តំណាងរាស្ត្របក្សប្រឆាំងអះអាងថា បើសកម្មជនរបស់ខ្លួននៅតែត្រូវបន្តឃុំខ្លួននៅក្នុងពន្ធនាគារនោះវប្បធម៌សន្ទនាដែលបង្កើតឡើងរួមគ្នាហាក់មិនទាន់ធានាពីការបង្រួបបង្រួមជាតិជាលក្ខណៈគ្រួសារខ្មែរទេ។
នៅថ្ងៃចន្ទនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួនរួមទាំងលោក សុន ឆ័យ ផងចុះទៅសួរសុខទុក្ខសកម្មជនទាំង១៥នាក់របស់គណបក្សប្រឆាំង ម្តងទៀត នៅពន្ធនាគារព្រៃស។
តំណាងរាស្ត្រ លោក សុន ឆ័យ បានឲ្យVODដឹងកាលពីម្សិលមិញថា ការធ្វើដំណើរទៅកាន់ពន្ធនាគារជាថ្មីរបស់ក្រុមអ្នកតំណាងរាស្ត្រ លោកថា ទី១ទៅសួរសុខទុក្ខ និងយកប្រាក់ឧបត្ថម្ភខ្លះៗ ទៅជូនអ្នកដែលកំពុងជាប់ឃុំ ទី២ពិនិត្យមើលស្ថានភាពឃុំខ្លួនដែលលោកថាធ្វើតាមលក្ខណ្ឌច្បាប់ឬក៏អត់ និងទី៣លោកថា នឹងធ្វើរបាយការណ៍ករណីរកឃើញនេះទៅរដ្ឋាភិបាលឲ្យជួយអន្តរាគមន៍ដោះលែងពួកគេឲ្យមានសេរីភាពវិញ តាមរយៈវប្បធម៌សន្ទនា។
លោក សុន ឆ័យ បានឲ្យដឹងដែរថា បើរដ្ឋាភិបាលមិនពិចារណាពីការលើកលែងការចោទប្រកាន់ សកម្មជនរបស់លោកទាំង១៥រូបនោះទេ លោកថា វប្បធម៌សន្ទនា ហាក់នៅឆ្ងាយពីឆន្ទៈពិតនៃការចង់បង្រួបបង្រួមជាតិជាលក្ខណៈគ្រួសារខ្មែរតាមស្មាតីនៃការឯកភាពគ្នាកន្លងទៅ។
លោកបន្តថា៖ “ដូច្នេះ យើងចេះតែជំរុញឲ្យថ្នាក់ដឹកនាំគណបក្សទំាងពីរ រាល់ពេលមានឱកាសបានជួបគ្នាររវាងក្រុមភាគច្រើនភាគតិច ត្រូវតែមានការដោះស្រាយចំពោះអ្នកជាប់ទោសទំាងនេះឲ្យបានចប់សព្វគ្រប់ជាមុន បើពុំដូច្នោះ ខ្ញុំថាការជួបសន្ទនានេះគ្រាន់តែជាការជួបមួយដែលមិនមានភាពស្មោះត្រង់ ដែលអាចឲ្យគណបក្សទំាងពីរដោះស្រាយបញ្ហាសមសម្របទំាងឡាយបាន”។
វប្បធម៌សន្ទនាត្រូវបានបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ វប្បធម៌សន្ទនានេះទៀតសោត ក៏បានកើតឡើងក្រោយពីបក្សប្រឆាំងព្រមចូលប្រជុំសភាតាមការចង់បានរបស់បក្សកាន់អំណាច ក្រោយពីបក្សប្រឆាំងធ្វើពហិកាជិត១ឆ្នាំប្រឆាំងនឹងលទ្ធផលបោះឆ្នោតឆ្នាំ២០១៣។
គួរបញ្ជាក់ថា អ្នកដែលកំពុងជាប់ឃុំនោះមានអតីតសមាជិកព្រឹទ្ធសភាលោក ហុង សុខហួរ លោក មាជ សុវណ្ណារ៉ា និងសកម្មជនមួយចំនួនទៀត។ អ្នកទាំងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងឆ្នាំ២០១៥ ចោទថាជាប់ពាក់ព័ន្ធនឹងបាតុកម្មហិង្សាមួយ ជិតទីលានប្រជាធិបតេយ្យឆ្នាំ២០១៤អំឡុងជាប់គាំងនយោបាយ និងខ្លះទៀតចោទថាជាប់ពាក់ព័ន្ធនឹងការអត្ថាធិប្បាយ និងបង្ហោះសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមឆ្នាំ១៩៧៩។
ការចាប់ខ្លួនអ្នកទាំងនោះ សង្គមស៊ីវិល និងបក្សប្រឆាំងបានអះអាងប្រហាក់ប្រហែលគ្នាថា ជារឿងនយោបាយ និងជំរុញឲ្យដោះលែងដោយគ្មានលក្ខខណ្ឌ ប៉ុន្តែការអះអាងនោះត្រូវបានបក្សកាន់អំណាចច្រានចោល ដោយអះអាងថា ជាវិធានការច្បាប់។
ទោះជាយ៉ាងណា ក្នុងកិច្ចប្រជុំកំពូលនៅសហរដ្ឋអាមេរិកនាថ្ងៃទី២៥ និង២៦ ខែមករា ដែលមានមេដឹកនាំអាស៊ានទាំង១០ប្រទេសចូលរួមមានទាំងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ដែរនោះ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាមា បានលើកឡើងថា មិនត្រូវដាក់ពន្ធនាគារទៅលើបក្សប្រឆាំង ដែលគ្រាន់តែសម្តែងមតិទេ៕