មន្រ្តីរដ្ឋាភិបាលឲ្យដឹងថាក្នុងរយៈពេល១០ឆ្នាំនៃកិច្ចសហប្រតិបត្តិការការពារសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ កម្ពុជាបានបញ្ជូនកងការពារសន្តិភាពជាង៣៥០០នាក់។
ក្នុងកិច្ចប្រជុំបូកសរុបការងារ១០ឆ្នាំនៃបេសកកម្មថែរក្សាសន្តិភាពរបស់កម្ពុជាជាមួយអង្គការសហប្រជាជាតិ ដែលធ្វើឡើងនៅថ្ងៃអង្គារនេះ លោក ប្រាក់ សុខុន ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការងារបញ្ជូនកងកម្លាំងចូលរួមថែរក្សាសន្តិភាពបានថ្លែងចាប់តាំងពីឆ្នាំ២០០៦ដល់២០១៦ រដ្ឋាភិបាលកម្ពុជាបានបញ្ជូនកងកម្លាំងក្រោមទង់អង្គការសហប្រជាជាតិចំនួន៣៥៥៧នាក់ចេញទៅរក្សាសន្តិភាពនៅតាមបណ្តាប្រទេសរងគ្រោះដោយសារសង្រ្គាម។ លោកបន្តថាប្រទេសដែលកងកម្លាំងការពារចូលរួមការពារ មានដូចជាស៊ូដង់ ស៊ូដង់ខាងត្បូង ឆាត អាហ្រ្វិកកណ្តាល លីបង់ ប្រទេសម៉ាលី កោះសៃផ្រឹសនិងអារ៉ាប់-ស៊ីរី ដោយផ្តោតលើការងារបោសសម្អាតមីន វិស្វកម្មនិងជំនាញខាងយោធាជាដើម។
លោក ប្រាក់ សុខុន ឲ្យដឹងទៀតថាក្នុងរយៈពេល១០ឆ្នាំនៃកិច្ចសហប្រតិបត្តិការពារនេះ នាយទាហានខ្មែរ៤នាក់បានពលីជីវិតដោយសារជំងឺនិង៥នាក់ទៀតបានរងរបួសក្នុងពេលបំពេញបេសកកម្ម។ លោកបន្តថាកងកម្លាំងកម្ពុជាបានបំពេញការងារដោះមីន ពិនិត្យជំងឺដល់ប្រជាពលរដ្ឋនិងជីកអណ្តូងជាដើម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងក្នុងពិធីនោះថាបេសកកម្មកម្ពុជាជាមួយUNគឺនាំមកនូវ”ជោគជ័យនិងមោទនៈភាពជាតិ នៅពេលដែលយើងចាប់ផ្តើមពីបាតដៃទទេ”។ លោកបន្តថាការសម្រេចចិត្តទទួលយកUNមកចូលរួមថែរក្សាសន្តិភាពនៅកម្ពុជាកាលពីពេលមុន គឺដើម្បីបញ្ចប់សង្រ្គាមនិងបង្រួបបង្រួមជាតិ ដែលលោកថាបានផ្តល់នូវសុខសន្តិភាពមកទល់សព្វថ្ងៃ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ “បើនិយាយឲ្យពិតទៅ បើកម្ពុជាខ្លួនឯងអត់សន្តិភាព អត់មានលទ្ធភាពបញ្ជូនកម្លាំងទៅក្រៅទេ។ កុំថាអត់មានលទ្ធភាពបញ្ជូនកកម្លាំងទៅក្រៅ នៅខាងក្នុង គឺមានតែវាយគ្នាហ្នឹង សូម្បីធ្វើស្ពាន វាដាច់ស្ពាន ធ្វើសាលា វាឆេះសាលា”។ លោកក៏បានចាត់ទុកការងារបញ្ជូនកងកម្លាំងការពារទៅក្រៅប្រទេសជា”ការងារលំបាក ស្មុគស្មាញនិងគ្រោះថ្នាក់”។
លោកនាយករដ្ឋមន្រ្តីបានប្រាប់ទៅតំណាងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដែលចូលរួមក្នុងពិធីនោះថាកម្ពុជានឹងចូលរួមបំពេញតម្រូវការរបស់អង្គការរបស់អង្គការសហប្រជាជាតិនៅពេលខាងមុខបន្តទៀត៕