នៅក្នុងកម្មវិធី«អាជីពខ្ញុំ»ដែលរៀបចំដោយទូរទស្សន៍PNNនិងជាកម្មវិធីប្រកួតប្រជែងសមត្ថភាពក្នុងការបើកជំនួញលើកដំបូងនៅក្នុងប្រទេសកម្ពុជា លោក ទេព រិន្ទដារ៉ូ ត្រូវគេជ្រើសឲ្យធ្វើជាគណៈកម្មការវាយតម្លៃ ផ្ដល់ពិន្ទុនិងជាសម្រេចជោគវាសនារបស់បេក្ខជនបេក្ខនារីដែលចូលប្រកួតនោះ។ សាមីខ្លួនរូបនេះបានបង្ហាញពីការប្រុងប្រយ័ត្នក្នុងការបញ្ចេញយោបល់និងអះអាងថានោះជាការងារស្មុគស្មាញ បើទោះជាលោកក៏ជាបុគ្គលម្នាក់ដែលគេមើលឃើញថាជោគជ័យក្នុងមុខជំនួញក៏ដោយ។
ប្រភពពីអ្នករៀបចំកម្មវិធី«អាជីពខ្ញុំ»បានអះអាងថានៅក្នុងវេទិកានឹងបើកឱកាសឲ្យអ្នកមានមហិច្ចតានិងមានបទពិសោធន៍ចង់ក្លាយជាម្ចាស់ជំនួញនៅទូទាំងប្រទេសធ្វើការប្រកួតសមត្ថភាពគ្នា ដើម្បីស្វែងរកអ្នកមានគន្លឹះឆ្ពោះទៅរកជោគជ័យក្នុងអាជីវកម្មឲ្យឈ្នះពានរង្វាន់។ នៅក្នុងវេទិកានោះគេឃើញគណៈកម្មការ២រូបគឺជាអ្នកដែលមានមានទេពកោសល្យគ្រប់គ្រាន់ក្នុងអាជីវកម្មធំដុំ ហើយមានមួយរូបផ្សេងទៀត គឺលោកតារាសម្ដែងជើងចាស់លោក ទេព រិន្ទដារ៉ូតែម្ដង។
លោក អាយ ខុន អ្នកគ្រប់គ្រងកម្មវិធីបានអះអាងថាហេតុផលនៃការជ្រើសតារាសម្ដែងរូបនេះគឺដោយសារតែលោកទេព រិន្ទដារ៉ូ ក៏ជាម្ចាស់ហាងកាហ្វេបែបបារាំងធំមួយនៅខេត្តសៀមរាប ដែលអាជីវកម្មរបស់លោកក៏ផ្ដើមពីចំណុចសូន្យរហូតក្លាយជាហាងធំដុំនាពេលនេះផងដែរ។ លោកថាអ្នកធ្លាប់ឆ្លងកាត់មុខរបរបើកជំនួញ ទើបអាចដឹងថាជំហានក្នុងការប្រែក្លាយខ្លួនទៅជាម្ចាស់មុខរបរមួយត្រូវធ្វើដូចម្ដេចនិងត្រូវដើរបែបណាឲ្យបានជោគជ័យ។ លោកបន្តថាលោក ទេព រិន្ទដារ៉ូ ក៏ជាតារាសម្ដែងល្បីឈ្មោះដែលនឹងធ្វើឲ្យមានការចាប់អារម្មណ៍សម្រាប់កម្មវិធីនោះផង ទើបស្ថានីយទូរទស្សន៍PNN សម្រេចជ្រើសលោកឲ្យធ្វើជាគណកម្មការវាយតម្លៃ។ លោកថាការសម្រេចចិត្តរបស់គណៈកម្មការទាំង៣នឹងមានឥទ្ធិពលធ្វើឲ្យបេក្ខជនបេក្ខនារីមានឱកាសបន្តនៅក្នុងកម្មវិធីឬត្រូវដើរចេញ។ ប៉ុន្តែលោកថាអ្នកទាំង៣ក៏មានការប្រយ័ត្នប្រយែងខ្ពស់ផងដែរ បើយោងតាមការសាកល្បងវាយតម្លៃនៅក្នុងកម្មវិធីដែលបានធ្វើឡើងសាកល្បង២–៣ យកមកធ្វើជាស្ពតពាណិជ្ជកម្ម។ លោកថាកម្មវិធីទាំងមូលមិនទាន់ច្បាស់ពីការចាក់ផ្សាយនោះទេ ដោយត្រូវថតទុកនិងធ្វើការស្វែងរកអ្នកមានជំនួញផ្ទាល់ខ្លួនយកមកធ្វើការប្រកួតប្រជែងឲ្យបានច្រើនសិនទើបដំណើរការចាក់ផ្សាយនិងធ្វើការប្រកួតប្រជែងកុំឲ្យរអាក់រអួលតែម្ដង។
កម្មវិធី«អាជីពខ្ញុំ»នេះ នឹងតម្រូវឲ្យក្រុមការងារចុះថតជីវិតពិតរបស់ម្ចាស់ជំនួញដែលជាបេក្ខជនបេក្ខនារីនិងបង្ហាញពីគន្លឹះក្នុងការតស៊ូរបស់គេដោយឡែកពីគ្នា ដើម្បីឲ្យគណកម្មការ៣រូបរួមមានលោកទេព រិន្ទដារ៉ូ ម្នាក់ផងធ្វើការវាយតម្លៃ។
លោក ទេព រិន្ទដារ៉ូ បានអះអាងថាធៀបនឹងការងារដែលបានប្រឡូក នេះគឺជាលើកទី១ដែលលោកយល់ថាការវាយតម្លៃរបស់ខ្លួនមានភាពស្មុគស្មាញ ដោយសារតែពេលខ្លះគឺលោកមិនបានដឹងច្បាស់ពីស្ថានភាពរបស់បេក្ខជននិងបេក្ខនារី។ លោកនិយាយថា៖ “ពីមុនមកបងធ្លាប់ឲ្យពិន្ទុក្នុងកម្មវិធីគេច្រៀងគេប្រកួតសម្ដែងអីតិចតួចដែរ ប៉ុន្តែដល់ពេលមកវាយតម្លៃសមត្ថភាពក្នុងការបង្កើតអាជីវកម្មអញ្ចឹងគឺខុសពីមុន ព្រោះអ្នកខ្លះយើងមើលឃើញថាគាត់មិនសូវមានគន្លឹះក្នុងមុខជំនួញអីខ្លាំងទេ ប៉ុន្តែគាត់តស៊ូគាត់ក្រ ហើយគាត់ត្រូវបន្តនៅក្នុងកម្មវិធី ដល់អញ្ចឹងវាពិបាកដែរ ព្រោះយើងខ្លាចយើងសម្រេចមិនស្រួលឬនិយាយស្អីមិនស្រួលធ្វើឲ្យបំផ្លាញក្ដីសង្ឃឹមរបស់គាត់!”។ លោកថាកម្មវិធីដែលលោកកុងត្រាទទួលធ្វើជាកម្មការវាយតម្លៃនេះ បានថតចំនួន៣វគ្គរួចមកហើយ ដោយតាមការអះអាងថា គឺនឹងធ្វើការចាក់ផ្សាយក្នុងពេលឆាប់ៗ និងជាកម្មវិធីដែលចាត់ទុកថាប្លែកហើយរន្ធត់។
លោកមានប្រសាសន៍ថា៖ “អ្នកប្រកួតខ្លះ គាត់ក្រគាត់លំបាកមែនទែន ហើយគំនិតអាជីវកម្មរបស់គាត់ក៏ល្អដែរ ប៉ុន្តែដល់ពេលកម្មវិធីគេតម្រូវឲ្យយើងវាយតម្លៃដើម្បីឲ្យគាត់បន្តឬធ្លាក់ គឺខ្ញុំនិយាយសឹងតែមិនរួច ហ្នឹងគ្រាន់តែសាកល្បងថតផង បើទម្រាំដល់កម្មវិធីមានអ្នកមកប្រកួតអីច្រើនទៀត ខ្ញុំថាខ្ញុំពិតជាឈឺក្បាលនិងស្មុគស្មាញក្នុងការសម្រេចចិត្តជាមិនខានទេ!”។
លោកថាការវាយតម្លៃចំពោះសមត្ថភាពអាជីវកម្មរបស់អ្នកចូលប្រកួតគឺមិនចោទចំពោះលោកនោះទេ ដោយសារតែលោកយល់ច្បាស់ពីជំហានជោគជ័យក្នុងការបើកជំនួញ តាំងពីបើកហាងកាហ្វេកំប៉ិកកំប៉ុក រហូតក្លាយជាហាងកាហ្វេបែបបារាំង និងបានបើកលក់កាហ្វេនាំចូលពីបរទេសក្លាយជាអាជីវកម្មធំដុំនោះផង។ ប៉ុន្តែអ្វីដែលធ្វើលោកគិតច្រើនគឺមនោសញ្ចេតនានិងមិនចង់ឲ្យបេក្ខជនបេក្ខនារីណាម្នាក់ត្រូវទម្លាក់ចេញក្រោយការវាយតម្លៃរបស់លោកប៉ុណ្ណោះ។
យោងតាមការផ្សព្វផ្សាយខ្លីៗរបស់កម្មវិធី«អាជីពខ្ញុំ»របស់ទូរទស្សន៍PNN គេឃើញអ្នកចូលប្រកួតជាច្រើន បានបង្ហាញពីការតស៊ូនិងមានខ្លះបង្ហូរទឹកភ្នែក នៅពេលរៀបរាប់ពីខ្សែជីវិតពិតដែលធ្វើឲ្យគេមើលឃើញពីភាពខុសប្លែករបស់កម្មវិធីនេះ។
លោក អាយ ខុន អ្នករៀបចំកម្មវិធីបានទទូចឲ្យអ្នកមានមហិច្ឆតាបើកជំនួញនិងត្រូវការដើមទុនចូលប្រកួតបង្ហាញសមត្ថភាព។ កម្មវិធីនេះលោកក៏ថាបានចំណាយការផលិតខ្ពស់ ដើម្បីផ្ដល់គន្លឹះផ្នែកអាជីវកម្ម និងដើម្បីទាក់ទាញមហាជនក្នុងពេលចាក់ផ្សាយផងដែរ៕