ហ្វីលីពីនស្នើ​ឲ្យ​ចិនគោរពតាម​ការ​សម្រេច​របស់​តុលាការ​​ក្នុង​​​បញ្ហា​ជម្លោះដែន​សមុទ្រចិន​ខាង​ត្បូង​

(រូបភាពពី​ Reuters)

ប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទបានជំរុញប្រទេសចិនឱ្យគោរពតាម​សេចក្តីសម្រេចរបស់តុលាការអន្តរជាតិ​នៅទីក្រុងឡាអេ ដែល​នឹង​ចេញ​នៅពេលខាងមុខ ពាក់ព័ន្ធ​នឹង​ជម្លោះដែនសមុទ្រចិនខាងត្បូងបន្ទាប់ពីរដ្ឋាភិបាល​ក្រុងប៉េកាំងបានចោទរដ្ឋាភិបាល​ក្រុងម៉ានីលថា​បាន​ “រករឿង​នយោបាយ“។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Albert del Rosario បាន​មាន​ប្រសាសន៍​​នៅ​ក្នុងសេចក្តីថ្លែងការណ៍មួយក្នុងទីក្រុងម៉ានីលថា​ ប្រទេស​​ហ្វីលីពីនព្រមទាំងសហគមន៍អន្តរជាតិ​ស្នើសុំឱ្យប្រទេសចិនគោរពតាម​សេចក្តីសម្រេចរបស់តុលាការ​នាពេលខាងមុខ និងរួមគ្នាជំរុញរបបដឹក​នាំ​ប្រទេស​ដែល​ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

លោក អាលប៊ឺតតូ ដេល រ៉ូសារីយ៉ូ (Albert del Rosario) ក៏​បាន​ចោទ​ជា​សំណួរ​ថា៖ ប្រសិនបើចិនមិនស្ដាប់ការ​អំពាវនាវ​រួម​គ្នា​របស់យើង តើ​វាមានន័យថា ប្រទេសចិនបានចាត់ទុកខ្លួនឯងនៅលើច្បាប់ឬ?

បើ​តាម​លោក Albert del Rosario សេចក្តីសម្រេចរបស់តុលាការអន្តរជាតិ​ត្រូវគេរំពឹងថាប្រកាស​នៅ​មុនខែឧសភា​។ លោក​បន្ត​ថា រដ្ឋាភិបាល​ទីក្រុងម៉ានីល និងទីក្រុងប៉េកាំងបានជួបគ្នា​ជាច្រើនដង ដើម្បីពិភាក្សាអំពីជម្លោះដែនសមុទ្រប៉ុន្តែគ្មានអ្វីត្រូវបានដោះស្រាយនោះទេ។

ទោះយ៉ាងណា ប្រទេស​ចិនបាន​បដិសេធមិនទទួលស្គាល់ករណីប្តឹង​របស់​ប្រទេសហ្វីលីពីនជាមួយតុលាការ​ ដោយ​បាននិយាយថា ជម្លោះទាំងអស់គួរតែត្រូវបានដោះស្រាយតាមរយៈការចរចាទ្វេភាគី​។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហុង ឡី (Hong Lei) បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​សារ​ជា​ថ្មី​កាល​ពី​ថ្ងៃចន្ទថា ប្រទេសចិននឹងមិនចូលរួមនៅក្នុងករណីបណ្ដឹង​នេះនោះ​ទេ​។

នៅក្នុង​ដំណើរទស្សនកិច្ចមួយទៅកាន់សហរដ្ឋអាមេរិចកាលពីសប្តាហ៍មុនរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាងយី (Wang Yi) បានចោទប្រកាន់ប្រទេសហ្វីលីពីននៃថា​បាន​ “បង្កនយោបាយ” សម្រាប់​ការ​ដែល​ហ្វីលីពីន​ស្វែងរកការអាជ្ញាកណ្តាលដើម្បីដោះស្រាយបញ្ហា​ជម្លោះសមុទ្រ​ចិន​ខាង​ត្បូង​នេះ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក វ៉ាង ក៏​ជួប​ពិភាក្សា​ជាមួយសមភាគីរបស់​លោក​ គឺ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិកលោក ចន ឃើរី (John Kerry) ហើយ​​លោក​ ចន ឃើរី បាននិយាយថា ប្រទេសចិនបាន​រៀបចំ​មូលដ្ឋាន​សឹក​នៅ​តំបន់​ជម្លោះ​នោះ​យ៉ាងឆាប់រហ័ស បន្ទាប់ពីការកសាងកោះសិប្បនិមិត្ត និងដាក់ពង្រាយអ្នកប្រយុទ្ធ និងកាំ​ជ្រួច​។

ទោះយ៉ាងណា លោក វ៉ាង បាននិយាយការពារទង្វើរបស់ចិនថាជាការការពារខ្លួនប៉ុណ្ណោះ ប៉ុន្តែបានថាចិន​នឹងនៅតែបើកចំហសម្រាប់ការចរចាជាមួយបណ្តាប្រទេសដែលទាមទារ​សមុទ្រចិនខាងត្បូង​។

គួរ​បញ្ជាក់​ថា ប្រទេសចិនបានអះអាងថា ស្ទើរតែនៅ​ទូទាំង​សមុទ្រចិនខាងត្បូងទាំងមូលត្រូវ​គេជឿថាមានរ៉ែ​ប្រេង និងឧស្ម័នដ៏​ច្រើន​មហាសាល​។ ប្រទេស​ប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងវៀតណាម ក៏​បាន​ទាមទារ​ដែន​សមុទ្រ​នេះ​ផងដែរ។ ផ្ទៃ​ទឹក​នៃ​ដែន​ជម្លោះ​នេះ​ជា​ផ្លូវ​ឆ្លង​កាត់​នៃ​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ​ប្រហែល​៥ទ្រីលានដុល្លារជារៀងរាល់ឆ្នាំ៕

ប្រភព​៖ Channel News Asia

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ