ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុញ្ញាតឲ្យធនាគារឯកទេស វីង (Wing) ធ្វើប្រតិបត្តិការប្រមូលពន្ធអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះផ្សេងៗ ដោយបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាព និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រនេះ ក្រសួងបាន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយស្ដីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារឯកទេសវីង (ខេមបូឌា) លីមីធីត សម្រាប់ប្រតិបត្តិការចំណូលពន្ធដារលើអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ព្រមទាំងប្រាក់ពិន័យទោសទណ្ឌសម្រាប់ប្រភេទពន្ធទាំងពីរនេះ នៅទូទាំងប្រទេស។
សេចក្ដីប្រកាសព័ត៌មានបានដកស្រង់សម្ដីរបស់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចលោក ជូ គឺមឡេង ថា គោលបំណង និងសារៈសំខាន់នៃអនុស្សរណៈនេះ “ដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្តសិទ្ធិភាពនៃការការផ្ដល់សេវាសាធារណៈដល់អ្នកជាប់ពន្ធគ្រប់មជ្ឈដ្ឋាន សំដៅធានាបាននូវការអនុវត្តឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវកំណែទម្រង់សំខាន់ៗជាអាទិ៍ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលជាស្នូលនៃអភិបាលកិច្ចល្អ”។
សេចក្ដីប្រកាសព័ត៌មានបន្តទៀតថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ច និងធនាគារឯកទេសវីង គឺជាបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងស្ថាប័នរដ្ឋ និងវិស័យឯកជនក្នុងការធានាឲ្យបាននូវការផ្ដល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានពន្ធដារឲ្យកាន់តែមានគុណភាព សាមញ្ញ ស័ក្ដសិទ្ធិ គួរឲ្យទុកចិត្ត រហ័ស ងាយស្រួល។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ក្នុងដំណាក់កាលដំបូងនេះ អនស្សរណៈនេះមានវិសាលភាពចំពោះតែការប្រមូលពន្ធអចលទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ តែក្នុងពេលបន្តបន្ទាប់ ក្រសួងនឹងពិនិត្យលទ្ធភាពក្នុងការពង្រីកការប្រើប្រាស់សេវារបស់ធានាគារឯកទេសវីង សម្រាប់ប្រតិបត្តិការចំណូលពន្ធដារលើប្រភេទពន្ធដទៃទៀតទៅតាមភាពជាក់ស្ដែងផងដែរ៕