អតីតសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី លោក ហុង សុខហួរ នៅព្រឹកនេះបានថ្លែងក្នុងសាលសវនាការតុលាការកំពូលថាលោកស្នើនៅក្រៅឃុំបណ្ដោះអាសន្នដោយសារលោកមានបញ្ហាសុខភាព ហើយលោកយល់ព្រមដាក់លិខិតឆ្លងដែនរបស់លោកចំនួន២និងប្រាក់មួយចំនួនសម្រាប់ការសុំនៅក្រៅឃុំ។
លោក ហុង សុខហួរ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស តាមការចោទប្រកាន់៣ករណីគឺបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
លោក ហុង សុខហួរ បានថ្លែងក្នុងបន្ទប់សវនាការថាមូលហេតុដែលលោកសុំនៅក្រៅឃុំ គឺដោយសារលោកកំពុងមានជំងឺលើសឈាមនិងមានបញ្ហាក្រពះដែលត្រូវទទួលការព្យាបាលឲ្យបានដិតដល់។ លោកបន្ថែមថា ដើម្បីជាការធានាដល់ការសុំនៅក្រៅឃុំ លោកនឹងដាក់តម្កល់លិខិតឆ្លងដែនទាំងបារាំងនិងខ្មែររបស់លោក រួមនឹងប្រាក់ចំនួន២០លានរៀល។
លោកមេធាវី ជូង ជូងី មានប្រសាសន៍ក្រោយចេញពីសាលសវនាការថាលោកសោកស្តាយដែលតុលាការតែងលើកឡើងថា លោក ហុង សុខហួរ មានបទល្មើសទាំងមិនទាន់មានសាលក្រម ឬសាលដីកាណាមួយចូលជាស្ថាពរនៅឡើយ។ លោកបន្តថាលោក ហុង សុខហួរ មានតួនាទីសំខាន់ក្នុងការអនុវត្តការងារសង្គម ហើយក៏កំពុងមានជំងឺ ដូច្នេះតុលាការគួរអនុញ្ញាតឲ្យលោកនៅក្រៅឃុំ ជាជាងឃុំខ្លួនលោកក្នុងពន្ធនាគារ។
លោកមានប្រសាសន៍ថា៖ “តួនាទីគាត់ក្នុងសង្គមវាសំខាន់ណាស់ប្រៀបធៀបទៅនឹងការចោទប្រកាន់គាត់ហ្នឹង ចឹងការចោទប្រកាន់គាត់នេះគឺរហូតមកដល់ពេលនេះគឺផ្លូវច្បាប់គាត់មិនទាន់មានការចោទប្រកាន់នៅឡើយ ចឹងឃុំខ្លួនគាត់ជាសមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិផង ឃុំខ្លួនគាត់ដែលគាត់មិនទាន់មានទោសផង ចឹងខ្ញុំមានការសោកស្តាយត្រង់ថាមនុស្សម្នាក់ដែលមានតួនាទីសំខាន់ក្នុងសង្គម ជួយធ្វើច្បាប់សម្រាប់សង្គមជាតិ បែរជាតុលាការឃុំខ្លួនដែលគាត់អត់ទាន់មានកំហុសនៅឡើយ”។

ភរិយារបស់លោក ហុង សុខហួរ គឺលោកស្រី គុណ លំអង មានប្រសាសន៍ថាប្រសិនបើស្វាមីរបស់អ្នកស្រីនៅក្រៅឃុំ នោះស្ថានភាពសុខភាពនឹងល្អប្រសើរ។
តុលាការកំពូលថានឹងប្រកាសសាលដីកាករណីនេះនៅព្រឹកម៉ោង៨ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦។
គួរបញ្ជាក់ថាលោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យចាប់ខ្លួន ដោយចោទថាក្លែងឯកសារសន្ធិសញ្ញាកម្ពុជានិងវៀតណាមនៅឆ្នាំ១៩៧៩។ ប៉ុន្តែគណបក្សសង្គ្រោះជាតិបានចាត់ទុកករណីនេះជារឿងនយោបាយ មិនមែនជាបទល្មើសជាក់ស្តែងនិងជាការសម្តែងមតិរបស់សមាជិកព្រឹទ្ធសភា។ សង្គមស៊ីវិលមួយចំនួននិងគណបក្សសង្រ្គោះជាតិចាត់ទុកករណីនេះជារឿងនយោបាយ៕