រដ្ឋាភិបាល​​អនុម័ត​អនុក្រឹត្យ​ជក់​បារី​នៅ​ទីសាធារណៈ​ ដោយ​​ផាក​ពិន័យ​​២​ម៉ឺន​រៀល​សម្រាប់​អ្នក​បំពាន

បុរសម្នាក់បម្រើការងារជាសន្តិសុខ ជក់បារី​នៅកន្លែងផ្ញើកង់ម៉ូតូ (រូបថត៖ អុិត សូធឿត)

គណៈ​រដ្ឋមន្រ្តី​បាន​អនុម័ត​លើ​សេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការហាមការជក់ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់​នៅកន្លែងធ្វើការឬកន្លែងសាធារណៈ ដែល​អនុក្រឹត្យនេះ​នឹង​អនុញ្ញាតឲ្យ​​ផាកពិន័យ​អ្នក​ជក់បារីនៅកន្លែង​ហាមឃាត់​ចំនួន២​ម៉ឺន​រៀល​។

នៅព្រឹកថ្ងៃ​សុក្រនេះ គណៈរដ្ឋមន្រ្តីបាន​បើក​កិច្ច​ប្រជុំ​ពិនិត្យ​មើល​សេចក្តីព្រាង​អនុក្រឹត្យនេះ ក្រោម​អធិបតីភាព​​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្រ្តី​ លោក ផៃ ស៊ីផាន បាន​សរសេរ​នៅ​លើហ្វេសប៊ុក​របស់​លោក​ថា​គណៈ​រដ្ឋមន្រ្តី​បានសម្រេច​អនុម័ត​លើ​សេចក្តី​ព្រាងអនុក្រឹត្យនេះ។

បើតាម​លោក​ ផៃ ស៊ីផាន សេចក្តីព្រាងអនុក្រឹត្យនេះមាន​គោលបំណងចូលរួមក្នុងការការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ការពារនិងទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ដែលបង្កឲ្យ​មានហានិភ័យសុខភាពដល់អ្នកនៅជុំវិញនិងបរិស្ថាននិង​កាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់។

លោក ផៃ ស៊ីផាន បន្ត​ថា​នៅក្នុងសេចក្តីព្រាងអនុក្រឹត្យនេះ ក៏មានចែងអំពីការផាកពិន័យកម្រិតស្រាលដល់​​បុគ្គលដែលប្រព្រឹត្តល្មើសគឺ២ម៉ឺនរៀលចំពោះអ្នកជក់បារីនៅកន្លែងហាមឃាត់និង៥ម៉ឺនរៀលចំពោះម្ចាស់​កន្លែងដែលមិនព្រមបិទសញ្ញាហាមជក់បារីឬនៅតែបន្តដាក់បង្ហាញចានគោះបារី។ លោក​ឲ្យ​ដឹង​ថា​​ ​នៅប្រទេសម៉ាឡេស៊ី មាន​ការ​ផាក​ពិន័យជាប្រាក់ចំនួន៣,០៣០ដុល្លារ​សម្រាប់អ្នកបំពាន​ ប្រទេសឥណ្ឌូនេស៊ី៥,៥៨៧ដុល្លារ​ ប្រទេសប្រ៊ុយណេ ចំនួន៧៩០ដុល្លារ​ ប្រទេសសិង្ហបុរីចំនួន៧៥៦ដុល្លារ ប្រទេសមីយ៉ាន់ម៉ាចំនួន​១៥៧ទៅ៧៨០ដុល្លារ ប្រទេសហ្វីលីពីនចំនួន១១ទៅ២៥៧ដុល្លារ ប្រទេសថៃ៦ទៅ៦៥ដុល្លារ​និងប្រទេសវៀតណាម៤ទៅ១៤ដុល្លារចំពោះការប្រព្រឹត្តលើ្មស។

​កន្លែង​សាធារណៈ​ដែល​ត្រូវ​ហាម​ការជក់បារី​មានដូចជា គ្រឹះស្ថានឧត្តមសិក្សា កន្លែង​សាធារណៈ គ្រឹះស្ថាន​សាសនា សួន​កុមារ សារមន្ទីរ និង​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រជាដើម​។

លោក ផៃ ស៊ីផាន បាន​លើក​ពីរបាយការណ៍របស់ក្រសួងផែនការឆ្នាំ២០១៤ថាអ្នកមិនជក់បារី៦០ភាគរយ កំពុងស្រូបផ្សែងបារីពីគេ។ ទីកន្លែងដែលប្រជាពលរដ្ឋកម្ពុជាស្រូបផ្សែងបារីពីគេខ្ពស់ជាងគេគឺនៅភោជនីយដ្ឋាន/អាហារដ្ឋាន(៧៦ភាគរយ) នៅក្នុងអគារធ្វើការរបស់រដ្ឋ(៤៩ភាគរយ)និងនៅពេលធ្វើដំណើរការតាមមធ្យោបាយធ្វើដំណើរសាធារណៈ(៣៤ភាគរយ)៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ