ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពន្យារពេលរហូតដល់ថ្ងៃពុធ សម្រាប់ការបោះឆ្នោតលើការដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង ដើម្បីដាក់ទោសរបបនេះ បន្ទាប់ពីការធ្វើតេស្តនុយក្លេអ៊ែរ និងការបាញ់គ្រាប់រ៉ុក្កែតលើកទីបួនរបស់ខ្លួន។
ភ្នាក់ងារព័ត៌មាន AFP បាយរាយការណ៍ថា ដំបូងឡើយ ក្រុមប្រឹក្សាសន្តិសុខគ្រោងធ្វើការបោះឆ្នោតពីការដាក់ទណ្ឌកម្មនេះកាលពីថ្ងៃអង្គារ ប៉ុន្តែអង្គប្រជុំបានពន្យារពេលតាមការស្នើសុំរបស់ប្រទេសរុស្ស៊ី។បេសកជនរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបានបដិសេធមិនព្រមផ្ដល់មូលហេតុសម្រាប់ការពន្យារពេលនោះទេ តែអ្នកនាំពាក្យលោក Alexei Zaytsev បានបញ្ជាក់ថា ការបោះឆ្នោតនោះនឹងធ្វើឡើងនៅថ្ងៃពុធនេះនៅម៉ោង១០ព្រឹក (ម៉ោង១០យប់នៅប្រទេសកម្ពុជា)
ដោយមានការគាំទ្រពីប្រទេសចិន គេរំពឹងថាក្រុមប្រឹក្សាសន្តិសុខនឹងអនុម័តលើសេចក្ដីព្រាងដំណោះស្រាយមួយដែលធ្វើឡើងដោយអាមេរិក ដោយសេចក្ដីព្រាងនោះមានគោលបំណងដោះស្រាយបញ្ហា កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដោយកាត់ផ្តាច់ប្រភពនៃរូបិយប័ណ្ណរឹង និងការទទួលបានបច្ចេកវិទ្យា។
អាមេរិកបានហៅវិធានការជាកញ្ចប់នោះថាជាការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតសម្រាប់កូរ៉េខាងជើង ប៉ុន្តែឥទ្ធិពលគឺអាស្រ័យយ៉ាងខ្លាំងទៅលើប្រទេសចិនដែលជាសម្ព័ន្ធមិត្តសំខាន់ និងតែមួយគត់របស់ទីក្រុងព្យុងយ៉ាង។
កាលពីថ្ងៃទី៦ ខែមករា ប្រទេសកូរ៉េខាងជើងបានធ្វើតេស្តនុយក្លេអ៊ែរលើកទីបួនរបស់ខ្លួន ហើយមួយថ្ងៃក្រោយមកបានបាញ់បង្ហោះគ្រាប់រ៉ុក្កែតផ្កាយរណប ដែលត្រូវពិភពលោកមើលឃើញថាជាការក្លែងថាជាការធ្វើតេស្តមីស៊ីលផ្លោង។
ការធ្វើតេស្តទាំងពីរនេះត្រូវបានហាមឃាត់ក្រោមការសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិដោយបានថ្កោលទោសចំពោះកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង របស់កូរ៉េខាងជើងថាជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខពិភពលោក។
សេចក្តីព្រាងចុងក្រោយមួយនេះនឹងតម្រូវឱ្យបណ្តាប្រទេសនានាចាត់វិធានការដែលពុំធ្លាប់មានពីមុនមកក្នុងការពិនិត្យរាល់ទំនិញទាំងអស់ដែលដឹកចេញពី និងដឹកចូលប្រទេសកូរ៉េខាងជើង រឹតបន្តឹងការធ្វើពាណិជ្ជកម្មថ្មី និងហាមឃាត់នាវាដែលសង្ស័យថានាំយកទំនិញខុសច្បាប់សម្រាប់កូរ៉េខាងជើង។
ប្រភព៖ Channel News Asia