ក្រសួងយុត្តិធម៌កម្ពុជា-វៀតណាម កំពុងរៀបចំឲ្យមានកិច្ចព្រមព្រៀងផ្ទេរទណ្ឌិតរវាងប្រទេសទាំងពីរ ក្រោមហេតុផលថាដើម្បីបង្កភាពងាយស្រួលដល់ទណ្ឌិតឲ្យបានមកនៅក្នុងប្រទេសកំណើតនិងជិតក្រុមគ្រួសាររបស់ខ្លួន។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់វីអូឌី(VOD)នៅព្រឹកនេះថាក្រសួងយុត្តិធម៌កម្ពុជានិងវៀតណាម គ្រោងជួបគ្នានៅចុងខែមីនាឬដើមខែមេសា ខាងមុខ ដើម្បីរៀបចំកិច្ចព្រមព្រៀងមួយទាក់ទងការផ្ទេរអ្នកទោសរវាងប្រទេសទាំងពីរ។ លោកបន្តថាជាបឋមក្រុមបច្ចេកទេសនៃភាគីទាំងពីរនឹងជួបគ្នាដើម្បីរៀបចំកិច្ចព្រមព្រៀងនេះ មុននឹងឈានដល់ជំនួបថ្នាក់រដ្ឋមន្ត្រី។ លោកបញ្ជាក់ថាកិច្ចព្រមព្រៀងផ្ទេរទណ្ឌិតនេះនឹងបង្កភាពងាយស្រួលដល់ទណ្ឌិតឲ្យបានមកជាប់ឃុំក្នុងប្រទេសកំណើតនិងបាននៅជិតក្រុមគ្រួសាររបស់ខ្លួនវិញ។
លោកមានប្រសាសន៍ថា៖ “ផ្ទេរទណ្ឌិតនេះ អានេះយើងគិតទៅលើគោលការណ៍សិទ្ធិមនុស្ស ព្រោះថាទណ្ឌិតក៏គាត់នៅមានសិទ្ធិដូចពលរដ្ឋមួយចំនួនដែរណា ទណ្ឌិតរបស់យើងទៅជាប់នៅគេ ទណ្ឌិតគេមកជាប់នៅយើង គឺវាមិនមែនជាការងាយស្រួលទេណា ត្រូវឈ្លាតឆ្ងាយពីក្រុមគ្រួសារ ដែលក្រុមគ្រួសារមិនអាចទៅសួរសុខទុក្ខឬសួរនាំអីបានណា អ៊ីចឹងអានេះវាប៉ះពាល់ដល់សិទ្ធិមូលដ្ឋានគាត់ដែរ ការផ្ទេរនេះជាការសម្រួលដល់ទណ្ឌិត ប៉ុន្តែការផ្ទេរនេះមិនមែនឲ្យគាត់រួចខ្លួនទេ គឺគាត់ត្រូវអនុវត្តទោសនៅក្នុងប្រទេសខ្លួនដដែល”។
ទន្ទឹមនឹងនេះ លោក ជិន ម៉ាលីន ថាសព្វថ្ងៃនេះភាគីទាំងពីរក៏កំពុងតែពិភាក្សាលើកិច្ចព្រមព្រៀងទាក់ទងនឹងកិច្ចសហការជួយគ្នាក្នុងវិស័យព្រហ្មទណ្ឌ ដែលលោកថាអាចជួយសម្រួលដល់ការងារតុលាការបានល្អប្រសើរ។ លោកបន្តថា៖ “ដូចជាតុលាការរបស់យើងធ្វើការស៊ើបអង្កេតពាក់ព័ន្ធជនជាតិវៀតណាម ប៉ុន្តែជនជាប់ចោទនិងសាក្សីទាំងប៉ុន្មាននៅប្រទេសវៀតណាម ដូច្នេះយើងអាចសហការជាមួយតុលាការរបស់គេឲ្យជួយសាកសួរសាក្សីផ្តល់ឯកសារនិងភស្តុតាងចាំបាច់ហ្នឹងមកឲ្យយើងបន្តនីតិវិធីបាន”។
លោកឲ្យដឹងដែរថាកន្លងមកភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀងចំនួនបីរួចមកហើយទាក់ទងនឹងការធ្វើបត្យាប័នបញ្ជូនមនុស្សដែលភាគីម្ខាងៗស្នើសុំនិងចុះអនុស្សរណៈយោគយល់គ្នាជាដើម។
អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ លោក នុត សាវនា មានប្រសាសន៍ថា សព្វថ្ងៃនៅប្រទេសកម្ពុជាមានទណ្ឌិតជាជនបទេសចំនួន៨៣៥នាក់។ លោកបន្តថាទណ្ឌិតទាំងនោះមានដូចជាជនជាតិចិន វៀតណាម ថៃ អូស្រ្តាលី ជប៉ុន កូរ៉េ នីហ្សេរីយ៉ា និងអឺរ៉ុបមួយចំនួន។ លោកមិនមានទិន្នន័យថាតើទណ្ឌិតជនជាតិវៀតណាមមានប៉ុន្មាននាក់នោះទេ។
លោកឲ្យដឹងដែរថាកន្លងមកកម្ពុជាធ្លាប់ផ្ទេរទណ្ឌិតជនជាតិមួយចំនួនដូចជាថៃ ឡាវ ជាដើមឲ្យទៅអនុវត្តទោសនៅប្រទេសកំណើត។ លោកបន្ថែមថា៖ “ប្រទេសដទៃក៏យើងមានដែរ ប៉ុន្តែវាអត់មានកិច្ចព្រមព្រៀងជាប់លាប់ ដែលផ្តល់សច្ចាប័នដោយរដ្ឋសភាយើងណា បើតាមច្បាប់យើងត្រូវបង្កើតឲ្យមានច្បាប់(មួយ)”។
គួរបញ្ជាក់ថាកាលពីខែកក្កដា ឆ្នាំ២០១៤ កម្ពុជាបានផ្ទេរទណ្ឌិតជនជាតិថៃនិងជាសកម្មជនអាវលឿងថៃ លោក វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid)ទៅឲ្យរដ្ឋាភិបាលថៃវិញ បន្ទាប់ពីមានការអន្តរាគមន៍ពីរដ្ឋាភិបាលយោធាថៃ។ លោក វីរៈ ស៊ុំក្វាមឃីត ត្រូវបានសាលាដំបូងក្រុងភ្នំពេ កាត់ទោសកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១១ ក្រោមបទចូលទីលានយោធាកម្ពុជាខុសច្បាប់ក្នុងបំណងទុច្ចរិតនិងបទប្រមូលព័ត៌មានសម្ងាត់ប៉ះពាល់ដល់សន្តិសុខជាតិកម្ពុជា៕