ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានជួយស្ត្រីខ្មែរ៤នាក់ដែលបានទៅធ្វើការតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ី ឲ្យវិលត្រឡប់មកកម្ពុជាវិញ។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រសួងការបរទេសឲ្យដឹងថាស្ត្រី៤នាក់ដែលបានទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីហើយត្រូវបានជាប់ឃុំឃាំងនៅជំរុំBalantik Campក្នុងរដ្ឋ Kedahត្រូវបានស្ថានទូតកម្ពុជាជួយអន្តរាគមន៍ឲ្យបានត្រឡប់មកស្រុកកំណើតវិញ។ សេចក្តីប្រកាសព័ត៌មានបន្តថាស្ត្រីទាំង៤នាក់នោះមានឈ្មោះ ហ៊ន ស្រីនាង អាយុ២៥ឆ្នាំ អួល ស្រីខួច អាយុ៣៤ឆ្នាំ អាប់ឌុលឡោះ រ៉យម៉ា ជាជនជាតិខ្មែរអ៊ីស្លាម អាយុ២៦ឆ្នាំ ដែលអ្នកទាំងបីនាក់មានស្រុកកំណើតនៅខេត្តព្រៃវែង។ ចំណែកស្រ្តីម្នាក់ទៀតឈ្មោះ សំ ភោគ អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅក្នុងខេត្តបាត់ដំបង។ ស្រ្តីម្នាក់នោះមានកូនប្រុសម្នាក់អាយុ២ខែ ដែលបានកើតនៅប្រទេសម៉ាឡេស៊ី។
ក្រសួងការបរទេសបន្តថាពួកគេត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីចេញលិខិតធ្វើដំណើរបណ្តោះអាសន្ននិងបានជួយចេញថ្លៃសំបុត្រយន្តហោះឲ្យចំនួន៣រូបដែលស្ថានទូតរកសាច់ញាតិមិនឃើញ។
បើតាមសេចក្តីប្រកាសព័ត៌មាន ពលរដ្ឋខ្មែរទាំង៥នាក់នោះនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២ ខែ មីនា ឆ្នាំ២០១៦ វេលាម៉ោង០៧:៥០នាទី ព្រឹក។
របាយការណ៍របស់ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ក្នុងឆ្នាំ២០១៥ ស្ថានទូតនិងអគ្គកុងស៊ុលកម្ពុជានៅក្រៅប្រទេសបានជួយសង្គ្រោះនិងសម្រួលការធ្វើមាតុភូមិនិវត្តន៍ដល់ពលករ និងពលរដ្ឋខ្មែរចំនួន៥៧៣នាក់នៅក្រៅប្រទេស ឲ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ក្នុងចំណោមពលរដ្ឋដែលត្រូវបានជួយសង្គ្រោះទាំងនោះមានស្រ្តីរងគ្រោះ៨២នាក់ពីប្រទេសចិន ពលការិនី៥៥នាក់ពីប្រទេសម៉ាឡេស៊ី ពលករ៤២៧នាក់ពីប្រទេសឥណ្ឌូណេស៊ី ពលរដ្ឋខ្មែរ២នាក់ពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ពលរដ្ឋខ្មែរ៦នាក់ពីប្រទេសប៉ាពូញ៉ូហ្គីណេ និងម្នាក់ពីប្រទេសអាហ្រ្វិកខាងត្បូង៕