ប្រជាពលរដ្ឋមួយចំនួនរិះគន់បុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្ដសៀមរាបថាធ្វើការធ្វេសប្រហែសនិងគ្មានមានជំនាញច្បាស់លាស់បណ្តាលឲ្យស្លាប់ស្ដ្រីនិងទារកនៅពេលសម្រាលកូន។
ការរិះគន់នេះក្រោយពេលដែលស្រ្តីម្នាក់បានស្លាប់នៅពេលសម្រាលកូននិងម្នាក់ទៀតទារកនៅក្នុងផ្ទៃម្ដាយខណៈពេលឆ្លងទន្លេនៅក្នុងមន្ទីរពេទ្យនោះកាលពាក់កណ្ដាលខែកុម្ភៈនេះ។
ពលរដ្ឋនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាបលោក ពៅ រដ្ឋា ប្រាប់VODនៅព្រឹកថ្ងៃពុធនេះថាភរិយាលោកអាយុ៣៣ឆ្នាំបានស្លាប់ នៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាបកាលពីចុងសប្ដាហ៍មុនដោយគ្រួពេទ្យអះអាងថាបណ្ដាលមកពីស្បូនកន្ដ្រាក់ខណៈជនរងគ្រោះឆ្លងទន្លេ។ លោកបន្ដថានៅយប់ដែលភរិយាលោកបានសម្រាលកូននោះមានគ្រូពេទ្យប្រហែលបីនាក់ប៉ុណ្ណោះដោយលោកចោទថាបុគ្គលិកពេទ្យទាំងនោះគ្មានជំនាញនិងមិនយកចិត្ដទុកដាក់ទើបបណ្ដាលឲ្យប្រពន្ធលោកស្លាប់។ លោកបន្ដថា៖ “ឆ្លងទន្លេរួចហើយកូនហ្នឹងកើតមកបានដាក់លើទ្រូងម្ដាយបានឃើញមុខឃើញអីដែរណាស់ម្ដាយហ្នឹងក៏នៅក្នុងហ្នឹងដែរកើតអីរួចរាល់គ្រូពេទ្យហ្នឹងក៏ដេញម្ដាយខ្ញុំចេញមកក្រៅដើម្បីរៀបចំសំអាត។ដល់ពេលចេញមកវាអត់ប្រាប់យើងទេឲ្យយើងផ្ដិតមេដៃដើម្បីយកប្រពន្ធខ្ញុំទៅវះកាត់គេថាស្បូនកន្ដ្រាក់វាត្រូវកាត់ស្បូនត្រូវផ្ដិតមេដៃ។ តាមមើលប្រពន្ធខ្ញុំស្លាប់ក្នុងហ្នឹងបាត់ហើយ”។
បុរសមួយរូបទៀតនៅក្រុងសៀមរាបលោក នាក់ ភិរុន អះអាងថាកូនរបស់លោកបានស្លាប់នៅក្នុងផ្ទៃម្ដាយកាលពីថ្ងៃទី០៩ខែកុម្ភៈស្របពេលភរិយាលោកឈឺពោះឆ្លងទន្លេ។ លោកបន្ដថាភរិយាលោកបានឈឺពោះតាំងពីម៉ោង៩ព្រឹកដល់ម៉ោង៤ល្ងាច ប៉ុន្ដែលោកថាទារកនោះបានស្លាប់ក្នុងផ្ទៃរួចទៅហើយ។ លោកបន្ដថាការស្លាប់ទារកក្នុងផ្ទៃនេះបណ្ដាលមកពីគ្រូពេទ្យខ្វះជំនាញនិងមិនបានតាមដានអ្នកជំងឺឲ្យបានដិតដល់។ លោកអះអាងថាភរិយាលោកមុនឈឺពោះឆ្លងទន្លេមានសុខភាពធម្មតា។លោកបន្ដថា៖ “ពេលប្រពន្ធយើងចាប់ផ្ដើមឆ្លងទន្លេវាចៃដន្យជាមួយនឹងពេទ្យឆ្មបហ្នឹងនោះគេមកកើតដែរវាបន្ទាន់គ្នាក្នុងពេលតែមួយគាត់រត់ទៅនេះទៅនោះផង។ អាត្រង់ហ្នឹងធ្វើឲ្យមានការធ្វេសប្រហែសនិយាយទៅបើតាមខ្ញុំមើលសភាពនៅពេទ្យជាការធ្វេសប្រហែសរបស់ពេទ្យទាំងស្រុង។ ខ្ញុំគិតថាបើពេទ្យមានបច្ចេកវិទ្យាខណៈបង្ការមានទុក្ខក្នុងពេលដែលអ្នកជំងឺមួយចំនួនដែលគាត់មកឆ្លងទន្លេវាមានទុក្ខចេះឬផ្ដល់យោបល់វាអត់កើតទេថាយ៉ាងម៉េចយ៉ាងម៉ាឆ្លុះមើលមុនក៏វាមិនអីដែរ”។
ករណីនេះប្រធានមន្ទីរពេទ្យបង្អែកខេត្ដសៀមរាបលោក ប៉ែន ផល្គុណ បានបដិសេធពីការចោទថាមានការធ្វេសប្រហែសពីគ្រូពេទ្យបណ្តាលឲ្យស្រ្ដីសម្រាលកូនស្លាប់។ លោកបន្ដថា៖ “ករណីស្លាប់ហ្នឹងមិនមានការធ្វេសប្រហែលអីទេគឺយើងបានប្រឹងអស់ហើយ ប៉ុន្ដែយើងជួយជីវិតមិនបាន។ យើងបានពន្យល់ប្រាប់គាត់មូលហេតុហើយតើ គាត់មកជួបយើងនៅកន្លែងធ្វើការយើងបានពន្យល់ហេតុផលដែរ”។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបលោក ក្រុស សារ៉ាត់ មានប្រសាសន៍ថាលោកមិនទាន់ទទួលបានរបាយការណ៍ពីករណីនេះនៅឡើយ។ លោកបន្ថែមថាការកើតមានបញ្ហានេះមន្ទីរពេទ្យមានគណៈកម្មការផ្នែកមរណៈភាពមាតាជាអ្នកទទួលមើលការខុសត្រូវ៕