សាលាពហុភាសាជួយ​កាត់​បន្ថយ​ការ​បោះ​​បង់​ការសិក្សានិង​ភាព​ក្រីក្រ​របស់​ជនជាតិ​ដើម​ភាគ​តិច​

រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន មានប្រសាសន៍ថាសាលា​ពហុ​ភាសា​ដែល​មាន​បង្រៀនជាភាសាខ្មែរនិង​ភាសាជន​ជាតិ​ដើម​ភាគ​តិចកំពុង​ជួយ​ឲ្យ​កាត់​បន្ថយ​អត្រា​រៀនត្រួត​ថ្នាក់ ការ​បោះ​បង់​​ការ​​សិក្សានិង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដល់​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា។

លោក ហង់ ជួន ណារ៉ុន ថ្លែង​បែប​នេះ​ក្នុង​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​ផែនការ​សកម្មភាព​ជាតិ​ស្តីពីការ​អប់រំ ពហុភាសា​ឆ្នាំ​២០១៥-២០១៨ ដែល​រៀប​ចំ​នៅ​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​។ លោក​មានប្រសាសន៍​ថាសព្វ​ថ្ងៃ​ការ​អប់រំ​សម្រាប់​កុ​មារ​ជនជាតិ​ដើមភាគ​តិច​​កំពុង​ជួប​ការ​លំបាក ដោយពួកគេ​មិនទាន់ទទួល​បាន​ការ​អប់​រំ​ប្រកប​ដោយ​សមធម៌​ដូច​កុមារ​ទូទៅ ដូច្នេះ​ហើយ​ការ​អប់​រំ​ពហុភាសា​នឹង​ជួយ​ឲ្យ​ពួ​កគេ​អាច​រៀន​ទាន់​កុមារ​ដទៃ។

លោកបានថ្លែងថា៖ “ការ​បង្រៀន​២ភាសានេះគឺ​​លើកទឹក​ចិត្ត​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​បញ្ជូន​កូនចៅទៅរៀន។ អីចឹងកាត់​បន្ថ​យ​នូវភាព​ក្រី​ក្រផង ក៏​ផ្តល់ឱកាសឲ្យ​គាត់​ទទួល​បាន​នូវ​ការ​អភិ​វឌ្ឍ​សមស្រប ប្រសិនបើពួកគាត់​អត់​ចេះ​ភាសាខ្មែរ ​គាត់​មិនអាច​រក​ការងារធ្វើ​បានទេ”។​

គ្រូបង្រៀន​ថ្នាក់ទី៣​នៃសាលាអប់រំ​ពហុភាសា​ទេរ​ចម្លង ក្នុង​ឃុំកន្ទួត ស្រុក​ចិត្តបុរី ខេត្តក្រចេះ​ លោក ពើច នី ប្រាប់ថាបន្ទាប់ពី​មាន​សាលា​ពហុភាសានេះ ក្មេងៗ​ចេះ​សរសេរ និយាយនិង​កត់ត្រា​ទាំង​ភាសា​ជនជាតិ​ដើម និង​ភាសាខ្មែរ​ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​រក្សា​បាន​នូ​វ​វប្បធម៌​ប្រពៃណីនិង​ងាយ​ស្រួល​ស្វែង​រក​ការងារ​ធ្វើ​ក្នុង​ពេល​អនាគត​។​

លោក​មានប្រសាសន៍ថា៖ ខ្ញុំ​ជឿ​ថាពេល​ដែល​គាត់​បានរៀន​ភាសាកំណើតនិង​ភាសាខ្មែរ ភាសាកំណើត​វាជាស្ពាន​ ស្ពាន​មួយ​ដែល​​សម្រាប់ទៅ​​រៀន​បន្តទៅ​​ថ្នាក់​បឋម ដូច​ថា​ថ្នាក់ទី​៤ ទី​៥ ទី​៦ ចឹង ទី​៧ ទី៨ ទៅ។​ ដល់ភាសាខ្មែរ​រៀនចាប់ពី​ថ្នាក់​ដូចគ្នា គាត់​ងាយ​ស្រួ​ល​ប្រើ​ប្រាស់​ភាសាហ្នឹងតាម​សហគមន៍ និង​តាម​​ជីវភាព​របស់​គាត់​ក្នុងពេល​អនាគត​ទៅ”។​

ប្រធាន​អង្គការឃែរប្រចាំប្រទេស​កម្ពុជា​ លោកស្រី​ ចូអាន ហ្វ៊ែរលី មានប្រសាសន៍ថាកិច្ច​សហការ​ជាច្រើន​​ឆ្នាំ​​រវាង​អ្នកពាក់ព័ន្ធ​ទាំង​អស់​ក្រោម​កិច្ចដឹកនាំ​របស់​​ក្រសួងនិង​ការ​គាំទ្រពីអង្គការ​ឃែរ និង​យូនីសេហ្វ បាននាំឲ្យ​មាន​​កា​រៀប​ចំ​ផែន​ការ​ច្បាស់​​លាស់​មួយ​ដែ​ល​​ផ្តល់​នូវ​អត្ថប្រយោជន៍​ទូលំ​ទូលាយ​ដល់​កុមារ​មក​ពីសហគមន៍​ជន​​ជាតិ​​ដើមភាគ​តិច​តាម​រយៈការ​ផ្តល់ជាសៀវភៅ​សិក្សា និង​​គ្រូ​បង្រៀន​ជាដើម។ លោកស្រី​បន្ត​ថា៖ “ខណៈពេល​ដែល​ការ​អប់រំ​ពហុភាសា​កំពុង​ឈាន​ទៅ​ដល់​ដំណាក់​កាល​បន្ទាប់ យើង​សង្ឃឹម​ថា​នឹង​បន្ត​ភាព​ជាដៃគូ​ប្រកប​ដោយ​ផ្លែ​ផ្កា​នេះ​ ក៏​ដូចជា​ស្វែង​រក​នូវ​ឱកាស​នា​ពេល​អនាគត​ដើម្បី​បង្កើន​លទ្ធផល​នៃ​ការ​អប់​រំ​ពហុ​ភាសា​នេះ​បន្ថែម​ទៀត”

ការអប់រំ​ពហុភាសា​ត្រូវ​បានអនុវត្ត​ក្នុងការ​អប់រំ​ក្នុងប្រព័ន្ធ​លើកដំបូង​ក្នុង​ឆ្នាំ​២០០៣​ពេល​ដែល​អង្គការ​ឃែរ​បើក​សាលា​រៀន​សហគមន៍​​ដើម្បី​លាកល្បង​ការ​អប់រំពហុភាសានៅ​កម្ពុជា​ ហើយ​ត្រូវ​បាន​ក្រសួង​អប់​រំដាក់​បញ្ចូល​​​តាម​សាលា​រៀន​រដ្ឋក្នុង​ខេត្ត​រតនគិរី​​​ក្នុង​ឆ្នាំ​២០០៧-២០០៨។ ការអប់រំ​ពហុភាសាត្រូវ​បានអនុវត្តក្នុង​កម្រិត​មត្តេយ្យ​សិក្សា​នៅ​តាម​សាលារៀន​រដ្ឋក្នុង​ខេត្ត​ចំនួន​៥និង​កម្រិត​បឋម​ក្នុង​ខេត្ត​ចំនួន​៤។ ក្នុង​ឆ្នាំ​២០១៥​មានភាសា​ជនជាតិ​ដើម​ភាគ​តិច​ចំនួន​៥​ត្រូវ​បាន​ប្រើ​ប្រាស់​​នៅ​តាម​សាលារៀន​ ដូចជាភាសាព្រៅ ទំពួន កាវ៉ែត និង​ព្នង។

បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ រហូត​មក​ដល់ពេល​នេះ​សាលា​សហគមន៍​ពហុភាសា​មាន​ចំនួន​៦៧ក្នុង​ខេត្តចំនួន​៤ ដែល​ក្នុង​នោះ​សាលា​ចំនួន​២៧បាន​បញ្ចូល​ជា​សាលា​រដ្ឋក្រោយ​សាលាទាំងនោះ​បំពេញ​តាម​លក្ខខណ្ឌ​គ្រប់គ្រាន់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ