ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដាក់វិធានការមួយចំនួនក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃ ដល់មន្រ្តីរដ្ឋបាលព្រៃឈើនិងមន្រ្តីរដ្ឋបាលជលផល ដោយរំឭកពីចំណាត់ការផ្លូវច្បាប់លើជនណាដែលបង្កឲ្យមានភ្លើងឆេះព្រៃដោយចេតនា។
នៅក្នុងសេចក្តីណែនាំមួយចុះថ្ងៃទី២១ខែមករា ហើយវីអូឌី(VOD)ទទួលបាននៅថ្ងៃពុធនេះ ក្រសួងកសិកម្មបានលើកឡើងថាភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំបានបង្កឲ្យមាន”បញ្ហាដ៏ធ្ងន់ធ្ងរដល់ការបាត់បង់ធនធានព្រៃឈើនិងព្រៃលិចទឹក”ហើយបានបង្ក”វិនាសកម្មនិងការខាតបង់យ៉ាងធ្ងន់ធ្ងរដល់សង្គមសេដ្ឋកិច្ចជនបទ សេដ្ឋកិច្ចជាតិ ធនធានធម្មជាតិនិងបរិស្ថាន”។ ក្រសួងបន្តថាកត្តាចម្បងដែលបង្កឲ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រឆាំង តាមរយៈសកម្មភាពដូចជាការកាប់ឆ្ការដុតរានព្រៃ ដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការតាំងទីលំនៅដ្ឋានថ្មី ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើងនៅក្នុងព្រៃតាមរយៈការធ្វេសប្រហែសរបស់មនុស្ស។
បើតាមសេចក្តីណែនាំនោះ ក្រសួងបានដាក់វិធានការមួយចំនួនដូចជាទប់ស្កាត់ការប្រើប្រាស់ភ្លើងជាមធ្យោបាយដើម្បីយកឃ្មុំ ការដុតស្ទាក់ចាប់សត្វនិងការដុតវាលស្មៅដើម្បីយកល្បាស់ធ្វើចំណីសត្វពាហនៈ ទប់ស្កាត់ការកាប់ឆ្ការ គាស់រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹកដើម្បីពង្រីកផ្ទៃដីដំណាំកសិកម្មឬក្នុងគោលបំណងផ្សេងៗទៀត។ ក្នុងករណីចាំបាច់ដែលត្រូវប្រើភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណង់ឈើព្រៃ ក្រោមគោលបំណងដាំដំណាំកសិកម្មនិងសកម្មភាពស្របច្បាប់ផ្សេងទៀត ត្រូវជូនដំណឹងដល់សង្កាត់រដ្ឋបាលព្រៃឈើឬសង្កាត់រដ្ឋបាលជលផលសាមី
ក្រសួងណែនាំបន្តថាការរុករកផល អនុផលព្រៃឈើជាប្រពៃណីនិងសកម្មភាពផ្សេងទៀតដែលចាំបាច់ត្រូវប្រើភ្លើងជាមធ្យោបាយ(ដុតរណ្តៅជ័រ) ត្រូវពន្លត់ភ្លើងឲ្យអស់ជាចាំបាច់មុនពេលចាកចេញពីដើមឈើច្បោះជ័រ។
ក្រសួងកសិកម្មបានបញ្ជាក់ថា៖ “អនុលោកតាមច្បាប់ស្តីពីព្រៃឈើនិងច្បាប់ស្តីពីជលផល ប្រជាពលរដ្ឋកងកាម្លំាងប្រដាប់អាវុធនិងអាជ្ញាធរដែនដីគ្រប់ថ្នាក់ត្រូវមានករណីកិច្ចទទួលខុសត្រូវថែរក្សា ការពារព្រៃឈើ បង្ការនិងប្រយុទ្ធនឹងភ្លើងឆេះព្រៃ ចូលរួមថែករក្សាជម្រកមច្ឆជាតិ ការពារបង្ការនិងប្រយុទ្ធនឹងភ្លើងឆេះព្រៃលិចទឹកនៅតាមមូលដ្ឋានរៀងៗខ្លួន”។ ក្រសួងបន្ថែមថា៖ “ជនណាដែលបានប្រព្រឹត្តឬបង្កឲ្យមានភ្លើងឆេះព្រៃឬភ្លើងឆេះព្រៃលិចិតទឹកដោយចេតនា ត្រូវផ្តន្ទាទោសករោមបទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជលផលថ្នាក់ទី១ដែលត្រូវជាប់ពន្ធនាគារពី៣ឆ្នាំទៅ៥ឆ្នាំឬពី៥ឆ្នាំទៅ១០ឆ្នាំ”៕