ប្រជាពលរដ្ឋក្មេងចាស់បាននាំគ្នាឈរលើផ្លូវត្រៀបត្រាដោយអ្នកខ្លះកាន់បង្គី កាន់ចប និងអ្នកខ្លះទៀតកាន់កំណាត់ឈើដើម្បីជួយកាយដុំថ្មល្អិតៗក្រាលនៅលើផ្លូវលំដែលមានទទឹងប្រមាណ៦ម៉ែត្រ។
បើទោះជាហត់បន្តិចនៅក្រោមកំដៅថ្ងៃចាំងចន្លោះម៉ោង១១និង១២ថ្ងៃត្រង់ម្នាក់ៗញើសហូរជោគខ្លួន ប៉ុន្តែពួកគេមិនបញ្ឈប់សកម្មភាពឡើយអ្នកខ្លះអូសរទេះថ្ម អ្នកខ្លះកាយថ្មក្រាលលើផ្លូវ ហើយអ្នកខ្លះទៀតកាយថ្មទម្លាក់ពីលើរថយន្តដឹកថ្ម។
ទាំងនេះជាសកម្មភាពរបស់របស់ប្រជាពលរដ្ឋនៅភូមិពោធិ៍អណ្តែត ឃុំព្រែកស្តីស្រុកកោះធំ ខេត្តកណ្តាល។ សកម្មភាពនេះជាពេលវេលាដែលពួកគាត់ធ្វើការងារសហគមន៍រួមគ្នា ហើយក៏ជាពេលដែលពួកគាត់មានពេលច្រើនក្នុងការជជែកគ្នានិង ចំអន់គ្នាលេងទៅវិញទៅមក។
យូរៗម្តងពេលរថយន្តដឹកថ្មមកដល់បុរសខ្លះដោះអាវអ្នកខ្លះស្លៀកកន្សែងរត់តាមរថយន្តដើម្បីកាយថ្មទម្លាក់លើផ្លូវ។
ផ្លូវលំនៅក្នុងភូមិពោធិ៍អណ្តែតមានប្រវែងជាង១០០០ម៉ែត្រនិងទទឹង៦ម៉ែត្រ។ ផ្លូវនេះស្ថិតនៅបណ្តោយផ្លូវជាតិលេខ២១ កើតឡើងនៅអំឡុងសម័យខ្មែរក្រហម។ ពេលធម្មតាផ្លូវនេះហុយពេលរដូវប្រាំងនិងបែកភក់រអិលនៅរដូវវស្សារហូតដល់ជិះកង់ ម៉ូតូ ឬដើរមិនរួចដោយសារស្ថានភាពស្អិតនិងរអិលពេលភ្លឿងធ្លាក់។
បញ្ហានេះអូសបន្លាយរហូតដល់ចុងឆ្នាំ២០១៥ពេលនោះប្រជាពលរដ្ឋក៏បាននាំគ្នាប្រមូលប្រាក់១គ្រួសារប្រមាណ៣ម៉ឺនរៀល ៥ម៉ឺនរៀល ឬច្រើនជាងនេះទៅតាមលទ្ធភាពជីវភាពដែលពួកគេអាចស្ម័គ្របរិច្ចាគឲ្យបាន។
ផ្លូវនេះមានចាក់ដីបន្ថែមខ្លះ ហើយមានការក្រាលថ្មដុំធំបន្តិច និងក្រាលថ្មល្អិតតូចៗបន្ថែមពីលើបានចំណាយអស់ប្រមាណជិត១០លានរៀលជាលុយបានពីការរៃអង្គាសពីប្រជាពលរដ្ឋនៅក្នុងភូមិនិងសប្បុរសជននៅក្រៅភូមិមួយចំនួន។
ប្រជាពលរដ្ឋនៅក្នុងភូមិនិងអ្នកដំណើឆ្លងកាត់ភូមិនេះបានសម្តែងការរីករាយដោយបានផ្លូវថ្មីងាយស្រួលក្នុងការធ្វើដំណើរទាំងយប់ទាំងថ្ងៃ។ ពួកគេបន្តថា៖ “ឃើញទេ! ផ្លូវចឹងសប្បាយចិត្តម៉ង! លុយយើង លុយយើង អត់មានលុយអ្នកណាជួយ បើមានពីណាជួយយើងចេះតែយកទៅ! ឲ្យប៉ុន្មាន២០ ឬ៣០ គឺឲ្យតិចយកតិច ឲ្យច្រើនយកច្រើន”។
ផ្លូវលំនេះកសាងរួចរាល់នៅក្នុងខែមករាឆ្នាំ២០១៦ហើយប្រជាពលរដ្ឋបានរៀបចំធ្វើជាបុណ្យឆ្លងតាមប្រពៃណី។ ពួកគេបន្តទៀតថា៖ “បុណ្យសាមគ្គី កំពុងធ្វើបាយសី ធ្វើបុណ្យឆ្លងផ្លូវថ្នល់។ ផ្លូវតេជោធ្វើឲ្យមែន? លុយប្រជាជនទេអត់មានតេជោណាទេ! ផ្លូវប្រជាជនធ្វើទាំងអស់ហ្នឹង!”។
លោក ឃុយ គា មេឃុំព្រែកស្តីបានឲ្យដឹងថាសកម្មភាពដែលប្រជាពលរដ្ឋប្រមូលលុយគ្នាធ្វើផ្លូវនេះមិនមែនមានតែនៅភូមិពោធិ៍អណ្តែតមួយទេគឺភូមិផ្សេងទៀតនៅជាប់ៗនោះក៏ប្រជាពលរដ្ឋបានធ្វើរបៀបនេះដែរដូចជាភូមិចុងព្រែក ភូមិព្រែកតាមមេម ភូមិចាស់ និងភូមិឡក្បឿងជាដើម។
លោក ឃុយ គា លើកឡើងថាបច្ចុប្បន្នតម្រូវការអភិវឌ្ឍនៅក្នុងឃុំមានច្រើនតែលុយដែលរដ្ឋាភិបាលទម្លាក់ឲ្យមិនគ្រប់គ្រាន់ ទើបអាជ្ញាធរបំផុសឲ្យប្រជាពលរដ្ឋចូលរួមបរិច្ចាគថវិកាដើម្បីកសាងផ្លូវ។ លោកបន្ថែមថា៖ “និយាយឲ្យចំទៅថវិកាដែលបានមកឃុំសង្កាត់ហ្នឹងវាតិចតួច ហើយបើតម្រូវការយើងវាច្រើនហើយថវិកាវាតិច បើផ្អែកលើតម្រូវការចេះតែធ្វើចលនាបងប្អូន ហើយសប្បុរជនក្រុមការងារអីចឹងក៏ជួយដូចជាប្រឡាយអីចឹងមានស្តារជាលក្ខណៈសហគមន៍មួយចំណែកហើយក្រសួងក៏ជួយមួយចំណែកចឹងទៅ”។
[related-box]
នៅឃុំព្រែកស្តីមានភូមិចំនួន១៥ មានពលរដ្ឋជាង៤០០០គ្រួសារ ស្មើនឹងជាង២២ម៉ឺននាក់។ ក្នុងចំណោម១៥ភូមិនេះមានភូមិចំនួន៦ដែលនៅឆ្ងាយពីផ្លូវជាតិលេខ២១ពោលគឺនៅលើផ្លូវលំដាច់ពីផ្លូវជាតិ។
កញ្ចប់លុយពីរដ្ឋាភិបាលសម្រាប់អភិវឌ្ឍន៍លោក ឃុយ គា បញ្ជាក់ថាឆ្នាំនេះឃុំព្រែកស្តីទទួលបានជាង១០០លានរៀល ហើយឃុំយកទៅប្រើទៅតាមគោលដៅដែលគិតថាជាចំណុចអទិភាព។ លោកបន្ថែមថា៖ “ឆ្នាំនេះយើងបាន១១០លានរៀល នេះយើងធ្វើផ្លូវបេតុងនៅភូមិព្រែកតាមេមទៀត យើងបានប្រជុំផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋអស់ហើយគឺកន្លែងណាដែលអទិភាពជាងយើងដាក់កន្លែងហ្នឹងទៅណា”។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកស្តីភាគច្រើនជាកសិករធ្វើស្រែនិងចំការ ហើយមួយចំនួនទៀតជាអ្នកបម្រើការងារនៅតាមស្ថាប័នឯកជននិងជាមន្ត្រីរាជការ។
លោក ឃុយ គា លើកឡើងថាការដែលពលរដ្ឋប្រមូលលុយគ្នាដើម្បីធ្វើផ្លូវនេះអាចដោយសារនេះជាតម្រូវការចាំបាច់របស់ពួកគាត់ ហើយក៏អាចបង្ហាញថាប្រជាពលរដ្ឋនៅទីនោះមានជីវភាពធូរធាច្រើនដែរ។ ប៉ុន្តែពលរដ្ឋមួយចំនួនជាកសិករនៅភូមិពោធិ៍អណ្តែតអះអាងថាពួកគេមិនមានជីវភាពធូរធាទេគឺផលិតផលកសិកម្មលក់បានថោកមិនរួចថ្លៃដើមនៃការដាំដុះផងតែដោយសាររង់ចាំគម្រោងរបស់រដ្ឋាភិបាលយូរពេក ហើយជួបការលំបាកក្នុងការធ្វើដំណើរទើបពួកគាត់នាំគ្នារៃអង្គាសប្រាក់ ដើម្បីធ្វើផ្លូវដើម្បីអាចប្រើបានបណ្តោះអាសន្នរង់ចាំគម្រោងរដ្ឋធ្លាក់មកដល់នៅពេលខាងមុខ៕