ក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសព័ត៌មានច្រានចោលចំពោះការផ្សព្វផ្សាយថា បែកធ្លាយល្បិចកលតម្លើងឋានន្តរស័ក្តិនាយនគរបាល តាមរយៈការតែងតាំងជាទីប្រឹក្សា ឬជំនួយការរដ្ឋមន្ត្រី។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី ៤ ខែមីនា បានឲ្យដឹងថា ចំពោះការចុះផ្សាយថា បែកធ្លាយល្បិចកលតម្លើងឋានន្តរស័ក្តិនាយនគរបាលតាមរយៈការតែងតាំងជាទីប្រឹក្សា ឬជំនួយការលោក ស ខេង និង ក្រសួងមហាផ្ទៃនោះ ខុទ្ទកាល័យលោក ស ខេង ច្រានចោលទាំងស្រុង និងចាត់ទុកករណីនោះគឺជាការរៀបចំឡើងដោយខ្វះការយល់ដឹងខាងវិជ្ជាជីវៈសារព័ត៌មាន និងបង្ហាញជំហរលំអៀង។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលបកស្រាយឲ្យដឹងថា រាល់ការស្នើសុំតែងតាំងជាទីប្រឹក្សា ឬជំនួយការរបស់លោក ស ខេង តែងតែធ្វើឡើងចំពោះមន្ត្រីរាជការទាំង ស៊ីវិល និងនគរបាលណាដែលធ្លាប់មានគុណសម្បត្តិ និង ស្នាដៃបំរើផលប្រយោជន៍សង្គម។ ការស្នើតែងតាំងនេះក៏ឈរលើគោលការណ៍មិនយកប្រាក់បៀរវត្ស ឬប្រាក់លាភផ្សេងៗរបស់រដ្ឋ និងការស្នើសុំតែងតាំងនេះជាការលើកទឹកចិត្តដល់មន្ត្រីរាជការក្នុងការបំពេញភារកិច្ចជូនមាតុភូមិដោយផ្អែកលើ លក្ខណៈសម្បត្តិ សមត្ថភាព អតីតភាព និង សកម្មភាពការងារល្អផងដែរ។
គួរបញ្ជាក់ថា កាលពីដើមខែ មីនា នេះសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា បែកធ្លាយល្បិចកលតម្លើងឋានន្តរស័ក្តិនាយនគរបាល តាមរយៈការតែងតាំងជាទីប្រឹក្សា ឬជំនួយការ លោក ស ខេង និងក្រសួងមហាផ្ទៃ។ ករណីនេះក្រសួងមហាផ្ទៃលើកឡើងថា ជាបំណងដែលធ្វើឲ្យមានការយល់ច្រឡំពីសាធារណៈចំពោះកិត្តិយស និង កិត្តិនាមរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕