ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលកំពុងត្រូវបានទម្លាយរឿងអាស្រូវស្នេហា នៅថ្ងៃព្រហស្បតិ៍នេះ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា”យើងមិនត្រូវធ្វើតាមអារម្មណ៍ ឬ ធ្វើអ្វីតាមតែគេចាក់ឲ្យយើងលោតនោះទេ” និងត្រូវប្រកាន់ខ្ជាប់នូវឃ្លាថា”កុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង”។
លោក កឹម សុខា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំង២៥ រាជធានី-ខេត្ត ដែលធ្វើឡើងនៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ “ក្នុងកិច្ចប្រជុំនេះ ខ្ញុំបានបញ្ជាក់ទៅថ្នាក់ដឹកនាំទាំងអស់ថាដូចដែលខ្ញុំធ្លាប់បានជម្រាបជូនថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិយើង ជាច្រើនដងមកហើយ។ យើងបានឆ្លងកាត់នូវឧបសគ្គជាច្រើន ហើយយើងក៏ដឹងហើយថា ដរាបណាយើងនៅតែរក្សាគោលជំហរ រឹងមាំរបស់យើង តាមឆន្ទៈរបស់ប្រជាពលរដ្ឋគឺ យើងនៅតែជួបឧបសគ្គជាច្រើនតទៅមុខទៀត”។ លោកបន្តថាគណបក្សមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើ ហើយថាគណបក្សកំពុងដើរតាមផ្លូវត្រូវនិងកំពុងតែរួបរួមគ្នាយ៉ាងរឹងមាំ។
លោក កឹម សុខា បញ្ជាក់ថា៖ “ដូច្នេះ អ្វីដែលយើងត្រូវធ្វើតទៅមុខទៀតនោះគឺ យើងត្រូវតែធ្វើទៅតាមគោលដៅ តាមផែនការយុទ្ធសាស្រ្ដរបស់យើងតែប៉ុណ្ណោះ។ យើងមិនត្រូវធ្វើតាមអារម្មណ៍ ឬ ធ្វើអ្វីតាមតែគេចាក់ឲ្យយើងលោតនោះទេ ត្រូវរក្សានូវការអត់ធ្មត់តទៅទៀត ដូចដែលខ្ញុំបានជម្រាបហើយថា យើងកុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង”។
គួរបញ្ជាក់ថានៅពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់ថា លោក កឹម សុខា មានស្នេហាលួចលាក់ជាមួយស្រីក្មេងម្នាក់។ សំឡេងសន្ទនាដែលស្រដៀងនឹងសំឡេងកឹម សុខា ត្រូវបានផ្សព្វផ្សាយលើហ្វេសប៊ុក។
នេះមិនមែនជាលើកទីមួយទេ ពោលកាលពីមុនបោះឆ្នោតឆ្នាំ២០១៣ ក៏មានស្រ្តីម្នាក់ចេញមុខអះអាងថា ជាប្រពន្ធក្រៅច្បាប់របស់លោក កឹម សុខា ដែរ។ កាលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងវាយប្រហារចំៗទៅលើលោក កឹម សុខា ចំពោះករណីនោះ។
រហូតមកដល់ពេលនេះ លោក កឹម សុខា មិនទាន់ចេញមុខបកស្រាយថាតើសំឡេងដែលត្រូវបានផ្សព្វផ្សាយតាមហ្វេសប៊ុកជាសំឡេងរបស់លោកឬយ៉ាងណា។
វីអូឌីបានព្យាយាមទាក់ទងលោក កឹម សុខា ជាបន្តបន្ទាប់រហូតមកដល់ថ្ងៃនេះ តែទាន់អាចសុំការបកស្រាយនៅឡើយទេ៕