ម្តាយរបស់ទណ្ឌិតម្នាក់ដែលត្រូវបានប្រទះឃើញស្លាប់ដោយចងកនៅក្នុងពន្ធនាគារខេត្តពោធិ៍សាត់ បានរៀបចំពាក្យបណ្តឹងមួយដាក់ទៅតុលាការខេត្តពោធិ៍សាត់ ស្នើឲ្យស៊ើបអង្កេតករណីកូនស្លាប់ ដោយថានេះជាករណីឃាតកម្ម មិនមែនចងកសម្លាប់ខ្លួននោះទេ។
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ទណ្ឌិតឈ្មោះ តូច វណ្ណារ៉េត អាយុ២៨ឆ្នាំ(រហូតមកដល់ថ្ងៃស្លាប់) ត្រូវបានប្រទះឃើញស្លាប់ដោយចងកក្នុងបន្ទប់ទឹក នៅម៉ោង៥ទៀបភ្លឺ ដោយសមត្ថកិច្ចអះអាងថាជាការធ្វើអត្តឃាតបន្ទាប់ពីចុះពិនិត្យសាកសព។
នៅក្នុងពាក្យបណ្តឹងមួយដែលក្រុមគ្រួសារត្រៀមដាក់ទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ អ្នកស្រី រិន វណ្ណនី ដែលត្រូវជាម្តាយជនរងគ្រោះ អាយុ៦៣ឆ្នាំ បានលើកឡើងថាកូនប្រុសរបស់អ្នកស្រីត្រូវបានចាប់ខ្លួននៅថ្ងៃទី១ខែឧសភា ឆ្នាំ២០១៤ និងត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៣ឆ្នាំពីបទជួញដូរដោយខុសច្បាប់នូវសាធារធាតុញៀន។ អ្នកស្រីបន្តថាកូនប្រុសត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃសហើយបន្ទាប់មកត្រូវបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី៤នៅខេត្តពោធិ៍សាត់។
ពាក្យបណ្តឹងបញ្ជាក់ថា៖ “ការរស់នៅក្នុងមណ្ឌលអប់រំកែប្រែទី៤…កូនខ្ញុំបានត្អូញត្អែរពីការវាយធ្វើបាបយ៉ាងខ្លាំងនៅក្នុងពន្ធនាគារហើយនៅម៉ោង៦ល្ងាចថ្ងៃទី៣១ខែមករា ឆ្នាំ២០១៦ បានហៅទូស័ព្ទមកបងប្រុសឈ្មោះ តូច វណ្ណារ៉ា ប្រាប់ឲ្យខ្ញុំព្រឹកឡើងជិះឡានឈ្នួលយកលុយទៅឲ្យ៥០ដុល្លារ ដើម្បីប្តូរបន្ទប់រស់នៅក្នុងពន្ធនាគារនោះ ដោយវាទ្រាំនឹងការវាយធ្វើទារុណកម្មមិនបាន”។
ពាក្យបណ្តឹងបន្ថែមថា៖ “តាមការពិនិត្យសាកសព នាងខ្ញុំសង្កេតឃើញថាកូនត្រូវគេវាយធ្វើទារុណកម្ម ព្រោះនៅលើស្មាផ្នែកខាងក្រោយមានស្នាមជាំខ្មៅ ជើងទាំងពីររបស់សាកសពជាំនិងនៅលើកញ្ចឹងក ផ្នែកខាងធ្វេងមានដាច់រលាត់ខុសធម្មតា កឡើងទន់ដូចជាបាក់”។
អ្នកស្រីបានស្នើឲ្យតុលាការជួយរកមុខអ្នកប្រព្រឹត្តមកផ្តន្ទាទោសតាមច្បាប់និងទាមទារសំណងចំនួន២០លានរៀល។
អ្នកស្រី រិន វណ្ណី ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថាអ្នកស្រីនឹងដាក់ពាក្យបណ្តឹងទៅតុលាការនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ អ្នកស្រីបន្តថាអ្នកស្រីក៏បានស្នើឲ្យអង្គការសិទ្ធិមនុស្សលីកាដូជួយអន្តរាគមន៍ករណីនេះផងដែរ។
អ្នកស្រីមានប្រសាសន៍ថា៖ “ខ្ញុំចង់ឲ្យតុលាការជួយរកយុត្តិធម៌ ព្រោះកូនខ្ញុំមិនមែនស្លាប់ដោយចងកទេ គឺស្លាប់ដោយឃាតកម្មសុទ្ធសាធ”។
ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថាអង្គការនឹងពិនិត្យលើពាក្យបណ្តឹងនិងពាក្យស្នើសុំជំនួយ ហើយនឹងឆ្លើយតបនៅពេលក្រោយ។
លោក តូច វណ្ណារ៉ា ដែលត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះបានប្រាប់វីអូឌីថាមុនពេលស្លាប់ ប្អូនប្រុសរបស់លោកបានហៅទូរស័ព្ទមករូបលោកគឺនៅល្ងាចម៉ោងប្រមាណ៦ ថ្ងៃទី៣១ខែមករា ដោយសុំលុយ៥០ដុល្លារដើម្បីដូរបន្ទប់។ លោកបន្តថាប្អូនប្រុសប្រាប់ថាមានគេធ្វើបាបនិងវាយរបួសកញ្ចឹងក ដូច្នេះសុំលុយដូរបន្ទប់។ លោកមានប្រសាសន៍ថា៖ “និយាយថាគេ(អ្នកជាប់ពន្ធនាគារដូចគ្នា)ធ្វើបាបវាខ្លាំងណាស់ ធ្វើទារុណកម្មវា ហើយដល់ពេលដូរបន្តប់ គេយក៥០រៀល(ដុល្លារ) ហើយឲ្យខ្ញុំពីរនាក់ម៉ែខ្ញុំឡើងឡានទៅឲ្យលឿន ថាវាទ្រាំអត់បានគេវាយធ្វើបាបវា”។
លោក តូច វណ្ណារ៉ា បានឲ្យដឹងថាលោកបានប្រាប់ទៅប្អូនប្រុសវិញថាគ្រួសារមិនអាចទៅភ្លាមៗនោះទេហើយថាមិនទាន់ហ៊ានសន្យាដោយសារនៅឆ្ងាយនិងអត់លុយ។ លោកប្រាកដថាការស្លាប់នេះជាករណីការវាយធ្វើបាបដល់ស្លាប់។ លោកមានប្រសាសន៍ថា៖ “មិនមែនសម្លាប់ខ្លួន បើសម្លាប់ខ្លួន មានអីចង់ដូរបន្ទប់។ អត់ទេ អត់មានអន់ចិត្តទេ មែនរឿងអត់ចិត្តទៅសម្លាប់ខ្លួនទេ។ គេធ្វើបាបគាត់ ខ្ញុំហ៊ានយកជីវិតមកធានា ប្អូនខ្ញុំចង់រស់ និយាយត្រង់”។
ប្រធានមណ្ឌលអប់រំកែប្រែទី៤ដែលស្ថិតនៅក្នុងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ លោក អ៊ុក គឹមជន ធ្លាប់បានបដិសេធនឹងការលើកឡើងថាមានការធ្វើទារុណកម្មទៅលើទណ្ឌិតមុនពេលស្លាប់នោះទេ។ លោកក៏បានច្រានចោលព័ត៌មានថាមានការបង់លុយ៥០ដុល្លារសម្រាប់ការប្តូរបន្ទប់។ លោកចាត់ទុកការអះអាងនេះជារឿងបំផ្លើសរបស់ទណ្ឌិត។ លោកមានប្រសាសន៍ថា៖“គ្មានការធ្វើទារុណកម្មទេ។ រាល់ទណ្ឌិតទាំងអស់ដែលខ្ញុំធ្លាប់មានបទពិសោធន៍បួនប្រាំពន្ធនាគារហើយ។ ពួកនេះវាមានល្បិចវាច្រើនណាស់។ វាទារលុយទៅគ្រួសារវា តិចទារ តិចទារ ដល់ពេលទារពេកទៅ គ្រួសារអត់ឲ្យ ដល់អត់ វាបំប៉ោងព័ត៌មាន ដើម្បីឲ្យគ្រួសារផ្ញើលុយឲ្យ”។ លោកបដិសេធមិនអត្ថាធិប្បាយថាតើជនរងគ្រោះមានរបួសកនិងស្មាមុនពេលស្លាប់ ដោយបង្វែរសំណួរទៅក្រុមស៊ើបអង្កេត។ ប្រធានមណ្ឌលកែប្រែរូបនេះធ្លាប់ប្រាប់វីអូឌីថាទណ្ឌិតមានជម្លោះតិចតួចជាមួយអ្នកជាប់ពន្ធនាគារដូចគ្នា។
នាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត លោក ថាច់ ទីន ដែលចូលរួមការស៊ើបអង្កេតនេះ ធ្លាប់បានបដិសេធមិនអត្ថាធិប្បាយបន្តនៅពេលសួររឿងពីរបួសស្នាមលើសាកសព ដោយថាលោកបានសំណុំរឿងនេះទៅតុលាការ។ លោកបញ្ជាក់ថា៖ “ឥឡូវហ្នឹង ខ្ញុំបានបញ្ជូនទៅតុលាការហើយ ចង់ដឹងចង់អីទៅសួរព្រះរាជអាជ្ញា។ បើចង់ដឹងអី ផុតពីដៃខ្ញុំហើយ ខ្ញុំមិនអាចបកស្រាយបានទៀតទេ”។
បើតាមរបាយការណ៍របស់សមត្ថកិច្ចដែលវីអូឌីទទួលបាន ទណ្ឌិតបានចងកនឹងចំរឹងដែក(ខ្យល់ចេញចូល) ដែលមានកម្ពស់ប្រវែង១,៨០ម៉ែត្រមកដល់ផ្ទៃចាក់សាប។ របាយការណ៍បញ្ជាក់ថាទណ្ឌិតបានចងកនឹងកន្សែងពណ៌ត្រួយចេកប្រវែង១,៦៦ម៉ែត្រ៕