រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថាការបិទមិនឲ្យចាក់ផ្សាយបទចម្រៀង”ស្អាតជានិច្ច”របស់ផលិតកម្មហង្សមាស ដោយសារបទចម្រៀងនេះប៉ះពាល់ដល់ក្មេងៗនិងចម្លងបទចម្រៀងដើមដែលលោកថាម្ចាស់និពន្ធជាទីប្រឹក្សាក្រសួងព័ត៌មាន។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ខ្លឹមសារនៃបទចម្រៀងនេះធ្វើឲ្យប៉ះពាល់ពាល់ក្មេងៗនិងផ្ទុយពីខ្លឹមសារម្ចាស់ដើមដែលលោកថាជាការរំលោភសិទ្ធិកម្មសិទ្ធិបញ្ញា។ លោកបន្តថាបទចម្រៀង”ស្អាតជានិច្ច”នេះ មានអ្នកនិពន្ធដែលកំពុងរស់រានមានជីវិតនៅឡើយដែលមានឋានៈជាទីប្រឹក្សាក្រសួងព័ត៌មាន។
លោកមានប្រសាសន៍ថា៖ “បើនិយាយពីកម្មសិទ្ធិបញ្ញាក៏ខុស។ ហើយទីពីរតែបទផ្សេងមិនបានទេអី ទុកបទហ្នឹងឲ្យក្មេងខ្លះទៅ។ ឥឡូវចាស់ទៅទៅដណ្តើមបទក្មេងទៅទៀតហើយ។ អារឿងពាក់Hip Hop យើងមិនថាទេ ប៉ុនតែងបទឲ្យវាញាក់តាមហ្នឹង។ ក្មេងតែដល់អាយុធំ វាចេះញាក់ខ្លួនវាហើយ ប៉ុន្តែអាបទស្អាតជានិច្ចហ្នឹងវាជាលក្ខណៈសម្គាល់មួយនៅឆ្នាំ៨០”។
លោករដ្ឋមន្រ្តីឲ្យដឹងទៀតថានេះជាលើកទីបីហើយដែលក្រសួងព័ត៌មានបានចាត់វិធានការបិទបទចម្រៀងរបស់ផលិតកម្មក្នុងស្រុក គឺបទសឹកហួសព្រោះស្នេហា បទឱភ្នំពេញអើយនិងបទស្អាតជានិច្ចនេះ។ លោកស្នើឲ្យផលិតកម្មនានាគួរតែនិពន្ធបទចម្រៀងខ្លួនឯង មិនគួរលួចចម្លងបទចម្រៀងគេផ្សេងនោះទេ។
នៅក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី២៤ខែកុម្ភៈ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងមួយឲ្យម្ចាស់ស្ថានីយ៍ទូរទស្សន៍និងវិទ្យុទាំងអស់បញ្ឈប់ការចាក់ផ្សាយបទចម្រៀង”ស្អាតជានិច្ច”របស់ផលិតកម្មហង្សមាស ដោយក្រសួងថាបទចម្រៀងនិពន្ធថ្មីនេះប្រាសចាកពីអត្ថន័យដើមនិង”ជះឥទ្ធិពលមិនល្អដល់កុមារទូទៅ”។ ក្រសួងបានបញ្ជាក់ថាទាំងខ្លឹមសារនិងរូបភាពនៃការសម្តែងបានប្រាសចាកអំពីអត្ថន័យខ្លឹម សារដើមទាំងស្រុងនៃបទចម្រៀងស្អាតជានិច្ច។
ក្រសួងបញ្ជាក់ថាអត្ថន័យដើមនៃបទចម្រៀង”ស្អាតជានិច្ច”បានអប់រំបណ្តុះគំនិតប្រាជ្ញាស្មារតីឲ្យកុមារឧស្សាហ៍ព្យាយាម រស់នៅស្អាតមានអនាម័យគ្រប់ពេលវេលា គ្រប់ទីកន្លែង តែលោកថាបទចម្រៀងថ្មីទាំងអត្ថន័យខឹ្លមសាររ៉េប បង្ហាញពីអត្តចរិករបស់កុមារខ្ជិលច្រអូសម្នាក់ រៀននៅបឋមសិក្សាធ្វើពុតជាឈឺក្បាល វិលមុខ និងក្តៅខ្លួនសុំអ្នកគ្រូទៅផ្ទះគេចសាលាដើរលេង ហើយសិស្សមានអាកប្បកិរយាមិនសមរម្យលេងឈូសស្បែកជើង។ លោករដ្ឋមន្រ្តីបញ្ជាក់ថាបទចម្រៀងនេះ”ជះឥទ្ធិពលមិនល្អដល់កុមារទូទៅ”។
អ្នកនាង ពេជ្រ សោភា ប្រាប់វីអូឌីអ្នកនាងជាអ្នកនិពន្ធនិងបង្ហាញគំនិតនៃ ការសម្តែងបទចម្រៀងមួយនេះ។ អ្នកនាងបន្តថា អ្នកនាងមិនជំទាស់អ្វីនឹងសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាននោះទេ តែថាបទចម្រៀងនេះគ្រាន់តែចង់រំឭកពីជីវិតនៅក្មេង ដើរលេងឈូសស្បែកជើងប៉ុណ្ណោះ។ អ្នកនាងបញ្ជាក់ថា អ្នកនាងគ្មានបំណងធ្វើប៉ះពាល់ដល់កុមារនោះទេ។ អ្នកនាងមានប្រសាសន៍ថា អ្នកនាងនឹងប្រយ័ត្នប្រយែងចំពោះ ការនិពន្ធនិងដឹកនាំសម្តែងនៅពេលក្រោយទៀត។
វីអូឌីមិនទាន់អាចទាក់ទងអគ្គនាយករងផលិតកម្មហង្សមាស លោក អ៊ឹង សុខលីបាននៅឡើយទេ។ គួរបញ្ជាក់ថាបទចម្រៀងស្អាតជានិច្ចនេះត្រូវបានផលិតកម្មហងមាសផ្សព្វផ្សាយជាសាធារណៈតាំងពីចុងខែមីនា ឆ្នាំ២០១៥៕
https://www.youtube.com/watch?time_continue=2&v=uIrB9kGMCuw