របាយការណ៍បង្ហាញថានគរបាលចរាចរណ៍បានឃាត់ខ្លួនអ្នកបើកបរជាង២០០នាក់ក្នុងរយៈពេល១ខែនៃការចុះត្រួតពិនិត្យការបើកបរមានជាតិស្រវឹងនៅពេលយប់ ហើយពួកគេត្រូវបានបញ្ជូនទៅតុលាការ។
របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថាចាប់ពីថ្ងៃទី២៣ ខែមករា ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នគរបាលចរាចរណ៍ឃាត់ខ្លួនអ្នកបើកបរចំនួន២១០នាក់ក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះមានអ្នកបើកបររថយន្តចំនួន៤៩នាក់និងម៉ូតូ១៦១នាក់។ របាយការណ៍បញ្ជាក់ថាពួកគេត្រូវពិនិត្យរកឃើញកម្រិតជាតិអាល់កុលចាប់ពី០,៤មីលីលីត្រខ្យល់ឡើង។
អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក សុខ ណុប ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថាអ្នកបើកបរជាង២០០នាក់ដែលបានឃាត់ខ្លួននោះមិនមានការដាក់ទោសទណ្ឌជាប់ពន្ធនាគារនោះទេ ដោយលោកថាតុលាការប្រើឆន្ទានុសិទ្ធិតម្រូវឲ្យពួកគេតម្កល់ប្រាក់២០០ដុល្លារប៉ុណ្ណោះ។
ការវាស់កម្រិតជាតិអាល់កុលរកឃើញចាប់ពី០,២៥ដល់០.៣៩ មីលីលីត្រខ្យល់ នឹងត្រូវពិន័យទៅតាមអនុក្រឹត្យលេខ៨៥ជាប្រាក់ចំនួន៣ម៉ឺនរៀលសម្រាប់ម៉ូតូនិង៦ម៉ឺនរៀលសម្រាប់រថយន្តធុនតូចនិង១២ម៉ឺន៥ពាន់រៀលសម្រាប់រថយន្តធុនធំ។ លោកបន្តថាប្រាក់ពិន័យទាំងនោះត្រូវបង់នៅអង្គភាពរបស់នគរបាលចរាចរណ៍ ចំណែកកម្រិតជាតិអាល់កុលចាប់ពី០,៤ មីលីលីត្រខ្យល់ឡើងទៅ ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ។
លោក សុខ ណុប មានប្រសាសន៍ថា៖ “កម្រិតជាតិអាល់កុលចាប់ពី០,៤០មីលីលីត្រខ្យល់ឡើងទៅ គឺនគរបាលចរាចរណ៍កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យ គឺតាមច្បាប់ពិន័យពី៨០ម៉ឺនដល់៤លានរៀលនិងជាប់ពន្ធនាគារពី១ខែទៅ៦ខែ”។
បើតាមរបាយការណ៍របស់លោក សុខ ណុប លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍រយៈពេល៥៥ថ្ងៃ គិតពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ យានយន្តចូលគោលដៅត្រួតពិនិត្យចំនួន១,៩២៣,៣៥០ គ្រឿង ក្នុងនោះមានយានយន្តល្មើសចំនួន៤០៧,៣៨៩គ្រឿង អប់រំចំនួន១៨៤,៩៦១គ្រឿងនិងពិន័យ២២២,៤២៨គ្រឿង។ ប្រាក់ពិន័យសរុបមានចំនួនជាង៤ពាន់លានរៀល(៤,១១១,០៩៥,០០០)ឬស្មើនឹងជាង១លានដុល្លារអាមេរិក។
លោក សុខ ណុប បញ្ជាក់ថាប្រាក់ពិន័យនេះនឹងត្រូវបែងចែក៩៥ភាគរយដល់អង្គភាពមានសមត្ថកិច្ចនិងមន្រ្តីអនុវត្តផ្ទាល់ ចំណែក៥ភាគរយនៅសល់ត្រូវផ្តល់ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕