មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញបញ្ជាឲ្យថ្នាក់ដឹកនាំក្រោមឱវាទត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់លើការប្រើប្រាស់អាវុធខុសច្បាប់ ដោយលោកបានចេញបញ្ជាឲ្យចាប់ខ្លួនអ្នកចុះហត្ថលេខាខុសច្បាប់មកដាក់គុក។
ក្នុងពិធីបូកសរុបការងាររបស់កងរាជអាវុធហត្ថកាលពីថ្ងៃចន្ទ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថាដោយសារការប្រើប្រាស់អាវុធខុសច្បាប់ ទើបបង្កឲ្យមានអសន្តិសុខក្នុងប្រទេសរហូតមកដល់ពេលនេះ។ លោកបញ្ជាឲ្យមន្រ្តីរបស់ខ្លួនត្រួតពិនិត្យទិដ្ឋភាពច្បាប់ឡើងវិញថាតើបុគ្គលឬអង្គភាពប្រភេទណាទើបអាចប្រើប្រាស់អាវុធបាន។
លោក សៅ សុខា ក៏បានចេញបញ្ជាឲ្យពិនិត្យមើលឯកសារចុះហត្ថលេខាឲ្យប្រើប្រាស់អាវុធថាតើការចេញប័ណ្ណប្រើប្រាស់អាវុធនោះខុសច្បាប់ឬយ៉ាងណា? លោកក៏បានបញ្ជាឲ្យមេកងឯកភាពនីមួយៗត្រូវឆាប់និរាករណ៍ចោលជាបន្ទាន់លើប័ណ្ណអាវុធណាដែលចេញដោយខុសច្បាប់។
លោកមានប្រសាសន៍ថា៖ “បើសិនជាអ្នកស៊ីញ៉េហ្នឹង វាមានទោសត្រូវជាប់គុក ត្រូវតែយកអ្នកស៊ីញ៉េហ្នឹងមកដាក់គុកទៀត បើមិនអញ្ចឹងអត់បានទេ ស៊ីញ៉េតាប៉េតាពាស អត់ត្រូវរឿង ពូកែណាស់ ចូលចិត្តម្ល៉េះ អាស៊ីញ៉េខុសរឿងហ្នឹង”។
លោក សៅ សុខា បន្តថាលោកនឹងដោះសក្តិខ្លួនឯងចេញ បើសិនជាលោកធ្វើកិច្ចការនេះមិនបាន។ លោកបញ្ជាក់ថាលោកនឹងតស៊ូមតិនឹងថ្នាក់លើទៀត ប្រសិនបើលោកត្រូវប្រឈមនឹងបុគ្គលណាមួយ។
លោកមានប្រសាសន៍ថា៖ “ខ្ញុំត្រៀមដោះសក្តិ បើសិនជាប្រឈមមុខគ្នា ខ្ញុំមិនហ៊ាននិយាយទៅប្រើពាក្យកាំភ្លើងគ្រោះទេ តែខ្ញុំត្រៀមដោះសក្តិខ្លួនខ្ញុំ ធ្វើមិនបាន។ ឥឡូវរឿងហ្នឹងត្រូវធ្វើឲ្យម៉ឺងម៉ាត់ ជាការណែនាំផង ជាការកត់សម្គាល់ផង ជាការឲ្យបញ្ជាទៅមេបញ្ជាការរាជអាវុធហត្ថរាជធានីភ្នំពេញ តែធ្វើតាមច្បាប់ ខ្ញុំសូមរំឭកឲ្យហើយណា មិនមែនធ្វើតាមមាត់ខ្ញុំទេណា ច្បាប់ចែងថាម៉េច? អ្នកណាដែលមានសិទ្ធិ អ្នកណាមិនមានសិទ្ធិ នៅក្នុងការចេញប័ណ្ណប្រើប្រាស់អាវុធ”។
ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យនៃក្រសួងមហាផ្ទៃ លោក ធន សាម៉ន ធ្លាប់ប្រាប់វីអូឌីថាគិតត្រឹមបំណាច់ឆ្នាំ២០១៤ កាំភ្លើងវែងខ្លីដែលបានចុះបញ្ជីស្របច្បាប់ ដើម្បីប្រើប្រាស់នៅតាមក្រសួងនិងអង្គភាពនានានៅទូទាំងប្រទេសមានចំនួន៣៥ ៨០៧ដើម ដែលក្នុងនោះកាំភ្លើងខ្លីមាន២០ ២១០ដើម ។ លោកបន្តថាក្នុងចំណោមកាំភ្លើងខ្លីជាង២ម៉ឺនដើម កាំភ្លើងខ្លីចំនួន៣៩៣៨ដើមត្រូវបានចុះបញ្ជីសម្រាប់ការប្រើប្រាស់ជាលក្ខណៈបុគ្គលគឺស្មើនឹង១៩,៤៨ភាគរយ ។
បើតាមលោក ធន សាម៉ន ប្រជាពលរដ្ឋធម្មតាដែលមិនបម្រើការក្នុងជួររដ្ឋាភិបាលឬមិនមែនជាមន្ត្រីរាជការ គឺច្បាប់មិនអនុញ្ញាតឲ្យមានសិទ្ធិក្នុងការប្រើប្រាស់កាំភ្លើងនោះទេ។ លោកបន្តថាមន្ត្រីស៊ីវិលដែលអាចប្រើប្រាស់អាវុធជាលក្ខណៈបុគ្គលបាន លុះត្រាតែមានតំណែងចាប់ពីប្រធាននាយកដ្ឋានឡើងទៅ ហើយមានការយល់ព្រមពីរដ្ឋមន្ត្រីឬរដ្ឋលេខាធិការនៃក្រសួងសាមី ទើបក្រសួងមហាផ្ទៃអាចឲ្យបុគ្គលនោះបំពេញសំណុំបែបបទស្នើសុំប្រើប្រាស់អាវុធបាន ។ ដោយឡែកចំពោះអ្នកដែលមានឋានៈតូចជាងនេះ លោកថា បុគ្គលនោះមិនមានសិទ្ធប្រើកាំភ្លើងជាលក្ខណៈបុគ្គលទេ តែអាចប្រើជាលក្ខណៈអង្គភាព គឺអាចប្រើបានលុះត្រាតែមានការអនុញ្ញាតពីប្រធានអង្គភាពនិងតែនៅក្នុងរយៈពេលបំពេញបេសកកម្មប៉ុណ្ណោះ ។
លោក ធន សាម៉ន ឲ្យដឹងទៀតថា សម្រាប់កងកម្លាំងប្រដាប់អាវុធ បុគ្គលដែលអាចប្រើអាវុធខ្លីបានគឺត្រូវមានឋានន្តរសក្តិចាប់ពីវរសេនីយ៍ឯក(សក្តិ៥)ឡើងទៅ ចំណែកអ្នកដែលមានឋានន្តរសក្តិតូចជាងនេះមានសិទ្ធិប្រើកាំភ្លើងជាលក្ខណៈអង្គភាពតែប៉ុណ្ណោះ ។
លោកមានប្រសាសន៍ថា៖ “ប៉ុន្តែឧកញ៉ាខ្លះគាត់ជាទីប្រក្សាសម្ដេចនាយករដ្ឋមន្ត្រី ទីប្រឹក្សាសម្ដេចប្រធានសភា ព្រឹទ្ធសភាអញ្ចឹងទៅ គេមានឋានៈស្មើនឹងអី ឧទាហរណ៍ថា… មានឋានៈស្មើនឹងរដ្ឋលេខាធិការ ស្មើអនុរដ្ឋលេខាធិការ អគ្គនាយកអីចឹងទៅ គេមានសិទ្ធិប្រើដែរ ។ តែបើជាឧកញ៉ាសុទ្ធសាធ អត់មានទេ អត់មានសិទ្ធិប្រើទេ ច្បាប់អត់មានចែងទេ។ យើងចង់និយាយថាបុគ្គលសាមញ្ញជាពលរដ្ឋធម្មតា បើមានដូចជាឧកញ៉ា ដូចប្អូនថាអំបាញ់មិញនេះ គាត់ក៏ជាពលរដ្ឋធម្មតាដែរ គាត់មានងារជាឧកញ៉ាមែន ប៉ុន្តែគាត់អត់មានតួនាទីអ្វីនៅក្នុងក្របខណ្ឌរដ្ឋទេ ព្រោះច្បាប់ចែងតែ អ្នកជាមន្ត្រីរាជការអ្នកក្នុងក្របខណ្ឌរដ្ឋ ច្បាប់ចែងអញ្ចឹង”។
លោក ធន សាម៉ន ឲ្យដឹងដែរថាចំនួននៃការស្នើសុំចុះបញ្ជីអាវុធសម្រាប់ប្រើប្រាស់ស្របច្បាប់មានការកើនឡើងចន្លោះពី៣០ទៅ៥០ដើមក្នុងមួយឆ្នាំ ដែលភាគច្រើនគឺការស្នើសុំប្រើប្រាស់កាំភ្លើងខ្លីជាលក្ខណៈបុគ្គល៕