ក្រសួងមុខងារសាធារណៈឲ្យដឹងថារដ្ឋាភិបាលបានសម្រេចជាគោលការណ៍ឲ្យជ្រើសរើសមន្រ្តីក្របខ័ណ្ឌជាង៧៦០០នាក់និងជាប់កិច្ចសន្យាជាង១ម៉ឺននាក់ សម្រាប់ឆ្នាំ២០១៦នេះ ដែលមន្រ្តីរដ្ឋាភិបាលអះអាងថាចំនួនជ្រើសរើសនៅឆ្នាំនេះគ្រាន់តែជាការបំពេញជំនួសនិងមិនមានកំណើននោះទេ។
នៅក្នុងលិខិតមួយរបស់ក្រសួងមុខងារសាធារណៈ ចុះថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាលបានសម្រេចជ្រើសរើសមន្រ្តីរាជការស៊ីវិលក្នុងក្របខ័ណ្ឌចំនួន៧៦២១កន្លែងសម្រាប់ក្រសួង ស្ថាប័នថ្នាក់ជាតិនិងក្រោមជាតិនៅទូទាំងប្រទេស។ លិខិតបន្តថារដ្ឋាភិបាលនឹងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន១០៩២១នាក់ បុគ្គលិកអណ្តែតចំនួន៦៥៣០នាក់(សម្រាប់ការងារសម្អាតសួននិងបោសសម្អាត)និងឧទ្យានុរក្សចំនួន៩៦០នាក់(សម្រាប់ក្រសួងបរិស្ថាន)។
បើតាមផែនការនោះ ក្រសួងអប់រំត្រូវជ្រើសរើសមន្រ្តីក្របខណ្ឌច្រើនជាងគឺទៅដល់ចំនួន៣៤៨៨នាក់ ជាប់កិច្ចសន្យាចំនួន១៣៥នាក់និងអណ្តែតចំនួន២៩៦នាក់។ បន្ទាប់មក គឺក្រសួងសុខាភិបាលជ្រើសរើសមន្រ្តីរាជការក្របខ័ណ្ឌចំនួន៧៧៥នាក់ ជាប់កិច្ចសន្យាចំនួន៤១៩១នាក់។ ក្រសួងមហាផ្ទៃត្រូវជ្រើសរើសមន្រ្តីរាជការក្របខណ្ឌចំនួន៤៥១នាក់ ជាប់កិច្ចសន្យាចំនួន៤៥៨នាក់និងអណ្តែតចំនួន៩១០នាក់។
ចំណែកក្រសួងកសិកម្មជ្រើសរើសមន្រ្តីក្របខ័ណ្ឌចំនួន៣៣៣នាក់ ជាប់កិច្ចសន្យាចំណួន១៨២នាក់និងអណ្តែតចំនួន៨៤២នាក់។ ទីស្តីការគណៈរដ្ឋមន្រ្តីត្រូវការជ្រើសរសើមន្រ្តីក្របខ័ណ្ឌចំនួន៧៣នាក់ កិច្ចសន្យាចំនួន១៣០នាក់។
ក្រសួងមុខងារសាធារណៈបានណែនាំឲ្យជ្រើសរើសបេក្ខជនដែលមាន”លក្ខណៈសម្បត្តិគ្រប់គ្រាន់ឲ្យចូលបម្រើការងារដើម្បីបំពេញមុខតំណែងដែលទំនេរនិងសេចក្តីត្រូវការដែលមានពិតប្រាកដនៅតាមអង្គភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនិងមន្ទីរ អង្គភាពជំនាញ រាជធានី ខេត្ត ព្រមទាំងយកចិត្តទុកដាក់បេក្ខភាពជាជនពិការដែលមានសមត្ថភាពសមស្រប២ភាគរយនៃក្របខណ្ឌដែលទទួលបានប្រចាំឆ្នាំ”។
ប្រធាននាយកដ្ឋានគ្រប់គ្រងក្របខ័ណ្ឌនៃក្រសួងមុខងារសាធារណៈ លោក សុខ សំអាត មានប្រសាសន៍ថាការជ្រើសរើសនេះធ្វើឡើងទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល ហើយភាគច្រើនជាការជ្រើសរើសជំនួសមន្រ្តីចូលនិវត្តន៍ មរណភាពនិងលាឈប់ពីក្របខ័ណ្ឌជាដើម។ ប៉ុន្តែលោកថាក្រសួងស្ថាប័នមួយចំនួនក៏បានបង្កើតរចនាសម្ព័ន្ធថ្មី ដោយរដ្ឋាភិបាលបានអនុញ្ញាតឲ្យជ្រើសរើស តែត្រូវពិនិត្យមើលតាមតម្រូវការជាក់ស្តែងដោយរឹតត្បិតបំផុត។ លោកបន្តថារហូតមកដល់ពេលនេះ ក្រសួងស្ថាប័ននីមួយៗមិនទាន់បានជ្រើសរើសមន្រ្តីទាំងនោះ ដោយលោកថារដ្ឋាភិបាលបានកំណត់ត្រឹមខែមិថុនាឆ្នាំ២០១៦ ត្រូវរើសឲ្យហើយ លើកលែងតែក្រសួងអប់រំ ដែលស្នើសុំពន្យារពេល។
លោក សុខ សំអាត បានបញ្ជាក់ថា៖ “តាមពិតច្បាប់យើង ការជ្រើសរើសតាមរយៈប្រឡងប្រជែង អាហ្នឹងសម្រាប់ក្របខ័ណ្ឌមន្រ្តីរាជការ។ …ក្រសួងស្ថាប័នមួយចំនួន គឺគាត់បានធ្វើលិខិតមកស្នើសុំតំណាងក្រសួងមុខងារសាធារណៈដើម្បីចូលរួមក្នុងដំណើរការប្រឡងរបស់គាត់។ អញ្ចឹងក្រសួងភាគច្រើនគាត់រៀបចំ រៀបចំប្រឡងជ្រើសរើសទៅតាមចំនួនបែងចែង”។
លោក សុខ សំអាត បន្តថាអង្គភាពប្រឆាំងអំពើពុករលួយនឹងចូលរួមក្នុងការត្រួតពិនិត្យដំណើរការប្រឡងទាំងអស់នេះ ដើម្បីធានាថាការប្រឡងត្រឹមត្រូវនិងមានតម្លាភាព។ លោកមានប្រសាសន៍ថា៖ ”នីតិវិធីទាំងអស់នេះ គ្រប់ក្រសួងស្ថាប័នគាត់បានអនុវត្តជាច្រើនឆ្នាំកន្លងមកហើយ ឃើញថាប្រសិទ្ធភាពនីមួយៗគឺអាស្រ័យទៅលើឆន្ទៈរបស់ថ្នាក់ដឹកនាំ ប្រធានក្រសួងស្ថាប័ន ដែលគាត់អនុវត្តហ្នឹង មានបង្កើតគណៈកម្មការប្រឡង គាត់មាននីតិវិធីនិងយន្តការរបស់គាត់ក្នុងការគ្រប់គ្រងដំណើរការប្រឡងរួចទៅហើយ”។
បើតាមមន្រ្តីជំនាញ ចំនួនមន្រ្តីរាជការស៊ីវិលនៅគ្រប់ស្ថាប័នក្រសួងរដ្ឋទាំងអស់ មានក្នុងរង្វង់២០ម៉ឺននាក់។ គួរបញ្ជាក់ថាកាលពីខែមេសា ឆ្នាំ២០១៥ រដ្ឋាភិបាលបានសម្រេចជ្រើសរើសក្របខណ្ឌថ្មីមន្រ្តីរាជការជាង៥០០០នាក់ ដើម្បីបំពេញចំនួនមន្រ្តីរាជការដែលបាត់បង់ពីស្ថាប័នរដ្ឋ ដោយសារការចូលនិវត្តន៍ លុបឈ្មោះចោលនិងការបាត់បង់កាយសម្បទា៕
កែតម្រូវ៖ រដ្ឋាភិបាលគ្រោងជ្រើសរសើបុគ្គលិកអណ្តែតចំនួន៦៥៣០នាក់មិនមែន៨៩៥៣នាក់ដូចការចុះផ្សាយមុនទេ។