កុមារា កុមារី ជាជនជាតិដើមភាគតិច កំពុងអង្គុយរៀននៅក្នុងបន្ទប់រៀនថ្នាក់ទី៣នៃសាលាសហគមន៍ពហុភាសា១ក្នុងឃុំកន្ទួត ស្រុកចិត្តបុរីក្នុងខេត្តក្រចេះ។ សាលារៀនសម្រាប់ក្មេងៗជាជនជាតិដើមភាគតិចមួយនេះមានចម្ងាយប្រហែលជា៣០គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។ ក្មេងៗជាជនជាតិដើមភាគតិចព្នង ម្នាក់ៗអាយុជាង១០ឆ្នាំ ប្រហែលជា៣០នាក់កំពុងអង្គុយរៀនអាននិងសរសេរភាសារបស់ពួកគេជាមួយគ្រូដែលជាជនជាតិដើមភាគតិចព្នងដូចគ្នា។
អង្គុយអានសៀវភៅដែលមានទាំងអក្សរខ្មែរនិងអក្សរព្នង កុមារី ឈាន ស្រីមិត្ត លើកឡើងពីអារម្មណ៍របស់ខ្លួនក្រោយបានចូលរៀន ចេះសរសេរនិងអានភាសាខ្មែរនិងភាសាព្នងថានាងសប្បាយចិត្តពេលបានរៀនភាសារបស់នាងនិងភាសាខ្មែរដែលកាលពីមុននាងមិនធ្លាប់គិតថានាងតែងនិយាយភាសាព្នងនៅផ្ទះ ដូច្នេះមិនដែលស្គាល់ភាសាខ្មែរនិយាយយ៉ាងណានោះទេ។
កុមារីដែលមានបំណងប្រាថ្នាចង់ក្លាយជាគ្រូបង្រៀនរូបនេះបានប្តេជ្ញាថា នាងនឹងខិតខំប្រឹងប្រែងរៀនរហូតបញ្ចប់ថ្នាក់ទី១២ ដើម្បីបានធ្វើការងារដូចអ្នកចេះភាសាខ្មែរដទៃទៀត។ កុមារីបាននិយាយថា៖ “ខ្ញុំពីមុនខ្ញុំអត់ចេះអក្សរខ្មែរទេ ប៉ុន្តែឥឡូវលោកគ្រូបង្រៀនខ្ញុំចេះហើយ”។
នៅពេលសួរថាតើរៀនចប់ថ្នាក់ទី១២ កុមារីចង់ធ្វើអ្វី? កុមារីបានឆ្លើយថាចង់ធ្វើជាគ្រូបង្រៀន។
ទោះបីជាកុមារមកពីក្រុមជនជាតិដើមភាគតិចមានឱកាសបានចូលរៀន ពេលខ្លះពួកគេមិនអាចនិយាយឬស្តាប់ភាសាខ្មែរបាននោះទេ។ ការអបរ់រំពហុភាសាផ្តោតលើការជួយកុមារជម្នះនឹងរបាំងភាសា ដើម្បីឲ្យពួកគេទទួលបានឱកាសស្មើភាពនៅក្នុងការសិក្សានិងធំលូតលាស់។
មាឌតូចល្អិត សម្បុរស្រអែម កំពុងបង្រៀនសិស្សថ្នាក់ទី៣នៃសាលាអប់រំពហុភាសាទេរចម្លង លោក ពើច នី អាយុប្រហែល៣០ឆ្នាំ ប្រាប់ថាពេលមិនទាន់មានសាលាពហុភាសា ក្មេងៗនៅទីនោះមិនចេះពីរបៀបសរសេរ អាន ភាសាជនជាតិដើមភាគតិចរបស់ខ្លួន មិនចេះភាសាខ្មែរ ដែលធ្វើឲ្យពួកគេមិនពិបាកក្នុងការទំនាក់ទំនងសង្គមខាងក្រៅ។
គ្រូបង្រៀនជនជាតិព្នងរូបនេះបន្តថា បន្ទាប់ពីមានសាលាពហុភាសានេះ ក្មេងៗចេះសរសេរ និយាយនិងកត់ត្រាទាំងភាសាជនជាតិដើម និងភាសាខ្មែរដែលអាចធ្វើឲ្យពួកគេរក្សាបាននូវវប្បធម៌ប្រពៃណីនិងងាយស្រួលស្វែងរកការងារធ្វើក្នុងពេលអនាគត។
លោកមានប្រសាសន៍ថា៖ “ខ្ញុំជឿថាពេលដែលគាត់បានរៀនភាសាកំណើត និងភាសាខ្មែរ ភាសាកំណើតវាជាស្ពាន ស្ពានមួយដែលសម្រាប់ទៅរៀនបន្តទៅថ្នាក់បឋម ដូចថាថ្នាក់ទី៤ ទី៥ ទី៦ ចឹង ទី៧ ទី៨ ទៅ។ ដល់ភាសាខ្មែររៀនចាប់ពីថ្នាក់ដូចគ្នា គាត់ងាយស្រួលប្រើប្រាស់ភាសាហ្នឹងតាមសហគមន៍ និងតាមជីវភាពរបស់គាត់ក្នុងពេលអនាគតទៅ”។

កុមារមកពីសហគមន៍ជនជាតិដើមភាគតិចក្នុងតំបន់ដាច់ស្រយាលជួបប្រទះនូវឧបសគ្គជាច្រើនដូចជាពុំមានសាលារៀននៅក្បែរផ្ទះ ពួកគេមិនយល់ពីភាសាប្រើប្រាស់ក្នុងការបង្រៀននិងរៀនជាភាសាដែលពួកគេមិនយល់ ខ្វះខាតសម្ភារៈសិក្សា ប្រើប្រាស់ភាសាដែលមិនឆ្លុះបញ្ចាំងពីបរិបទរបស់ពួកគេជាដើម។ បច្ចុប្បន្នគេឃើញជនជាតិដើមភាគតិចមានការផ្លាស់ប្តូរការរស់នៅច្រើន ដោយពួកគេចេះនិយាយភាសាខ្មែរ អ្នកខ្លះអាចនិយាយភាសាបរទេស និងបានសិក្សារហូតដល់មហាវិទ្យាល័យ ព្រមទាំងមានឱកាសអាចចេញទៅធ្វើការនៅបរទេស ក្រោយពីពួកគេមានចំណេះដឹងគ្រប់គ្រាន់ពីការសិក្សា។
តំណាងសហគមន៍ជនជាតិដើមភាគតិចគ្រឹងមកពីខេត្តរតនគិរីដែលតែងចូលរួមយ៉ាងសកម្មក្នុងការជំរុញការសិក្សាពហុភាសា អ្នកស្រី គ្រុញ កាស៊ុង មានប្រសាសន៍ថាបន្ទាប់ពីមានសាលាពហុភាសាក្នុងភូមិឃុំរបស់អ្នកស្រី អ្នកស្រីមើលឃើញថាជនជាតិដើមភាគតិចទាំងនោះអាចនិយាយភាសាខ្មែរនិងទំនាក់ទំនងការងារក្នុងសង្គម ព្រមទាំងបង្កភាពងាយស្រួលក្នុងការរស់នៅជាមួយប្រជាពលរដ្ឋខ្មែរជាទូទៅបាន។
អ្នកស្រីមានប្រសាសន៍ថា៖ “បន្ទាប់ពីគាត់បានរៀននៅថ្នាក់បឋមសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី៦នៅក្នុងភូមិឃុំគាត់ចប់ហើយ ឥលូវដោយសារមានការគាំទ្រពីអង្គការឃែរ អ្នកខ្លះក៏បានបន្តការសិក្សាដល់អនុវិទ្យាល័យ ហើយអ្នកខ្លះទៀតក៏បានទទួលនូវការឧបត្ថម្ភក្នុងការបញ្ជូនពួកគាត់ឲ្យទទួលវគ្គបណ្តុះបណ្តាលនូវគរុកោសល្យ ដើម្បីឲ្យពួកគាត់ហ្នឹងក្លាយជាគ្រូក្នុងសាលារដ្ឋ ហើយសិស្សមួយចំនួនក៏ក្លាយជាគ្រូក្នុងសហគមន៍ក្នុងពេលបច្ចុប្បន្ននេះដែរ ហើយក៏មានអ្នកខ្លះមានឱកាសរៀនបន្តដល់មហាវិទ្យាល័យនៅខេត្តរតនគិរីផងដែរ”។
ក្រសួងអប់រំបានដាក់ចេញនូវផែនការសកម្មភាពជាតិដើម្បីពង្រីកការអប់រំពហុភាសាដល់សិស្សជាច្រើនបន្ថែមទៀតនៅកម្ពុជា។ យុទ្ធសាស្រ្តកក្នុងផែនការសកម្មភាពជាតិនោះមានដូចជាផ្តល់ការបណ្តុះបណ្តាលបន្ថែមដល់គរុសិស្សដែលជាជនជាតិដើមភាគតិចលើវិធីសាស្រ្តបង្រៀនពីរភាសា ទទួលស្គាល់គ្រូបង្រៀនសហគមន៍ពហុភាសាដែលបានបំពេញតាមបទដ្ឋានអប្បបរមាដើម្បីឲ្យពួកគេក្លាយជាគ្រូរដ្ឋ បោះពុម្ពសម្ភារៈបង្រៀននិងរៀនជាភាសាជនជាតិដើមភាគតិចនិងធានាថាសិស្សទាំងអស់ទទួលបានសម្ភារៈទាំងនេះក្នុងចំនួនគ្រប់គ្រាន់ ប្រែក្លាយសាលារៀនសហគមន៍ពហុភាសាទៅជាសាលារៀនរដ្ឋ ដែលគ្រប់គ្រងដោយក្រសួងអប់រំ។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ ជួន ណារ៉ុន ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពជាតិស្តីពីការអប់រំពហុភាសាឆ្នាំ២០១៥-២០១៨ ដែលរៀបចំនៅខេត្តក្រចេះកាលពីថ្ងៃទី១ខែមីនាថាសព្វថ្ងៃការអប់រំសម្រាប់កុមារជនជាតិដើមភាគតិចកំពុងជួបការលំបាក ដោយពួកគេមិនទាន់ទទួលបានការអប់រំប្រកបដោយសមធម៌ដូចកុមារទូទៅ។ លោកបន្ថែមថាការអប់រំពហុភាសានឹងជួយឲ្យពួកគេអាចរៀនទាន់កុមារដទៃព្រមទាំងជួយកាត់បន្ថយអត្រារៀនត្រួតថ្នាក់ ការបោះបង់ការសិក្សា និងកាត់បន្ថយភាពក្រីក្រដល់ជនជាតិដើមភាគតិចនៅកម្ពុជា។
លោកមានប្រសាសន៍ថា៖ “ការបង្រៀន២ភាសានេះគឺលើកទឹកចិត្តឲ្យជនជាតិដើមភាគតិចបញ្ជូនកូនចៅទៅរៀន ចឹងកាត់បន្ថយនូវភាពក្រីក្រផង ក៏ផ្តល់ឱកាសឲ្យគាត់ទទួលបាននូវការអភិវឌ្ឍសមស្រប ប្រសិនបើពួកគាត់អត់ចេះភាសាខ្មែរ គាត់មិនអាចរកការងារធ្វើបានទេ”។
ផែនការសកម្មភាពជាតិស្តីពីការអប់រំពហុភាសាទទួលស្គាល់ថាកុមារជនជាតិដើមភាគតិចទាំងអស់មានសិទ្ធិទទួលបានការអប់រំភាសាកំណើតរបស់ពួកគេនិងទទួលស្គាល់ថានេះជាវិធីសាស្រ្តល្អបំផុតដើម្បីសិស្សទទួលបានជោគជ័យ។ ការអប់រំពហុភាសាត្រូវបានអនុវត្តក្នុងការអប់រំក្នុងប្រព័ន្ធលើកដំបូងក្នុងឆ្នាំ២០០៣ ពេលដែលអង្គការឃែរបើកសាលារៀនសហគមន៍ដើម្បីសាកល្បងការអប់រំពហុភាសានៅកម្ពុជា ហើយត្រូវបានក្រសួងអប់រំដាក់បញ្ជូលតាមសាលារៀនរដ្ឋក្នុងខេត្តរតនគិរីក្នុងឆ្នាំ២០០៧-២០០៨។ ការអប់រំពហុភាសាត្រូវបានអនុវត្តក្នុងកម្រិតមត្តេយ្យសិក្សានៅតាមសាលារៀនរដ្ឋក្នុងខេត្តចំនួន៥ និងកម្រិតបឋមក្នុងខេត្តចំនួន៤។ ក្នុងឆ្នាំ២០១៥មានភាសាជនជាតិដើមភាគតិចចំនួន៥ត្រូវបានប្រើប្រាស់នៅតាមសាលារៀន ដូចជាភាសាព្រៅ ទំពួន កាវ៉ែត និងព្នង។
ប្រធានអង្គការឃែរប្រចាំប្រទេសកម្ពុជា លោកស្រី ចូអាន ហ្វ៊ែរលី មានប្រសាសន៍ថា កិច្ចសហការជាច្រើនឆ្នាំរវាងអ្នកពាក់ព័ន្ធទាំងអស់ក្រោមកិច្ចដឹកនាំរបស់ក្រសួង និងការគាំទ្រពីអង្គការឃែរ និងយូនីសេហ្វ បាននាំឲ្យមានការៀបចំផែនការច្បាស់លាស់មួយដែលផ្តល់នូវអត្ថប្រយោជន៍ទូលំទូលាយដល់កុមារមកពីសហគមន៍ជនជាតិដើមភាគតិចតាមរយៈការផ្តល់ជាសៀវភៅសិក្សា និងគ្រូបង្រៀនជាដើម។
លោកស្រីមានប្រសាសន៍ថា៖ “ខណៈពេលដែលការអប់រំពហុភាសាកំពុងឈនទៅដល់ដំណាក់កាលបន្ទាប់ យើងសង្ឃឹមថានឹងបន្តភាពជាដៃគូប្រកបដោយផ្លែផ្កានេះ ក៏ដូចជាស្វែងរកនូវឱកាសនាពេលអនាគតដើម្បីបង្កើនលទ្ធផលនៃការអប់រំពហុភាសានេះបន្ថែមទៀត”។
បើតាមរដ្ឋមន្រ្តីក្រសួងអប់រំ រហូតមកដល់ពេលនេះសាលាសហគមន៍ពហុភាសាមានចំនួន៦៧ ក្នុងខេត្តចំនួន៤ គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលក្នុងនោះសាលាចំនួន២៧ត្រូវបានបញ្ចូលជាសាលារដ្ឋក្រោយសាលាទាំងនោះបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់៕