ប្រាក់បញ្ញើនៅក្នុងគណនីផ្ទាល់របស់នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ (Najib Zarak) ត្រូវគេរាយការណ៍ថាមានចំនួនសរុបជាង១ពាន់លានដុល្លារ ដែលចំនួននេះលើសពីចំនួនដែលគេរកឃើញនាពេលកន្លងមករាប់រយលានដុល្លារ។
សារព័ត៌មាន The Wall Street Journal បានរាយការណ៍ដោយយោងតាមអ្នកដែលស្និទ្ធនឹងបញ្ហានេះថា ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិជឿថា ភាគច្រើននៃលុយទាំងនេះមានប្រភពចេញពីប្រាក់ជំនួយរបស់ប្រទេសម៉ាឡេស៊ី ហើយត្រូវបានផ្ទេរទៅកាន់គណនីរបស់លោក ណាជីប តាមរយៈអង្គភាពនៅឯនាយសមុទ្រ។
សារព័ត៌មាន Channel News Asia បានផ្សាយបន្តថា មនុស្សពីរនាក់ដែលស្និទ្ធនឹងលំហូរនៃសាច់ប្រាក់ក្នុងគណនីរបស់លោក ណាជីប និងមនុស្សម្នាក់ទៀតដែលស្និទ្ធការស៊ើបអង្កេតនៅក្រៅប្រទេសនោះ បានឲ្យដឹង ប្រាក់ជាង១ពាន់លានដុល្លារត្រូវបានដាក់ចូលនៅចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១៣។ ចំនួននេះច្រើនជាងចំនួនទឹកប្រាក់៦៨១លានដុល្លារ ដែលគេបានរកឃើញនាពេលកន្លងមក។
របាយការណ៍នេះគឺផ្ទុយនឹងសេចក្ដីសន្និដ្ឋានរបស់ប្រធានក្រុមអ្នកច្បាប់ម៉ាឡេស៊ីនាពេលកន្លងទៅ។
កាលពីខែមករា អគ្គមេធាវីលោក មហាម៉េដ អាផេនឌី អាលី (Mohamed Apandi Ali) បានបញ្ជាក់ថា លោក ណាជីប មិនមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ឬបទល្មើសឧក្រិដ្ឋណាមួយនោះទេ ដោយលោកអះអាងថា ទឹកប្រាក់ចំនួន៦៨១ដុល្លារដែលត្រូវបានផ្ទេរទៅកាន់គណនីរបស់លោក ណាជីប កាដូពីសមាជិករាជវង្សមួយអង្គរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលភាគច្រើននៃលុយនេះត្រូវគេអះអាងថាត្រូវបានផ្ទេរត្រឡប់ទៅវិញហើយ។
អ្នកនាំពាក្យខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ណាជីប បានឆ្លើយប្រាប់ភ្នាក់ងារព័ត៌មាន Reuters ថា ខុទ្ទកាល័យពុំមានការឆ្លើយតបភ្លាមទៅនឹងបញ្ហានេះនោះទេ៕
ប្រភព៖ The Wall Street Journal និងChannel News Asia