ក្រសួងការបរទេសកម្ពុជាឲ្យដឹងថាកម្មករខ្មែរនេសាទ៥នាក់ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួនសង្ស័យជាប់ពាក់ព័ន្ធករណីរំលោភស្រ្តីជនជាតិបារាំង បានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តអំពើទាំងនោះមែន។
នៅក្នុងសេចក្តីជូនព័ត៌មានចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រសួងការបរទេសបានឲ្យដឹងថាឯកអគ្គរាជទូតខ្មែរបានជួបជាមួយកម្មករនេសាទទាំង៥នាក់ ដោយពួកគេបានសារភាពថាបានជាប់ពាក់ព័ន្ធនឹងការរំលោភនិងការប្រើហិង្សាប្រាកដមែន។ ក្រសួងបន្តថាពេលកើតហេតុនោះ កម្មករទាំងនោះស្ថិតនៅក្នុងស្ថានភាពស្រវឹង។ ក្រសួងបញ្ជាក់ថា៖ “កម្មករទាំង៥នាក់ស្ថិតក្នុងវ័យក្មេង អាយុតិចជាង២៥ឆ្នាំ ក្នុងនោះ៣នាក់មិនចេះអក្សរហើយ២នាក់ទៀតរៀនបានតិចតួច”។
បើតាមក្រសួងការបរទេសកម្ពជា អាជ្ញាធរថៃកំពុងបញ្ជូនកម្មករទាំង៥នាក់និងវត្ថុតាងមកកាន់តុលាការខេត្តត្រាត ដើម្បីធ្វើការវិនិច្ឆ័យ។ រដ្ឋមន្រ្តីការបរទេសកម្ពុជាបានបញ្ជាឲ្យរកមេធាវីការពារដល់កម្មករទាំង៥នាក់នោះ។
កាសែតបាងកកប៉ុស្តិ៍របស់ថៃបានឲ្យដឹងថាកម្មករទាំងនោះត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យ។ កាសែតបានចុះផ្សាយថាហេតុការណ៍រំលោភនិងប្រើហិង្សានេះបានកើតឡើងតាំងពីល្ងាចថ្ងៃសៅរ៍ ខណៈស្រ្តីជនជាតិបារាំងពីរនាក់ ម្នាក់អាយុ៥៧ឆ្នាំនិងម្នាក់ទៀតមានអាយុ២៨ឆ្នាំ(ម្តាយនិងកូន)និងបុរសជនជាតិបារាំងពីរនាក់ផ្សេងទៀតបានដើរត្រឡប់ពីកន្លែងពួកគេកំសាន្តទៅបរិភោគអាហារពេលល្ងាចនៅកន្លែងស្នាក់របស់ពួកគេ ដែលមានចម្ងាយប្រហែល១គីឡូម៉ែត្រពីគ្នា។ កាសែតដដែលបានដកស្រង់សម្តីនគរបាលថៃថាអ្នកនេសាទខ្មែរពីរនាក់បាននិយាយលេងជាមួយជនជាតិបារាំងទាំងនោះ ហើយពេលដែលជនជាតិបារាំងទាំងនោះរៀបចាកចេញពីពួកគេ ក៏មានមនុស្ស៣នាក់ផ្សេងទៀតបានចេញពីព្រៃនិងចាប់ស្រ្តីពីរនាក់យកទៅរំលោភនិងបានវាយបុរសជនជាតិបារាំងពីរនាក់ឲ្យរងរបួស។
បើតាមការសែតដដែល សមត្ថកិច្ចថៃឲ្យដឹងថាជនជាតិខ្មែរទាំងប្រាំនាក់នោះមានឈ្មោះ ធី អាយុ ២០ឆ្នាំ បុត្រ មាន អាយុ២០ឆ្នាំ យឹម អាយុ២៥ឆ្នាំ ផៃ អាយុ២២ឆ្នាំ និងជឿន អាយុ២៥ឆ្នាំ។
កាលពីថ្ងៃចន្ទ អាជ្ញាធរថៃបាននាំកម្មករទាំង៥នាក់ទៅធ្វើត្រាប់ពីការរំលោភនៅកន្លែងកើតហេតុ។ ប្រជាជនថៃដែលរស់នៅតំបន់នោះបានខឹងសម្បានិងព្យាយាមវាយអ្នកទាំងនោះ។ សេចក្តីរាយការណ៍របស់កាសែតថៃឲ្យដឹងថាអ្នកភូមិបានដាល់កម្មករម្នាក់នៅពេលនោះ។
គួរបញ្ជាក់ថាកាលពីចុងឆ្នាំ២០១៥ តុលាការថៃបានកាត់ទោសប្រហារជីវិតជនជាតិមីយ៉ានម៉ា(ភូមា)ពីរនាក់ពាក់ព័ន្ធនឹងការរំលោភនិងសម្លាប់ជនជាតិអង់គ្លេសពីរនាក់នៅកោះតៅប្រទេសថៃ៕