គ្រឿងចក្រនិងរថយន្ដ៧គ្រឿងរបស់ក្រុមហ៊ុនចិនត្រូវអ្នកភូមិឃាត់ទុក

ប្រជា​ពលរដ្ឋ​នៅខេត្តព្រះវិហារឃាត់​គ្រឿងចក្រនិងរថយន្ត​ដឹកនាំ ប្រឆាំង​នឹង​ការ​ឈូសឆាយដី

ប្រជាពលរដ្ឋនៅខេត្ដព្រះវិហារឲ្យដឹងថាគ្រឿងចក្រមួយគ្រឿង​និងរថយន្ដដឹកដីនិងប្រេងមួយចំនួន​របស់ក្រុមហ៊ុន​ចិន ត្រូវ​បាន​ពួកគាត់ចាប់ឃាត់ទុក ដើម្បីទាមទារឲ្យអាជ្ញាធរដោះ​ស្រាយ។​

តំណាងពលរដ្ឋនៅឃុំតស៊ូអ្នកស្រី ​ហ៊ួត ម៉ាលី ​ឲ្យVODដឹង​នៅរសៀល​ថ្ងៃ​ពុធនេះថាកាល​ពីថ្ងៃ​អង្គារ​ទី​០១ខែ​មិនា អ្នក​ភូមិជាង២០០នាក់នៅស្រុកជ័យសែននិងស្រុកឆែប ខេត្ដព្រះវិហារ បាននាំគ្នាឃាត់គ្រឿង​ចក្រ​ប្រ​ភេទអាអ៊ិច​ឈូស​ដីមួយគ្រឿងនិងរថយន្ដ​ដឹកដីនិងដឹក​ប្រេង​ប្រ​មាណ៧រក្សាទុក​ ដើម្បីឲ្យអាជ្ញា​ធរ​ដោះ​​ស្រាយ​ជា​មួ​យ​​​​ពលរដ្ឋ។ អ្នក​ស្រីបន្ត​ថា​ពលរដ្ឋ​បាន​ចោទ​ថាគ្រឿងចក្រនោះ​បានឈូស​​ឆា​យ​​​​ដី​ប៉ះពាល់ដល់ដី​រក្សាទុក​របស់​​សហ​គ​មន៍។ ​អ្នក​ស្រី​ឲ្យ​ដឹង​ថា​ គ្រឿង​ចក្រ​ទាំងនោះ​ជារបស់ក្រុមហ៊ុនចិនហេងរួយ ហេងតុង ជាសាខារបស់​ក្រុម​ហ៊ុ​ន​​រ៉ូយហ្វេង​។ ប៉ុន្ដែទោះយ៉ាងណាអ្នកស្រីថា មិនបានប្រើហិង្សាឬជម្លោះជាមួយកម្មករក្នុងហេតុការណ៍​នោះទេ។

ពលរដ្ឋមួយរូបទៀតមកពីឃុំបុស្ស ស្រុកឆែបអ្នកស្រី ហេង ណាវី ដែលចូលរួមទប់ស្កាត់ ឲ្យដឹងថាគ្រឿងចក្រទាំងនោះ​មិន​បា​ន​​​យកទៅរក្សា​ទុក​នៅ​កន្លែងណាទេ ដោយពួកគាត់ដេកយាមរង់​​ចាំឲ្យអាជ្ញា​ធរមក​ធ្វើកិច្ចសន្យាបញ្ឈប់​ការ​ឈូ​ស​​ឆាយជាមួ​យក្រុមយហ៊ុនបន្ដទៀត។ អ្នកស្រីបន្ដថា នៅព្រឹក​ថ្ងៃ​​អង្គារនេះ អាជ្ញា​ធរ​ទៅសម្របសម្រួល ប៉ុន្ដែ​គ្មាន​លទ្ធផល ដោយ​ស​ន្យាដោះស្រាយនៅថ្ងៃស្អែកបន្ដទៀត។

VODមិនអាចទាក់ទងអភិបាលខេត្ដព្រះវិហារលោក អ៊ុំ ម៉ារ៉ា ដើម្បីសាកសួរពីករណីនេះបានទេ។ ប៉ុ​ន្ដែ​អភិ​ស្រុកជ័យ​សែនដែល​ចូលរួមរកដំណោះស្រាយលោក ជុំ ពុយ មានប្រសាសន៍ថា​អាជ្ញាធរបានសម្រួលឲ្យ​​ក្រុមហ៊ុន​ផ្អាកការឈូ​សឆា​យ​​បណ្ដោះ​​អាសន្ន ដើម្បីរង់​ចំាមន្ដ្រីជំនាញវាស់វែងនិងកំណត់ព្រំដីជូនពលរដ្ឋនៅ​ថ្ងៃស្អែក។ លោកបញ្ជាក់ថា​គ្រឿង​ចក្រ​ទាំងនោះ​ត្រូវក្រុមហ៊ុនប្រមូលចូលក្រុមហ៊ុនវិញហើយ។

ទោះជាយ៉ាងណា មន្ដ្រីសម្របសម្រួលសហគមន៍ជនជាតិដើមភាគតិចគួយនៃអង្គការពន្លកខ្មែរ លោក លួត សាំង មាន​ប្រ​សា​សន៍ថាតាមការស៊ើបអង្កេតកន្លង​មក ដីជម្លោះនោះមានព្រំប្រទល់​ជាប់ស្រុក​ឆែ​បនិង​ស្រុកជ័យសែន​ខេត្ដ​ព្រះវិហារ ហើយ​លោ​កថាកើមានជម្លោះតាំងពីឆ្នាំ២០១២ ប៉ុន្ដែគ្មានដំណោះ​ស្រា​យ​ពី​​អា​ជ្ញា​ធរ។ លោក​បន្ថែម​ថា ​ការកើតមា​នជម្លោះ​នេះ ដោយសារអាជ្ញាធរមិនអើពើដោះស្រាយដែលធ្វើឲ្យក្រុមហ៊ុន​ឈូស​ឆាយ​ដី​ប៉ះ​ពាល់​ដល់ទីទួលប្រា​សាទនិងព្រៃឈើ​ដែល​ពួក​គាត់​​​អា​​ស្រ័យ​ផល​អ​នុផលព្រៃ​ឈើពីដូនតាមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ