ក្រសួងសាធារណការថា មន្ត្រីជញ្ជីងចល័តមិនពាក់ព័ន្ធនឹងក្រុមហ៊ុនដឹកអង្ករធ្វើឲ្យខូចស្ពានអ្នកលឿង

រថយន្តបើកបរលើសកំណត់​លើ​ស្ពានអ្នកលឿង ដែល​អ្នក​លេង​បណ្ដាញ​សង្គម​អះអាង​ថា​ ធ្វើ​ឲ្យ​ខូចស្ពាន​(រូបថតពីហ្វេសប៊ុក)

ក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា លទ្ធផលនៃការស៊ើបអង្កេតដំបូង រកឃើញថា មន្ត្រីក្រុមជញ្ជីងចល័តរបស់ក្រសួងមិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនដឹកអង្ករលើសកំណត់បង្កឲ្យខូចស្ពានអ្នកលឿងនោះទេ។

នាយកខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ជូនលោក ម៉ា ស៊ុនហួត ឲ្យVODដឹងនៅថ្ងៃទី២៨ ខែកុម្ភៈនេះថា តាមការសើបអង្កេតបឋម លោកថា ក្រុមជញ្ជីងចល័តនៅតំបន់នោះមិនជាប់ពាក់ព័ន្ធនឹងរថយន្តដឹកអង្ករដែលបង្កឲ្យខូចស្ពានអ្នកលឿងកាលពីថ្ងៃទី២៣ ខែកុម្ភៈ នោះទេ។

អ្នកនាំពាក្យរូបនោះអះអាងថា រថយន្តដឹកអង្ករនោះបានប្រើប្រាស់ផ្លូវវាងចេញពីភូមិចក្រីហេងសំរិន ឆ្ពោះទៅកាន់ភូមិក្រោលគោ និងស្ពានអ្នកលឿងតាមផ្លូវកាត់ មិនឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យនៃក្រុមជញ្ជីងចល័តឡើយ។

កាលពីថ្ងៃទី២៧ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅក្រសួងពាក់ព័ន្ធ ឲ្យចាត់វិធានការ ក្រុមហ៊ុនដឹកទំនិញលើសកំណត់ បង្កឲ្យខូចទ្រព្យសម្បតិសាធារណៈ និងបានស្តីបន្ទោសក្រុមមន្ត្រីជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្លូវទៅកាន់ស្ពានអ្នកលឿងថា មន្ត្រីទាំងនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដូចអ្នកប្រព្រឹត្តបទល្មើសនោះដែរ។ លោកបានមានប្រសាសន៍ថា៖ ”ក្រុមមន្ត្រីជញ្ជីងត្រូវបើកភ្នែកមើលឲ្យឃើញអ្វីដែលកំពុងបំផ្លាញផ្លូវថ្នល់ និងសុវត្ថិភាពសាធារណៈ ព្រោះត្រូវទទួលទោសដូចគ្នា”

លោក ស៊ុនហួត បញ្ជាក់ថា ក្រុមការងារក្រសួងពាក់ព័ន្ធដែលចុះស៊ើបអង្កេតលើករណីនេះនឹងចាត់វិធានការផ្លូវច្បាប់លើម្ចាស់ក្រុមហ៊ុន និងអ្នកបើកបរ ក្រោយពីប្រមូលព័ត៌មានចប់សព្វគ្រប់។

យ៉ាងណាក៏ដោយ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ អះអាងថា លោក ហាក់មានជំនឿតិចតួចថា ក្រុមការងារស៊ើបអង្កេតមួយនេះរបស់រដ្ឋាភិបាលនឹងបង្ហាញតម្លាភាពករណីនេះ ដោយលោកថា អ្នកពាក់ព័ន្ធ និងអ្នកស៊ើបអង្កេតជាក្រុមតែមួយ។

គួររំឭកថា កាលវេលាម៉ោង១២យប់ ចូលថ្ងៃទី២៣ ខែកុម្ភៈ មានព័ត៌មានតាមបណ្តាញសង្គមបានរាយការណ៍ថា រថយន្តដឹកទំនិញទម្ងន់ជាង៧០តោនមួយគ្រឿងបានបើកបរឆ្លងកាត់ស្ពាន ហើយឡើងមិនរួចក៏រអិលថយក្រោយវិញបំផ្លាញសាច់កៅស៊ូលើស្ពាន ខណៈស្ពាននោះតម្រូវឲ្យដឹកទម្ងន់ឆ្លងកាត់ត្រឹម២៥តោន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ