​រដ្ឋាភិបាល​លុប​ចោល​គណៈ​កម្មការ​វាយតម្លៃ​សម្បទានដីសេដ្ឋកិច្ច​

រដ្ឋាភិបាល​ប្រកាស​និរាករណ៍​គណៈ​កម្មការ​អន្តរក្រសួង​ដែល​ធ្វើ​ការ​ត្រួតពិនិត្យ​ វាស់វែង​និងវាយតម្លៃ​សម្ប​ទាន​ដី​សេដ្ឋកិច្ច ក្រោយពី​បាន​បញ្ចប់​ការងារ​ពិនិត្យ​មើល​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដីសម្បទានសេដ្ឋកិច្ច​កាលពីកន្លងមក​។

នៅក្នុងសេចក្តី​សម្រេច​មួយ​ចុះថ្ងៃទី១ខែមីនា ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សម្រេច​ថា​និរាករណ៍​សេចក្តី​សម្រេ​ចចុះថ្ងៃទី​១៨​ខែសីហា ឆ្នាំ​២០១៤ របស់រដ្ឋាភិបាល​ស្តីពី​ការ​បង្កើត​គណៈ​កម្មការ​អន្តរក្រសួង​ដើម្បី​ត្រូវ​ពិនិត្យ​ វាស់វែង និង​វាយ​តម្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច។​

កាលពីថ្ងៃទី២​៥ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឲ្យដឹងថា​តាមរយៈការធ្វើកំណែទម្រង់ឡើងវិញពាក់ព័ន្ធនឹងបញ្ហាដីសម្បទានសេដ្ឋកិច្ច រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានពិនិត្យមើលទៅលើដីសម្បទានសេដ្ឋកិច្ចរួចរាល់អស់ហើយ ទាំងផ្នែកកសិកម្ម និងផ្នែកបរិស្ថាន ដែលលោកថាមានផ្ទៃដីសរុបជាង​២លាន​ហិកតា។ លោក​បន្ត​ថា​រដ្ឋាភិបាលបានដកហូតដីសម្បទានសេដ្ឋកិច្ចជិតមួយលានហិកតាទៅគ្រប់គ្រងវិញ ក្នុងចំណោមដីជាង២លានហិកតាដែលរដ្ឋាភិបាលបានផ្ដល់ទៅឲ្យក្រុមហ៊ុន។

លោក​មាន​ប្រសាសន៍​ថា៖ “ក្នុងចំនួន២លានហិកតាជាងនេះ ឥឡូវបន្សល់ទុកឲ្យបន្តវិនិយោគតែ១លាន៩ម៉ឺនហិកតាទេ ជិត១លានហិកតាទៀតបានដកហូតយកមកវិញហើយ។ ហើយក្នុង១លានហិកតានេះ (ដែលបន្តឲ្យវិនិយោគ) ភាគច្រើនគឺជាដីបានដាំដុះដំណាំកៅស៊ូ ឬក៏ដំណាំអីផ្សេងៗរួចស្រេចទៅហើយ”

លោក ហ៊ុន សែន បន្តថា សម្រាប់ដីជាង១លានហិកតាដែលរដ្ឋាភិបាលបន្តឲ្យវិនិយោគនោះ ក្រុមហ៊ុនត្រូវធ្វើការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដោយលោកថា រដ្ឋាភិបាលអាចនឹងបន្តដកហូតយកដីទាំងនោះទៅគ្រប់គ្រងវិញ។

កាលពីឆ្នាំ២០១២ រដ្ឋាភិបាលបានសម្រេចផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន ដោយបញ្ជាឲ្យពិនិត្យមើលឡើងវិញលើដីសម្បទានសេដ្ឋកិច្ចដែលត្រូវបានផ្ដល់រួចហើយ។ នៅក្នុងឆ្នាំ២០​១៥ រដ្ឋាភិបាលក៏បានសម្រេចបន្ថយរយៈពេលនៃដីសម្បទានទាំងអស់ពី៩០ឆ្នាំមកនៅ៥០ឆ្នាំ។

មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថារដ្ឋាភិបាលបានដកហូតដីមួយចំនួនពីក្រុមហ៊ុនដែលមិនបានគោរពតាមច្បាប់ តែថា តាមការសង្កេតរបស់លោកគឺដីភាគច្រើនដែលរដ្ឋាភិបាលបានដកហូតយកពីក្រុមហ៊ុនវិញជាដីដែលអស់ប្រយោជន៍។ លោកថា៖ “រដ្ឋាភិបាលបានដកហូតមែន ក៏ប៉ុន្តែការដកហូតហ្នឹងវាទាក់ទងនឹងដីខ្លះដែលអស់ប្រយោជន៍ហើយ ដូចជាដីសម្បទានសេដ្ឋកិច្ចមួយចំនួនដែលវាអស់ព្រៃឈើ ហើយដែលគេទុកដីទំនេរចោលហ្នឹង ហើយដីមួយចំនួនទៀតហ្នឹងក៏វាមានទាក់ទងនឹង ការដែលត្រូវផ្ទេរមករដ្ឋាភិបាលគឺថាក្រុមហ៊ុនហ្នឹងគឺថា ជញ្ជក់យកជីជាតិអស់ហើយ បើនិយាយទៅយកផលប្រយោជន៍អស់ហើយ”

លោក វណ្ណ សុផាត បន្តថាក្នុងការផ្ដល់ដីសម្បទាននាពេលកន្លងមក រដ្ឋាភិបាលបានសិក្សាពីផលប៉ះពាល់​ផ្នែកបរិស្ថាននិងសង្គមនោះទេ ដែលលោកថាបញ្ហានេះបណ្ដាលឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ លោកថា តាមការសង្កេតរបស់លោក ជម្លោះដីធ្លីភាគច្រើនដែលកើតពីដីសម្បទានសេដ្ឋកិច្ចនេះនៅពុំទាន់ត្រូវបានដោះស្រាយនៅឡើយទេ ដោយលោកជំរុញឲ្យរដ្ឋាភិបាលរកដំណោះស្រាយដល់ប្រជាពលរដ្ឋឲ្យបានឆាប់។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន បានថ្លែងថាលោកសង្ឃឹមថានៅពេលដែលដំណាំកៅស៊ូ និងដំណាំផ្សេងៗដែលដាំដុះនៅលើដីសម្បទានសេចដ្ឋកិច្ចទាំងនោះនឹងក្លាយទៅជាគម្របព្រៃថ្មី ដែលលោកថានឹងផ្ដល់ផលជាគម្របព្រៃឈើផង និងផលប្រយោជន៍សេដ្ឋកិច្ចផង។ លោកនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ដីសម្បទានដែលត្រូវបានដកហូតយកវិញទាំងនោះបច្ចុប្បន្នស្ថិតក្រោយការគ្រប់គ្រងរបស់ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ប៉ុន្តែលោកថា ដីទាំងនោះគឺជាគោលដៅនៃដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ