រដ្ឋសភានឹងបើកឲ្យមានសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់សហជីពដែលធ្វើឡើងនៅថ្ងៃពុធសប្តាហ៍ក្រោយ។
នៅក្នុងសេចក្តីជូនដំណឹងមួយចេញផ្សាយនៅថ្ងៃពុធនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថាគណៈកម្មការចំពោះកិច្ចនៃ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិនឹងបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់សហជីពនៅព្រឹកម៉ោង៨ ថ្ងៃទី៩ខែមីនា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។ សិក្ខាសាលានេះត្រូវធ្វើឡើងក្រោមអធិបតីភាពរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា។ សិក្ខាសាលានឹងមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រសួងការងារ តំណាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិនិងអន្តរជាតិជាដើម។
គណៈកម្មការចំពោះកិច្ចនៃគណបក្សទាំងពីរគ្រោងនឹងជួបគ្នាម្តងទៀតមុនថ្ងៃនៃការបើកសិក្ខាសាលានេះ។
សេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះមានចំនួន១៧ជំពូក និង១០០មាត្រា ហើយច្បាប់នេះត្រូវបានសហជីពចោទប្រកាន់ថារដ្ឋាភិបាលរៀបចំឡើងទៅតាមសំណើរបស់និយោជក។ តំណាងសហជីពព្រមានថាបើសិនច្បាប់នេះត្រូវបានសភាអនុម័តដោយមិនមានការកែប្រែទៅតាមអ្វីដែលសហជីពបានទាមទារ ច្បាប់នេះនឹងធ្វើឲ្យសហជីពឯករាជ្យចុះទន់ខ្សោយនិងធ្វើឲ្យបាត់បង់ផលប្រយោជន៍របស់កម្មករ។
រហូតមកដល់ពេលនេះ សហជីពធំៗនៅតែបន្តស្នើឲ្យសភានិងរដ្ឋាភិបាលបើកទូលាយដល់សហជីពក្នុងការជួបពិភាក្សាអំពីសេចក្តីព្រាងច្បាប់ស្តីពីសហជីព បើទោះបីជាកង្វល់របស់ពួកគេមួយចំនួនត្រូវបានពិភាក្សានិងកែសម្រួលដោយគណៈកម្មការចំពោះកិច្ចរបស់គណបក្សប្រជាជនកម្ពុជានិងសង្គ្រោះជាតិហើយក៏ដោយ៕