នាយករដ្ឋមន្ត្រី​ថា មន្ត្រី​ជញ្ជីង​ចល័ត​នៅ​ផ្លូវ​អ្នកលឿង​ត្រូវ​ប្រឈមមុខ​ច្បាប់​

លោកនាយករដ្ឋម​ន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ស្តីបន្ទោសមន្ត្រី​របស់​ខ្លួន ករណី​បណ្តែត​បណ្តោល​ឲ្យ​រថយន្ត​ដឹកទំនិញលើស​កំណត់ បង្ក​ឲ្យ​ខូច​ស្ពាន​អ្នក​លឿង និង​ព្រមាន​ពី​វិធានការ​ច្បាប់​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ផ្លូវការរបស់​លោក​នៅ​ថ្ងៃ​ទី​២៧​ខែ​កុម្ភៈ​នេះ ដោយ​ស្តីបន្ទោស​ថា ក្រុមមន្ត្រី​ជញ្ជីង​ចល័តរបស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន នៅ​ផ្លូវ​ទៅកាន់​ស្ពាន​អ្នក​លឿង​ថា មិនបានទប់ស្កាត់​នូវ​អ្វី​ដែល​លោក​ថា កំពុង​បំផ្លាញ​ផ្លូវថ្នល់ និង​សុវត្ថិភាព​សាធារណៈ​។​

​លោកនាយក​រដ្ឋមន្ត្រី រំឭកថា មន្ត្រី​ទាំងនោះ​និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ដូច​អ្នក​ប្រព្រឹត្ត​បទល្មើស​នោះដែរ​។​

​កា​រំឭក​ឲ្យ​ចាត់វិធានកា​រ​ផ្លូវ​ច្បាប់​លើ​មន្ត្រី​ជញ្ជីង​ចល័តប្រចាំ​ផ្លូវជាតិ​លេខ​១ ទៅកាន់​ស្ពាន​អ្នក​លឿង​របស់ប្រមុខរដ្ឋាភិបាលនេះ ធ្វើឡើង​បន្ទាប់​ពី បណ្តាញ​សង្គមបាន​បង្ហោះរថយន្ត​ធន់​ធំ​មួយ​គ្រឿង ដឹក​ទំនិញ​ឡើង​ស្ពាន​អ្នក​លឿង​អត់​រួច បាន​រអិល​ចុះ​ស្ពាន​វិញ បង្ក​ឲ្យ​ខូច​ផ្នែក​ខ្លះ​នៃ​កៅស៊ូ​ថ្នល់ កាលពី​ថ្ងៃ​ទី​២៣​ខែ​កុម្ភៈ​ឆ្នាំ​២០១៦​។​

​អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក វា ស៊ឹម​សុវិយា សុំ​មិន​អត្ថាធិប្បាយ​ណាមួយលើ​វិធានការ​ផ្លូវ​ច្បាប់​លើ​មន្ត្រី ដែល​ទទួលខុសត្រូវ​នៅ​ទីនោះ​ទេ ដោយ​គ្រាន់តែអះអាងថា ក្រសួង​សាធារណៈការ និង​ក្រសួង​មហាផ្ទៃ រួម​ទាំង​អភិបាល​ខេត្ត​ចំនួន​៣ រួមមាន ខេត្ត​កណ្តាល តាកែវ និង​ព្រៃវែង បាន​សហការ​គ្នា​ធ្វើការ​ស៊ើបអង្កេត​រក​ឈ្មោះ​អ្នកបើកបរ​រថយន្ត និង​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​ឆ្លងកាត់​ស្ពាន​អ្នក​លឿង​នេះ​។

​ប៉ុន្តែ​លោក​ថា មកដល់ពេលនេះមិនទាន់​ទទួលបាន​លទ្ធផល​នៅ​ឡើយ។ ​នៅពេល​សួរ​ថា តើ​ក្រសួង​និង​សមត្ថកិច្ច និង​ស៊ើបង្កេត​លើ​ក្រុម​មន្ត្រី​ថ្លឹង​ជញ្ជីង​រថយន្ត​នៅ​តំបន់​ផ្លូវ​ទៅ​ស្ពាន​អ្នក​លឿង​ឲ្យទទួល​ខុស​ត្រូវ​ចំ​ពោះ​មុខ​ច្បាប់​ឬ​យ៉ាងណា បើ​នៅ​លើ​ហ្វេ​សប៊ុក​បង្ហោះ​រូបភាព ឃើញ​រថយន្ត​ដឹកទំនិញ​ទម្ងន់​រហូត​ដល់​ជាង​៧០​តោន​? លោក ស៊ឹម សុរិយា សុំ​មិន​បំភ្លឺ​ជុំវិញ​ករណី​នេះ ​ដោយ​លោក​ឆ្លើយ​យ៉ាងខ្លី​ថា អ្នក​ដែល​ស​សេរ​លើ​ហ្វេ​សប៊ុក​ផ្សាយ​ថា រថយន្ត​នោះ​ផ្ទុក​ទម្ងន់​ជាង​៧០​តោន​មួយគ្រឿង​បាន​បើកបរ​ឆ្លងកាត់​ស្ពាន​អ្នក​លឿង គឺ​ទម្ងន់​នោះ​មិន​ត្រឹមត្រូវ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ