លោក ហ៊ុន សែន បញ្ជាជាថ្មី​ឲ្យ​ពិនិត្យ​មើលទណ្ឌិ​តជាប់ទោស​ដោយ​សារប្លន់​និងគ្រឿងញៀន​

លោកនាយករដ្ឋម​ន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យ​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌និង​ប្រធានពន្ធនាគារ​ត្រូវធ្វើការឲ្យ​បានម៉ត់ចត់ទៅ​លើ​ទណ្ឌិត​ដែលជាប់ទោស​ដោយ​សារប្លន់​និ​ងគ្រឿងញៀន មុន​ពេល​ដាក់​ឲ្យ​លោក​ចុះហត្ថលេ​ខា​​ដា​ក់​ថ្វាយ​ព្រះ​មហា​ក្សត្រ​លើក​លែង​ទោស។​

ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា​នៅពេល​ដាក់ឈ្មោះ​​ទណ្ឌិត​ណា​ដែលត្រូវលើកលែង​ទោស លោកស្នើ​ឲ្យ​ប្រាប់​រូប​លោក​ថា​តើ​ទណ្ឌិត​ណា​ជា​​ប្រភេទចោរនិងគ្រឿងញៀន។ លោក​បន្ត​ថា​​លោកនឹង​ចំណាយពេល​ដើម្បីពិនិត្យ​មើល​ឯក​សារ​ទាំងនោះ។​

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ “ខ្ញុំទុកចិត្ត​លើ​រដ្ឋមន្រ្តីយុត្តិធម៌ រដ្ឋមន្រ្តី​យុត្តិធម៌ទុកចិត្ត​លើ​នាយកពន្ធនាគារ​ ចេះតែទុកចិត្ត​បន្តគ្នាអញ្ចឹងទៅ ដល់ទីចុងបំផុត អាពួកក្រុមចោរទាំងហ្នឹង ចេញមកប្លន់ដដែលៗ អញ្ចឹង​ធ្វើ​ម៉េចវាអស់ចោល”។​

លោក​បន្ថែម​ថា៖ “អាមុខចោរដដែលៗ រឿងវាងើបឡើងលើកទីបីហើយ មុខចោរដដែល​ៗ គឺ​អាចោរចូលគុក មិនដែលជាប់គុក​បានយូរទេអាអ្នកប្លន់ហ្នឹងគឺថា​ចេញតែពីគុក អញ្ចឹងសូមមើល​ឡើងវិញ ខ្ញុំនិយាយ​សាជាថ្មី ពីមុនខ្ញុំប្រើពាក្យថាខ្ញុំប្រើកណ្តាប់ដៃដែក​របស់ខ្ញុំ ដើម្បីប្រឆាំងនឹងរឿង​នេះ។​ ឥឡូវឲ្យ​តែប្រភេទចោរនិងពួកគ្រឿងញៀន វាចេញពីគុកដូចស្រួលពេកហ្មង។ ហើយអាហ្នឹងចេញមកបង្ករឿង។ ពីមុនវាត្រឹម​ប្លន់ អត់ទាន់ហ៊ានសម្លាប់មនុស្ស តែវាចេញលើកក្រោយ​វាហ៊ានសម្លាប់មនុស្ស”

គួរបញ្ជាក់​ថា​កាលពី​ខែធ្នូ ឆ្នាំ​២០១៥ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួងយុត្តិធម៌ពិនិត្យឡើងវិញនូវការស្នើ​ឈ្មោះ​ទណ្ឌិត​មួយចំនួន​សម្រាប់​ការ​លើកលែងទោស ដោយ​លោក​​ថាករណី​ពាក់ព័ន្ធ​នឹងការប្លន់ថ្មីៗនេះ​ គឺ​ជា​មុខសញ្ញា​​នៃ​ទណ្ឌិត​ដែលទើបចេញ​ពីពន្ធនាគារ។​

ភ្លាមៗនោះ ក្រសួងយុត្តិធម៌បាន​កោះប្រជុំ​ជាមួយ​ប្រធានសាលាដំបូងនិងព្រះរាជអាជ្ញានៃអយ្យការអមសាលា​ដំបូង​រាជធានី-ខេត្ត ដើម្បីពិភាក្សា​ពីការសហការអនុវត្ត​ច្បាប់​រវាងតុលាការ​អយ្យ​ការ​និង​នគរ​បាល​​យុត្តិ​ធម៌​ ក្នុងការ​ពង្រឹ​ង​សន្តិសុខសាធារណៈ​ ការ​បង្ការ​និង​បង្រ្កាប​បទល្មើស​ព្រហ្មទណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ