អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ លាលែង​ចេញ​​ពីគណបក្ស​កាន់​អំណាច

អតីតនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ (រូបភាពពី Reuters)

អតីតនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) បានចាកចេញពី​គណបក្ស​រួបរួម​ជាតិម៉ាឡេ(United Malays National Organisation)ដែល​ជា​គណបក្សកាន់អំណាចរបស់​ម៉ាឡេស៊ី​នា​ពេល​បច្ចុប្បន្ន​​។

សារព័ត៌មាន Channel News Asia បាន​រាយការណ៍​ថា លោក មហាធៀ បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​សារព័ត៌មាននៅ​ក្នុង​សន្និសីទកាសែត​​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា លោក​មិនហៅ​គណបក្ស​នោះ​ថា​គណបក្ស​រួបរួម​ជាតិម៉ាឡេទៀតទេ ដោយ​លោក​ចាត់​ទុក​ថា​វា​ជាគណបក្សរបស់​លោក ណាជីប ដែល​ជា​នាយករដ្ឋមន្រ្តីម៉ាឡេស៊ី​នពេល​បច្ចុប្បន្ន។ លោក មហាធៀ បន្ត​ថា​ លោកមានអារម្មណ៍ថា​អាម៉ាស ដែល​លោក​មាន​ជាប់​ពាក់ពិន​ជាមួយនឹងគណបក្សដែលលោក​ថា​ត្រូវគេមើលឃើញបាន​គាំទ្រអំពើពុករលួយ។

លោក មហាធៀ មាន​ប្រសាសន៍​ថា​៖ “ខ្ញុំមានការអាម៉ាស់​យ៉ាងខ្លាំងចំពោះ​រឿង​ទាំងអស់ដែលបានកើតឡើង ខ្ញុំបានសម្រេចចិត្តថា ខ្ញុំមិនអាច​ជាផ្នែក​នៃ​រឿងទាំងអស់នេះបានទេ​ ដូច្នេះរឿង​តិចតួច​បំផុត​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​​គឺ​ចាកពីគណបក្ស​”​

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក មហាធៀ ក៏​បាន​ចោទ​លោក ណាជីប ថា​បាន​ “ប្លន់” យក​គណបក្ស​រួបរួម​ជាតិម៉ាឡេ ដើម្បីរក្សាខ្លួនឯងនៅក្នុងអំណាច និងរួច​ផុត​ពីការកាត់ទោសព្រហ្មទណ្ឌ ពេលដែល​មានរឿងអាស្រូវអំពើពុករលួយជុំវិញ​គម្រោង​មូលនិធិ​អភិវឌ្ឍ​ ម៉ាឡេស៊ី​តែ​១(1MDB)។ លោកបានថ្លែងថាលោក​ខ្ញុំកំពុងតែព្យាយាម ដើម្បីធ្វើឱ្យប្រាកដថា លោក Najib នឹងមិនបន្តធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី​ត​ទៅ​ទៀត​។

លោក មហាធៀ ឲ្យ​ដឹង​ដែរ​ថា លោក​នឹង​បង្កើត​គណបក្ស​ថ្មី ឬ​ចូល​រួម​ជាមួយ​គណបក្ស​ផ្សេង​ទៀត​នោះ​ទេ ដោយ​លោក​ថា លោកនឹង​ប្រឡប់​ទៅ​គណបក្ស​រួបរួម​ជាតិ​ម៉ាឡេ​វិញ​ ​ប្រសិន​បើ​គណបក្ស​នេះ ត្រូវ​បាន​ស្ដារ​ឡើង​វិញ

បន្ទាប់ពី​​ការ​ប្រកាស​ចាកចេញ​របស់​លោក មហាធៀ សារព័ត៌មាន Malaysiakini បាន​រាយការណ៍​ថា អតីត​មេដឹក​នាំ​ផ្នែក​មួយ​​នៃ​គណបក្ស​រួបរួម​ជាតិ​ម៉ាឡេ លោក Khairuddin Abu Hassan ក៏​បាន​ប្រកាស​ចាកចេញ​ពីគណបក្ស​នេះ​ផងដែរ​ ដោយ​លោក​អះអាង​ថា លោក​អស់​ជំនឿ​លើ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​នេះ ដែល​លោក​ថា​កំពុង​ដឹក​នាំគណបក្ស​ទៅ​រក​មហន្តរាយ​​៕

ប្រភព​៖ Channel News Asia

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ