ក្រសួងអប់រំ យុវជន និងកីឡា ណែនាំឲ្យភាគីពាក់ព័ន្ធនិងអាជ្ញាធរខេត្តរៀបចំទិវាជាតិអំណានដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ខែមីនា ខាងមុខនេះ ដោយរៀបចំជាការប្រឡងប្រណាំងអាន។
នៅក្នុងសេចក្តីណែនាំស្តីពីការប្រារព្ធទិវាជាតិអំណាន១១មីនា រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន បានលើកឡើងថាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌនិងអាជ្ញាធរដែនដី ត្រូវរៀបចំវេទិកាប្រឡងប្រណាំងអានឬជំរុញគ្រឹះស្ថាននិងអ្នកពាក់ព័ន្ធឲ្យរៀបចំវេទិកាប្រកួតប្រជែងក្នុងការអាន ស្មូតកំណាព្យនិងនិពន្ធនៅតាមទីតាំងសមស្រប ដើម្បីជ្រើសរើសជ័យលាភីនិងជូនរង្វាន់លើកទឹកចិត្តតាមលទ្ធភាព។ លោកបន្តថាមន្ទីរអប់រំ យុវជននិងកីឡា រាជធានីខេត្ត ការិយាល័យអប់រំ គ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំងសាធារណៈនិងឯកជនត្រូវរៀបចំប្រារព្ធទិវាជាតិអំណាននៅថ្ងៃសុក្រ ទី១១ខែមីនា។
លោក ហង់ ជួន ណារ៉ុន បន្តថាសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ វិទ្យាស្ថាននិងសាកលវិទ្យាល័យទាំងសាធារណៈទាំងឯកជន ត្រូវរៀបចំទិវាជាតិអំណានដោយរៀបចំឲ្យមានការប្រឡងប្រណាំងអាន ស្មូតកំណាព្យឬនិពន្ធនិងបង្កើតគណៈកម្មការវិនិច្ឆ័យសមត្ថភាពអាន ស្មូតកំណាព្យនិងនិពន្ធ។
គួរបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយកាលពីខែកញ្ញា ឆ្នាំ២០១៥ បង្កើតឲ្យមានទិវាជាតិអំណាន ដោយកំណត់យកថ្ងៃទី១១ខែមីនាជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវានេះ ដើម្បីបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ រួមចំណែកការពារនិងពង្រឹងវប្បធម៌ខ្មែរ៕