រដ្ឋបាលខេត្តបាត់ដំបងជំរុញឲ្យពលរដ្ឋចូលរួមគោរពទង់ជាតិឡើងវិញ

រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្ដីប្រកាសមួយដោយជំរុញឲ្យពលរដ្ឋក្នុងក្រុងបាត់ដំបងចូលរួមគោរពទង់ជាតិជារៀងរាល់ព្រឹកឡើងវិញទៅតាមរយៈស្នូរសំឡេងសារ៉ែន។

បើតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី២៩ខែកុម្ភៈ គឺអាជ្ញាធរខេត្តនេះបានជំរុញឲ្យមានសកម្មភាពចូលរួមគោរពទង់ជាតិតាមរយៈស្នូរសំឡេងសារ៉ែនរៀងរាល់ម៉ោង៧ព្រឹកចាប់ផ្ដើមពីថ្ងៃទី៨ខែមីនានេះតទៅ។

សេចក្ដីប្រកាសដដែលក៏តម្រូវឲ្យពលរដ្ឋដែលធ្វើដំណើរឬធ្វើកិច្ចការផ្សេងៗតាមដងផ្លូវ​នានាក្នុងក្រុងបាត់ដំបងត្រូវបញ្ឈប់សកម្មភាពការងារនិងឈប់ធ្វើដំណើរចុះពីយានជំនិះដើម្បីចូលរួម​គោ​រពទង់ជាតិចាប់ពីពេលឮស្នូរសំឡេងសារ៉ែនរហូតដល់ចប់(មួយនាទី)ទើបបន្តដំណើរនិងការងារទៀត។

សេចក្ដីប្រកាសនោះក៏បានតម្រូវជាពិសេសមន្រ្តីរាជការ សិស្សនិស្សិត និងគ្រឹះស្ថាននានាចូលរួមគោរពទង់ជាតិឲ្យបានតាមសេចក្ដីជូនដំណឹងដើម្បីជាការលើកស្ទួយកិត្យានុភាពរបស់ជាតិខ្មែរ។

កន្លងមករដ្ឋបាលខេត្តបាត់ដំបងក៏បានកំណត់ពេលវេលាក្នុងការគោរពទង់ជាតិជារៀងរាល់ម៉ោង៧ព្រឹកតាម រយៈស្នូរសំឡេងសារ៉ែនដែលបន្លឺឡើងចេញពីអង្គភាពរដ្ឋាករទឹកក្រុងបាត់ដំបង។ ប៉ុន្តែដោយសារម៉ាស៊ីនសារ៉ែននេះខូចទើបបណ្ដាលឲ្យ​អាកខានការគោរពទង់ជាតិនេះអស់ជាច្រើនឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ