អ្នកការទូតជាន់ខ្ពស់អាមេរិកបានប្រកាសថាលោក Ash Carter នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាជាថ្មីម្ដងទៀតនៅពេលឆាប់ៗនេះនូវអ្វីដែលគេហៅថាការរៀបចំសហប្រតិបត្តិការឲ្យកាន់តែខ្លាំងជាងមុនទៀតរវាងប្រទេសទាំងពីរចំពេលដែលប្រទេសចិនបានពង្រីកឥទ្ធិពលផ្នែកកងទ័ពរបស់ខ្លួនយ៉ាងខ្លាំងនៅអាស៊ី។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសឥណ្ឌា Richard Verma ដែលស្រង់មកចុះផ្សាយដោយសារព័ត៌មានភូមា Irrawaddy បាននិយាយថាលោក Ash Carter នឹងត្រលប់ទៅកាន់ប្រទេសឥណ្ឌាវិញនៅខែមេសាដែលជាទស្សនកិច្ចមិនបានព្រាងទុកចំពោះរដ្ឋមន្ដ្រីការពារជាតិអាមេរិករូបនេះ។
លោកឯកអគ្គរដ្ឋទូតអាមេរិកបញ្ជាក់ទៀតថាសហប្រតិបត្តិការជាមួយទីក្រុងញ៉ូដេលីគឺមិនសំដៅតែលើផ្នែកពាណិជ្ជកម្មប៉ុណ្ណោះទេតែក៏ត្រូវផ្ដោតសំខាន់ទៅលើផ្នែកយោធាផងដែរទោះបីជាប្រទេសទាំងពីរនៅរយៈពេលចុងក្រោយនេះមានការរីកចំរើនយ៉ាងខ្លាំងនៃកិច្ចសហប្រតិបត្តិការផ្នែកយោធាក៏ដោយនោះ។
ប៉ុន្ដែអ្នកសង្កេតការណ៏មើលឃើញថាអ្វីដែលធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ចូនរដ្ឋមន្ដ្រីការពារជាតិទៅប្រទេសឥណ្ឌាជាថ្មីទៀតនេះទំនងគឺអាមេរិកចង់ឃើញប្រទេសឥណ្ឌាបញ្ចេញឥទ្ធិពលកងទ័ពរបស់ខ្លួនឲ្យបានខ្លាំងនៅក្នុងតំបន់ខណៈដែលចិនបានពង្រីកឥទ្ធិពលយោធារបស់ខ្លួនកាន់តែខ្លាំងឡើងៗចំពេលដែលប្រទេសធំមួយនេះកំពុងតែមានជំលោះដែនសមុទ្រជាមួយប្រទេសក្នុងតំបន់ជាមួយគ្នា៕
ប្រភព: Irrawaddy