើននាក់​បាន​ធ្វើតេ​ស្តឈា​ម​ហើយ​រកឃើញថា​មានផ្ទុកមេរោគអេដស៍។​

គួរ​បញ្ជាក់​ថា​កាលពីខែធ្នូ ឆ្នាំ​២០១៤ មាន​ករណី​​រីករាល​ដាល​ឆ្លង​មេរោគ​អេសដស៍នៅឃុំរកា ស្រុក​សង្កែ ខេត្ត​​បាត់​ដំបង ​ដែល​មាន​មនុស្ស​ប្រមណា២៩០នាក់ត្រូវបានរកឃើញ​ថា​​ផ្ទុក​មេរោគ​អេដស៍។ ករណីនេះ តុលាការបានកាត់ទោសគ្រូពេទ្យភូមិ​ម្នាក់ ឈ្មោះ ញ៉ែម ជ្រិន ឲ្យ​ជាប់គុក២៥ឆ្នាំ ដោយ​ចោទថា​ជាអ្នក​ព្យាបា​អ្នកភូ​មិធ្វេស​ប្រហែស​បង្ក​ឲ្យឆ្លង​រោគអេដស៍តគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ