សង្គមស៊ីវិលថាចរាចរណ៍គ្រឿងញៀននៅកម្ពុជាពេលនេះដល់ពេលប្រកាសអាសន្ន

​ក្រុម​ជួញដូរ​គ្រឿង​ញៀន​ព្រម​ទាំង​វត្ថុតាង​ជា​ថ្នាំ​ញៀនជាង​១០​ម៉ឺន​គ្រាប់​​ដែល​កងរាជ​អាវុធហត្ថ​​រឹបអូស​បាន (រូប​ពី​ហេ្វសប៊ុក​​កងរាជ​​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ)

មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនលើកឡើងប្រហាក់ប្រហែលគ្នាថា ការជួញដូរគ្រឿងញៀននៅកម្ពុជាស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ខណៈសមត្ថកិច្ចរកឃើញថា មេក្លោងជូញដូរគ្រឿងញៀនដែលជាប់ពន្ធនាគារហើយ នៅតែអាចបញ្ជាឲ្យបក្សពួករបស់ខ្លួនធ្វើចរាចរណ៍គ្រឿងញៀននៅខាងក្រៅបាន។

កាលពីថ្ងៃទី៣ ខែកុម្ភៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបង្ហាញមុខឧក្រិដ្ឋជន និងជនសង្ស័យជួញដូរគ្រឿងញៀន៦នាក់។ ក្នុងនោះ សមត្ថកិច្ចអះអាងថា ម្នាក់ត្រូវបានចាប់ខ្លួននៅជិតស្ពានជ្រោយចង្វា ក្នុងរាជធានីភ្នំពេញ និងឧក្រិដ្ឋជនទាំង៥នាក់ទៀតជាមេក្លោងកំពុងឃុំខ្លួនក្នុងពន្ធនាគារ តែពួកគេបញ្ជាតាមទូរស័ព្ទឲ្យបណ្តាញពួកគេចែកចាយគ្រឿងញៀននៅក្រៅឃុំ។

សមត្ថកិច្ច​បានបញ្ជាក់ថា គ្រឿងញៀនដែលរឹបអូសបានពីជនល្មើសនោះមានប្រភេទមេតាំហ្វេតាមីនគ្រាប់ចំនួន​១០៣៦០០គ្រាប់ និងម៉ាទឹកកក​ជាង៣គីឡូក្រាម។

អគ្គលេខាធិការគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា CHRAC លោក សួន ប៊ុនស័ក្តិ លើកឡើងថា បើសិនជាជនជាប់ចោទនៅក្នុងមន្ទីរឃុំឃាំង ហើយពួកគេអាចប្រើប្រាស់អំណាចបញ្ជាឲ្យចរាចរណ៍គ្រឿងញៀននៅខាងក្រៅបាន លោកថា នោះបង្ហាញថាសកម្ពុជាកំពុងស្ថិតក្នុងចំណុចគ្រោះថ្នាក់នៃការចែកចាយគ្រឿងញៀន។

លោកថា៖ “ខ្ញុំគិតថា នេះជាសញ្ញាណគ្រោះថ្នាក់ដល់កម្ពុជាហើយបាទ ព្រោះថាមនុស្សដាក់ពន្ធនាគារវាលែងមានសិទ្ធិសេរីភាពហើយ វានៅតែមានសិទ្ធិរស់រានមានជីវិត ក៏ប៉ុន្តែសិទ្ធិនៃឋានន្តរស័ក្តិជាសេរីភាពហ្នឹង គឺគេបានដកចេញអស់ហើយ ។ ប៉ុន្តែគាត់នៅមានរកស៊ីតាមរយៈ​បញ្ជាតាមប្រព័ន្ធទូរស័ព្ទ រលកធាតុអាកាសផ្សេងៗអញ្ចឹង ខ្ញុំគិតថានេះជាសញ្ញាណមិនល្អទេ ក្នុងការគ្រប់គ្រងពន្ធនាគារ ហើយសូមអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការ កុំឲ្យមានទង្វើអញ្ចឹងតទៅទៀតបាទ”

នៅពេលថ្មីៗនេះ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន បានថ្លែងនៅក្រសួងមហាផ្ទៃថា គ្រឿងញៀនខ្លះត្រូវបានធ្វើចរាចរណ៍នៅក្នុងពន្ធនាគារ និងស្នើឲ្យមានវិធានការទប់ស្កាត់។

អ្នកគ្រប់បច្ចេកទេសស៊ើបអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ការដែលមេជួញដូរគ្រឿងញៀនធំៗ ប្រើប្រាស់ពន្ធនាគារធ្វើជាកន្លែងចែកចាយគ្រឿងញៀននោះលោកថា ជាសញ្ញាណព្រួយបារម្ភខ្ពស់ និងត្រូវមានវិធានការបន្ទាន់ពីស្ថាប័នពាក់ព័ន្ធ។

លោកថា បើមិនដូចនេះទេ ពន្ធនាគារលែងទៅជាមណ្ឌលកែប្រែ តែបែរទៅជាមណ្ឌលបង្កលក្ខណៈឲ្យមនុស្សញៀនថ្នាំទៅវិញ។ លោកមានប្រសាសន៍ថា៖ “ប្រព័ន្ធជួញដូរនេះវាជ្រៅណាស់ បន្តិចទៀតទៅវាអាចគ្រោះថ្នាក់ ពីព្រោះការចរាចរណ៍យកពន្ធនាគារយកជាស្នាក់ការ វាអាចរាលដាលដល់អ្នកទោសដទៃទៀត។ ពួកគេអាចនឹងក្លាយជាអ្នកបម្រើនៃការជួញដូរគ្រឿងញៀន ឬក៏អាចជាអ្នកប្រើប្រាស់គ្រឿងញៀនបន្តទៀតនៅពេលគាត់ចេញមកក្រៅ”

ចំណែកនាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក ស្រី ចក់ សុភាព យល់ថា រូបភាពនេះ បានឆ្លុះបញ្ចាំងពីភាពធូររលុងនៃការគ្រប់គ្រងរបស់មន្ត្រីនៅពន្ធនាគារ និងការអនុវត្តច្បាប់។

លោកស្រីថា៖ “បើសិនជាជនល្មើសដែលត្រូបានចាប់ខ្លួនហើយ ហើយនៅតែប្រព្រឹត្តបទល្មើសនៅក្នុងពន្ធនាគារ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់មន្ត្រីមានសមត្ថកិច្ចហ្នឹង អញ្ចឹងតើជារូបភាពសម្រាប់ពលរដ្ឋសាមញ្ញ តើយើងគិតយ៉ាងម៉េចវិញ?បានន័យថាតើសុវត្ថភាពរបស់យើងមានន័យយ៉ាងម៉េច?នេះវាបង្ហាញពីអសមត្ថភាព ហើយនិងកម្សោយនៃការគ្រប់គ្រង ហើយវានឹងបង្កនូវហានិភ័យចំពោះអ្នកដែលនៅក្នុងពន្ធនាគារហ្នឹងទៀត។ ព្រោះយើងដឹងហើយថ្មាំញៀន រដ្ឋាភិបាលព្យាយាមគ្រប់គ្រង ហើយលុបបំបាត់នូវការប្រើប្រាស់ថ្នាំញៀនហ្នឹង ប៉ុន្តែបើថ្នាំញៀននៅតែបន្តចរាចរណ៍នៅពន្ធនាគារ អញ្ចឹងអ្នកដែលនៅក្នុងពន្ធនាគារហ្នឹងយ៉ាងម៉េចវិញ?”

​ថ្នាំ​ញៀនដែល​​កងរាជ​អាវុធហត្ថ​​រឹបអូស​បានកាល​ពី​ម្សិល​មិញ (រូប​ពី​ហេ្វសប៊ុក​​កងរាជ​​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ)
​ថ្នាំ​ញៀនដែល​​កងរាជ​អាវុធហត្ថ​​រឹបអូស​បានកាល​ពី​ម្សិល​មិញ (រូប​ពី​ហេ្វសប៊ុក​​កងរាជ​​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ)

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលជាស្ថាប័នបើកប្រតិបត្តិការចាប់ជនសង្ស័ និងឧក្រិដ្ឋជន ទទួលស្គាល់ថា ការកើតឡើងនៃករណីទាំងនេះពិតជាស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភ ដោយលោកថា ពេលនេះ មន្ត្រីជំនាញកំពុងតាមរកមុខអ្នកពាក់ព័ន្ធមួយចំនួនទៀតមកផ្តន្ទាទោស ។ លោកថា៖ “បាទ! អញ្ចឹងបានជាកងរាជអាវុធហត្ថយើងសម្រេចផ្សាយព័ត៌មាននេះ ដើម្បីឲ្យសាធារណជនដឹងខ្លះ ហើយក៏ពាក់ព័ន្ធនឹងការរឹតបន្តឹងករណីនេះ”

VODមិនអាចទាក់ទងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃពីលោក នុត សាវនា បានទេ ដោយទូរស័ព្ទមិនទាក់ទាក់ទងបាន ចំណែកអនុប្រធាននាយកដ្ឋានអប់រំកែប្រែលោក សន កែវ អះអាងថាជាប់ប្រជុំ។

ទោះជាយ៉ាងណា នៅពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីបានប្រកាសពីវិធានការធ្វើកំណែទម្រង់ម្តងទៀត ដោយលោកព្រមានថា អាចនឹងផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រីខ្លះ ដោយលោកថា បើការបញ្ជារបស់លោកនៅតែគ្មានប្រសិទ្ធភាព។

លោកបានថ្លែងថា៖ “ដល់ពេលហើយណា! ព្រោះទុកពេលឲ្យប៉ុន្មានឆ្នាំហើយ មុជទឹកឆ្លុះកញ្ចក់ មុជទឹកដុះក្អែល ឥឡូវដល់តំណាក់កាលព្យាបាលជម្ងឺហើយ”

យ៉ាងណាក៏ដោយ សង្គមស៊ីវិលយល់ថា ដើម្បីឲ្យការទប់ស្កាត់បទឧក្រិដ្ឋគ្រឿងញៀនមានប្រសិទ្ធភាព លុះណាតែរដ្ឋាភិបាលបង្កើនជំនាញដល់មន្ត្រីគ្រប់ស្ថាប័ន ពង្រឹងការអនុវត្តច្បាប់ លុបបំបាត់អំពើពុករលួយ បក្ខពួកនិយម និងបើកការស៊ើបអង្កេតមួយប្រកបដោយតម្លាភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ