សកម្មជនបរិស្ថានជាជនជាតិដើមភាគតិច លោក វ៉ែន វ៉ន ដែលត្រូវស្គាល់ថាជាអ្នកតំណាងជនជាតិភាគតិចជងមកពីស្រុកថ្មបាំងនិងតែងតែចេញមុខការពារតំបន់អារ៉ែង ត្រូវបានតុលាការខេត្តកោះកុងកាត់ព្យួរទោស១ឆ្នាំ ហើយលោកនឹងត្រូវដោះលែងនៅថ្ងៃព្រហស្បតិ៍នេះ។
លោក វ៉ែន វ៉ន ត្រូវបានតុលាការឃុំខ្លួនចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ ពីបទប្រមូលផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត នៅភូមិឬស្ស៊ី ឃុំជំនាប់ ស្រុកថ្មបាំង តាមបញ្ញត្តិមាត្រា៩៨នៃច្បាប់ស្តីពីព្រៃឈើនិងបទលុបបំបាត់វត្ថុតាង ប្រព្រឹត្តតាមបញ្ញត្តិមាត្រា៥៣៣នៃក្រមព្រហ្មទណ្ឌ។
លោកស្រី អ៊ិត មថុរា មេធាវីការពាររបស់លោក វ៉ែន វ៉ន ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថាចៅក្រមបានកាត់ ព្យួរទោស១ឆ្នាំលើកូនក្តីរបស់លោកស្រី ក្រោមមាត្រា៩៨នៃច្បាប់ព្រៃឈើ។ លោកស្រីបន្តថាលោក វ៉ែន វ៉ន អាចនឹងត្រូវដោះលែងនៅល្ងាចនេះ។
លោកស្រីបញ្ជាក់ថានេះជាកម្រិតទោសទាបបំផុត។ លោកស្រីមានប្រសាសន៍ថា៖ “ខ្ញុំគិតថាបទល្មើសរបស់គាត់ហ្នឹង តុលាការកាត់មិនត្រឹមត្រូវទេ។ គាត់អត់បានធ្វើអីខុសនោះទេ”។
ភរិយារបស់លោក វ៉ែន វ៉ន គឺអ្នកស្រី ម៉ន សុម៉ុន អាយុ៣៤ឆ្នាំ ប្រាប់វីអូឌី(VOD)ថាតុលាការប្រាប់ថានឹងដោះលែងប្តីរបស់អ្នកស្រីនៅរសៀលម៉ោង៣នេះ។ អ្នកស្រីបញ្ជាក់ថាតុលាការកាត់ក្តីលើប្តីរបស់អ្នកស្រីមិនត្រឹមត្រូវនោះទេ។ អ្នកស្រីមានប្រសាសន៍ថា៖ “ប្តីខ្ញុំមិនបានទៅកាប់ឈើដោយខ្លួនឯងនោះទេ”។
ក្នុងពេលសវនការជំនុំជម្រះកាលពីកន្លងទៅ តំណាងអយ្យការបានស្នើដល់ចៅក្រមឲ្យទម្លាក់បទចោទមួយករណីវិញដោយថាពុំមានធាតុផ្សំគ្រប់គ្រាន់ក្នុងការចោទប្រកាន់។ បទចោទមួយករណីនោះគឺទាក់ទងនឹងការលុបបំបាត់វត្ថុតាងតាមមាត្រា៥៣៣ នៃក្រមព្រហ្មទណ្ឌ។ លោក វ៉ែន វ៉ន ត្រូវបានរដ្ឋបាលព្រៃឈើជាអ្នកដាក់ពាក្យប្តឹងទៅតុលាការ។
របាយការណ៍របស់អង្គការលីកាដូឲ្យដឹងថាវ៉ែន វ៉ន ជាអ្នកដែលសកម្មជាងគេនៅក្នុងយុទ្ធនាការរបស់សហគមន៍តំបន់អារ៉ែង ដើម្បីបញ្ឈប់ការកសាងទំនប់វារីអគ្គីសនីដ៏ចម្រូងចម្រាសរបស់ក្រុមហ៊ុន ភាពីម៉ិច (ជាក្រុមហ៊ុនរបស់លោក ឡៅ ម៉េងឃីន ជាសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច)និងក្រុមហ៊ុនចិន ស៊ីណូ ហាយដ្រូ ជាដៃគូ។ របាយការណ៍បន្តថាលោកប្រឈមមុខនឹងការចោទប្រកាន់ថាបានដឹកនាំការសាងសង់កន្លែងប្រជុំតូចមួយនៅក្នុងឃុំ(ជាកន្លែងដែលត្រូវបានសាងសង់ដោយសហគមន៍តំបន់អារ៉ែង ដើម្បីជួយដល់សកម្មភាពរបស់អ្នកទាំងនោះ)៕