លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានប្រកាសជាថ្មីថារដ្ឋាភិបាលកម្ពុជាមិនបានប្រព្រឹត្តអំពើពុករលួយទាក់ទងនឹងជំនួយបរទេសនោះទេ។
នាយករដ្ឋមន្រ្តីបានលើកឡើងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ លោកបានថ្លែងថាការសម្ពោធមន្ទីរពេទ្យនៅថ្ងៃនេះជាជំនួយរបស់ជប៉ុនដែលលោកថារាល់ជំនួយនេះគឺជប៉ុនជាអ្នកគ្រប់គ្រងទាំងអស់ ទាំងការដេញថ្លៃជ្រើសរើសក្រុមហ៊ុននិងការគ្រប់គ្រងហិរញ្ញវត្ថុនានា។ លោកបញ្ជាក់ថាលោកគ្រាន់តែជាអ្នកមកសម្ពោធនិងកាត់ខ្សែបូតែប៉ុណ្ណោះ។ លោកបន្ថែមថាលោកផ្ញើសារនេះទៅកាន់អ្នកនយោបាយមួយចំនួនដែលលោកថាបានចោទប្រកាន់រដ្ឋាភិបាលថាប្រព្រឹត្តអំពើពុករលួយលើជំនួយបរទេស។
លោក ហ៊ុន សែន បានថ្លែងថា៖ “ព្រោះនៅស្រុកខ្មែរសំបូរណាស់អារឿងចោទគ្នាហ្នឹង មិនចប់មិនហើយទេ គេថាយើងហ្នឹងពុករលួយយកលុយជំនួយបរទេស យកមកចាយ។ ប៉ុន្តែសួរអគ្គរដ្ឋទូតជប៉ុនទៅ សួរប្រធានJicaទៅ ហើយសួរក្រុមហ៊ុនសាងសង់ទៅ អស់លុយប៉ុន្មាន អស់លុយទៅ។ ខ្ញុំព្រះករុណា អត់ដឹងទេ ហើយដេញថ្លៃមិនមែនដេញថ្លៃនៅស្រុកខ្មែរទេ។ បើថាជំនួយជប៉ុនគឺមានតែក្រុមហ៊ុនជប៉ុនទេ”។ លោកបញ្ជាក់ថា៖ “សារនេះនឹងបញ្ជូនទៅអ្នកទាំងឡាយ ដឹងហើយតែធ្វើមិនដឹង តែមានអ្នកខ្លះក៏គ្នាមិនដឹងដែរ ត្រូវបានអ្នកនយោបាយខ្លះមូលបង្កាច់”។
សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៥របស់អង្គការតម្លាភាពអន្តរជាតិបង្ហាញថាកម្ពុជាទទួលបានពិន្ទុ២១ស្ថិតក្នុងលេខរៀងទី១៥០ក្នុងចំណោមប្រទេស១៦៨។ ចំណាត់ថ្នាក់នេះបង្ហាញថាកម្ពុជាមានស្ថានភាពអំពើពុករលួយខ្លាំងជាងគេនៅអាស៊ីអាគ្នេយ៍គឺស្ថិតនៅក្រោមប្រទេសមីយ៉ាន់ម៉ានិងឡាវ៕