រោងចក្រ Goal Apparels ក្នុងខណ្ឌពោធិ៍សែនជ័យទទួលយកកម្មករធ្វើការវិញក្រោយការតវ៉ា

កម្មករ​រោងចក្រ Goal Apparels Limited អង្គុយមុខ​ក្រសួង​ការងារ ​រង់ចាំ​លទ្ធផលនៃ​ការ​ចរចាជាមួយ​ក្រសួង និង​ក្រុមហ៊ុន

កម្មកររោងចក្រកាត់ដេរ Goal Apparels Limited ក្នុងខណ្ឌពោធិ៍សែនជ័យ ឲ្យដឹងថា រោងចក្របានយល់ព្រមទទួលយកកម្មករដែលរោងចក្របានបញ្ឈប់នាពេលកន្លងមកឲ្យចូលធ្វើការវិញ បន្ទាប់ពីកម្មករបានធ្វើការតវ៉ាអស់៣ច្រើនថ្ងៃ។

នៅព្រឹកថ្ងៃសុក្រនេះ កម្មកររោងចក្រកាត់ដេរ Goal Apparels Limited ប្រមាណជាង១០០នាក់ បានបន្តការតវ៉ារបស់ពួកគេ ដោយនាំគ្នាទៅក្រសួងការងារទាមទារឲ្យស្ថាប័ននេះជួយអន្តរាគមន៍ករណីដែលពួកគេថាក្រុមហ៊ុនបញ្ឈប់កម្មករជាច្រើននាក់ដោយគ្មានមូលហេតុ។

កម្មករម្នាក់អ្នកស្រី សម្បត្តិ សុខណៃ ប្រាប់អ្នកសាព័ត៌មានថា ក្រោយពេលរោងចក្រប្តូរថៅកែនាពេលថ្មីៗនេះ រោងចក្របានបញ្ឈប់កម្មករជាបន្តបន្ទាប់អស់ប្រមាណជាង៨០នាក់ដោយមិនបានប្រាប់ពីមូលហេតុច្បាស់លាស់។ អ្នកស្រីបន្ថែមថា ក្រោយការបញ្ឈប់កម្មករជាបន្តបន្ទាប់រួចមក កាលពីថ្ងៃទី២៤ ខែកុម្ភៈ ពួកគាត់បាននាំគ្នាធ្វើកូដកម្មដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកកម្មករទាំងនោះចូលធ្វើការវិញ ប៉ុន្តែក្រុមហ៊ុនមិនបានទទួលយកនោះទេ ទើបពួកគេសម្រេចទៅរកក្រសួងការងារជួយដោះស្រាយ។

អ្នកស្រី សម្បត្តិ សុខណៃ មានប្រសាសន៍ថា៖ “ទាមទារកុំឲ្យក្រុមហ៊ុនបញ្ឈប់កម្មករដោយគ្មានមូលហេតុទៀត និងត្រូវទទួលយកកម្មករចូលធ្វើការងារវិញ។ រោងចក្រហ្នឹងទើបប្តូរថៅកែថ្មី ពួកខ្ញុំអត់ដឹងថាថៅកែនឹងមានគោលបំណងចង់ធ្វើដូចម្តេចទេ តែពួកខ្ញុំទាមទារកុំឲ្យថៅកែនឹងដកកម្មករបន្តទៀត”

ទោះជាយ៉ាងបើតាមតំណាងកម្មករអ្នកស្រី សិទ្ធ មករា ឲ្យដឹងថា ក្រោយការចរចាអស់រយៈពេលជាច្រើនម៉ោងក្នុងថ្ងៃនេះដោយមានការចូលរួមពីមន្ត្រីមកពីក្រសួង និងតំណាងរោងចក្ររួចមក ភាគីរោងចក្របានយល់ព្រមទទួលយកកម្មករដែលត្រូវបានបញ្ឈប់ទាំងនោះចូលធ្វើការវិញ ដោយចូលធ្វើការនៅថ្ងៃច័ន្ធសប្ដាហ៍ក្រោយ។

អ្នកស្រី សិទ្ធ មករា មានប្រសាសន៍ថា៖ “ខាងក្រុមហ៊ុនគេឯកភាពហើយ ថាឲ្យបងប្អូនដែលគេបញ្ឈប់៨៧នាក់ហ្នឹងគឺគេឲ្យចូលវិញ ហើយគេសុំកាត់លុយយើងតែមួយថ្ងៃកន្លះទេ អីចឹងគឺពួកខ្ញុំក៏ព្រម ហើយខាងក្រុមហ៊ុនស្នើឲ្យពួកយើងចូលធ្វើវិញថ្ងៃស្អែក”

បើតាមក្រុមកម្មករឲ្យដឹងថា រោងចក្រ Goal Apparels Limited មានកម្មករសរុបជាង២០០០នាក់បានចូលរួមធ្វើកូដកម្មទាំងអស់ ដោយបែងចែកគ្នាជាពីរក្រុមមានកម្មករខ្លះនៅយាមរោងចក្រ និងខ្លះទៀតទៅរកអន្តរាគមន៍នៅក្រសួងការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ