លោក ហ៊ុន សែន ថា​លោក​មិន​ឯកភាព​នឹង​អ្នករិះគន់​ថា​គ្រូពេទ្យ​ខ្មែរភាគច្រើន​អាក្រក់​

លោកឧកញ៉ា គួច ម៉េងលី(រូបថតពីហ្វេសប៊ុក​របស់​លោក)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ​ បានថ្លែង​​ថា​លោក​មិន​យល់ស្រប​នឹង​ការ​លើក​ឡើង​ថា​គ្រូពេទ្យ​​ខ្មែរ​ភាគច្រើន​”អាក្រក់​” ដែល​លោក​ថ្លែង​បែបនេះសំដៅទៅ​រក​លោក​​ឧកញ៉ាគួច ម៉េងលី ដែលធ្លាប់​បាន​រិះគន់វិស័យសុខាភិបាលកម្ពុជា។​

ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោក ហ៊ុន សែន បាន​ថ្លែង​ថា​លោក​ទទួល​ស្គាល់​ថា​មានពេទ្យ​មួយ​ចំនួន​តូចដែល​លោក​ថា​មិន​មានក្រមសីលធម៌ សម្តីមិនល្អនិងគិត​តែ​ពី​លុយ។ ទោះ​ជា​យ៉ាងណា ​លោកថាចំនួន​គ្រូពេទ្យ​នោះ​​មិន​ច្រើន​ដល់ថ្នាក់​៩០ឬ៩៩ភាគរយនោះទេ។ លោក​ចាត់ទុក​ការថ្លែង​រិះគន់​ថាពេទ្យ​ខ្មែរ​ភាគច្រើន​អាក្រក់​​ជា”​ការមិនអាច​ទទួល​យក​បាន”​និង”​​ការប្រមាថមួយ”​។​

លោក​មានប្រសាសន៍ថា៖ “អញ្ចឹង​ភាគ​ច្រើន​នៃ​គ្រូ​ពេទ្យ​របស់​យើង​មាន​ក្រម​សីលធម៌ មាន​វិជ្ជា​ជីវៈ ប្រក​បដោយ​ការ​ទទួល​ខុសត្រូវ​និង​មាន​ការ​លះបង់​ដើម្បីជួយ​អ្នកជំងឺ។ ក៏ប៉ុន្តែ​មានគ្រួពេទ្យ​មួយចំនួន​តូចដែលប្រព្រឹត្ត​មិន​គប្បី​ បង្កើ​តជាបញ្ហា ហើយអ្នក​ដែល​មើលឃើញ​បញ្ហាក្នុង​ចំណោម​១០០មានមួយនាក់ បង្កើត​បញ្ហា ពួកគេបានមើល​ស្រាល​ចំពោះ​គ្រូពេទ្យ​និង​មន្រ្តី​សុខា​ភិលបា​ល​របស់​យើង​ប្រមាណ​២ម៉ឺននាក់​”

លោក​បញ្ជាក់បន្ថែម​ថា៖ “ខ្ញុំមិនយល់ស្របទេ នូវការ​លើក​ឡើងថា​…បើ​១០០ខូច​អស់​៩០ទៅហើយ សួរ​ថា​ពេទ្យ​ហ្នឹងដំណើ​រការបានទៅអត់”។​ លោក​បញ្ជាក់​ថា៖ “១០០ខូចដល់​៩៩ហើយ វាចប់ហើយ”

លោកនាយករដ្ឋមន្រ្តី​​បាន​អំពាវ​នាវ​ឲ្យ​ឲ្យ​គ្រពេទ្យទាំងអស់​​ជួយ​កែគ្នាទៅវិញទៅមក ដែល​លោក​ជា​យន្តការ​មួយ​​ដើម្បី​កុំ​ឲ្យ​គ្រូពេទ្យ​មួយតូច​បំផ្លាញកេរ្តិ៍ឈ្មោះ​គ្រូពេទ្យ​ផ្សេងៗ​ទៀត។​ លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​​​ថា​​មាន​អ្នកខ្លះ​បានញុះញង់​ឲ្យ​មាន​បដិវត្តន៍​លើ​គ្រូពេទ្យ​ដែល​លោក​ថា​នេះ​ជាការញុះញង់​ឲ្យ​មានបាតុ​កម្ម​មួ​​យ​។​ លោក​បន្ថែម​ថា៖ “បើសិន​ជា​គ្រូពេទ្យ​នេះ នាំ​គ្នា​ធ្វើ​បាតុកម្ម​ទៅ​ប្រឆាំងនោះ រាជ​រដ្ឋា​ភិបាល​ប្រហែល​ជា​ពិបាក​ការពារណាស់​”

គួររំឭក​ថា​ កន្លងទៅ លោក គួច ម៉េងលី ជា​ស្ថាបនិកនិង​​ជា​នាយក​ក្រុមហ៊ុន Mengly J. Quach Holdingនិង​ម្ចាស់សាលា​អន្តរទ្វីបអាមេរិកកាំងផងដែរ បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា៖ “ខ្ញុំអត់ដែលជួបពេទ្យណាអាក្រក់សែនអាក្រក់ដូចពេទ្យនៅស្រុកខ្មែរយើងទេ។ គាត់គ្មានវិជ្ជាជីវៈគ្មានភាពទន់ភ្លន់ គ្មានមេត្តាធម៌ នេះខ្ញុំមិនមែននិយាយទាំងអស់ទេ ខ្ញុំនិយាយបើខ្ញុំបានជួប១០មានអាក្រក់៩។ បើមានអាកប្បកិរិយាមារយាទអំនួត អឿ ឈ្លើយ ម៉ាកាវ តើកូនខ្មែរយើងអភ័ព្វយ៉ាងដូចម្តេទៅ។ ពេលគេទៅព្យាបាលម្តង សឹងតែលុតជង្គង់អង្វរគាត់(ពេទ្យ)។ ពេទ្យដែលគ្មានជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ហើយជាអ្នកសម្លាប់មនុស្ស”

លោក គួច ម៉េងលី ត្រូវបានដកស្រង់សម្តីចុះផ្សាយថា៖ “វិស័យសុខាភិបាលយើង បើខ្ញុំឲ្យពិន្ទុពី១ដល់ ១០ ខ្ញុំឲ្យ២ពិន្ទុ។ បើអ្នកក្រទៅពេទ្យខ្ញុំហ៊ានធានាគេនឹងដេកនៅចិញ្ចើមផ្លូវនោះជាអ្វីដែលខ្ញុំឃើញទិដ្ឋភាពដោយផ្ទាល់។ ស្រីសម្រាលកូនខ្លះកូនអាចស្លាប់ក្នុងពោះបើគ្មានលុយវះ។ សំណួរដែលត្រូវសួរខ្លួនឯងពេលនេះគឺថា​ក្នុងសតវត្សរ៍ទី២១ តើកម្ពុជាយើងត្រូវឆ្លងកាត់ភាពវេទនានេះបន្ដទៀតឬយ៉ាងណា”?

ក្រោយពី​ការបញ្ចេញយោបល់នោះ​​ គណៈវិជ្ជាជីវៈសុខាភិបាលបានចេញលិខិតមួយ​ដោយស្នើ​ឲ្យ​លោក​ គួច ម៉េងលី សុំទោស​ជាសាធារណៈចំពោះអ្វីដែល​លោក​បាន​លើកឡើង។​

​ទោះជាយ៉ាងណា លោក គួច ម៉េងលី មិនបាននិយាយ​សុំទោស​នោះ​ តែ​លោក​បាន​ឆ្លើយ​តប​នឹង​លិខិត​របស់​គណៈវិជ្ជាជីវិៈសុខាភិបាល ដោយ​ថាអ្វីដែ​លលោកបានលើកឡើងតាមបណ្តាញព័ត៌មានគឺផ្អែកលើការជួ​បប្រទះផ្ទាល់របស់លោកនូវស្ថានភាពមួយចំនួន​នាពេលកន្លងមក។ លោកបញ្ជាក់ថាការបកស្រាយពីការជួបប្រទះផ្ទាល់ខ្លួននេះមិន​បណ្តាលឲ្យប៉ះពាល់ដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់នោះទេ។ លោកក៏ទទួលស្គាល់ថាមានពេទ្យដែលប្រកបអាជីពដោយសមត្ថភាពនិងក្រមសីលធម៌ល្អជាច្រើនដែលបាននិង​កំពុងបំពេញតួនាទីយ៉ាងសកម្មក្នុងការសង្គ្រោះជីវិតប្រជាពល​រដ្ឋខ្មែរ។

ប​ន្ទាប់ពីគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជាបានចេញលិខិតឲ្យលោក គួច ម៉េងលី សុំទោស អ្នកលេងហ្វេសប៊ុកភាគច្រើនបានផ្តល់យោបល់ថាលោក គួច ម៉េងលី មិនគួរសុំទោសចំពោះការលើកឡើងរបស់លោកនោះទេ ដោយថាការលើកឡើងរបស់លោកឆ្លុះបញ្ចាំងពីតថភាពសម្រាប់វិស័យសុខាភិបាលនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ