លិខិតមិត្តអ្នកអាន៖ការប្រឡងវិជ្ជាជីវៈចៅក្រមក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់អ្នកច្បាប់​

និស្សិតច្បាប់និងអ្នកច្បាប់ស្ទើរគ្រប់រូបសុទ្ធតែមានក្តីសង្ឃឹមនិងក្តីស្រមៃចង់ក្លាយជាមន្ត្រីរាជការសាធារណៈបម្រើការងារក្នុងជួរជាថ្នាក់ដឹកនាំស្ថាប័ន មន្រ្តីបច្ចេកទេសផ្នែកច្បាប់ប្រចាំស្ថាប័នរដ្ឋ ឬបុគ្គលដែលប្រកប​ការងារវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ដូចជា ក្រឡាបញ្ជី អាជ្ញាសាលាមេធាវី ព្រះរាជអាជ្ញា និងចៅក្រមជា​ដើម​។

ទន្ទឹមនឹងមានក្តីស្រមៃ និងក្តីសង្ឃឹមថានេះមាននិស្សិតច្បាប់ និងអ្នកច្បាប់មួយចំនួនបានព្យាយា​ម​ដោយ​សមត្ថ​ភា​​ពផ្ទាល់ខ្លួ​នក្នុងការប្រឡងប្រជែង ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនដូចបានបរិយាយខាងលើ ក៏មានការខកចិត្ត អន់ចិត្ត និងរំពៃគិតក្នុងន័យអវិជ្ជមាន ជាច្រើនបានកើតឡើងផងដែរក្រោយ​ពេលដែល​ពួកគេ​ទទួ​ល​បរាជ័យ​សម្រាប់ការប្រឡងប្រជែងនេះ។

ការខកចិត្ត ការអាក់អន់ស្រពន់ចិត្តនិងការគិតអវិជ្ជមានលើវិស័យនេះមិនមែនជារឿងចម្លែកទេ ខណៈដែល​បុគ្គលទាំងនោះរួមទាំងសាធារណជនមួយចំនួនសុទ្ធតែបានគិតឬធ្វើការពិចារណាដោយផ្អែកលើសុភវិនិច្ឆ័យផ្ទាល់ខ្លួនមុនការប្រឡងស្រេចទៅ ហើយថាប្រាកដជាមានអំពើពុករលួយ បក្សពួកនិយម និងភាពមិន​ប្រក្រតីមួយចំនួនកើតឡើង។

ជាសារធាតុរបស់មនុស្សនិងអាចនិយាយបានថាក្នុងនាមជាអ្នកសត្យានុម័តនិយម ខ្ញុំអាចនិយាយបាន​ថាមនុស្ស​តែ​ងតែរកលេស​សម្រាប់ខ្លួនពេលដែលខ្លួនបរាជ័យ ហើយពេលខ្លះកត្តា ដែលខ្ញុំលើកឡើងថាជា​លេសនោះវាគឺជា​សុច្ចនា​ករណ៍ពិតប្រាកដមួយដែលនាំឲ្យពួកគេបរាជ័យផងដែរ។ ថ្វីបើនេះជាបញ្ហាសង្គម​សម្រាប់ប្រទេស​ដែលមានលទ្ធិប្រជាធិបតេយ្យរប៉ិករប៉ើកថ្មីថ្មោងក្នុងគោលដៅ ដើរឆ្ពោះទៅកាន់ប្រទេស​នីតិ​រដ្ឋយ៉ាងណា​​ក៏ដោ​យយើងទាំងអស់គ្នាដែលជានិស្សិតផ្នែកច្បាប់និងអ្នក ច្បាប់សុទ្ធតែអាចមើលឃើញ​ហើយ​មិន​គួរបដិសេធចោលនូវសមិទ្ធផលមួយ​ចំនួនផងដែរចំពោះរដ្ឋាភិបាលបានប្រឹងប្រែង​ក្នុងការធ្វើ​កំណែ​ទម្រង់ជាច្រើនលើប្រព័ន្ធយុត្តិធម៌និងតុលាការជាច្រើននារយៈកាល ប៉ុន្មានឆ្នាំចុងក្រោយនេះដូច​ជាបង្កើត​​នូវច្បាប់គ្រឹះ​សំខាន់ចំនួន៣(ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅនៃឧត្តមក្រុមប្រឹក្សានៃ​អង្គចៅក្រម ច្បាប់ស្តីពីការរៀបចំអង្គការតុលាការនិងច្បាប់ស្តីពី​លក្ខន្តិកៈនៃចៅក្រមនិង​ព្រះរាជអាជ្ញា​)នេះជា​ដើម។

ទន្ទឹមនឹងមានកំណែទម្រង់ដែលបានប្រឹងប្រែងក្នុងការអនុម័តច្បាប់គ្រឹះទាំង៣ខាងលើនេះក៏ដោយ បញ្ហាថ្មីៗ​នេះបានរឹតតែធ្វើឲ្យរង្គោះរង្គើវិស័យយុត្តិធម៌ក្នុងការប្រកួតប្រជែងជ្រើសរើសចៅក្រម ព្រះរាជអាជ្ញានៅថ្ងៃទី០៨និង០៩ ខែធ្នូ ឆ្នាំ២០១៥ នេះម្តងទៀតក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ បានបដិសេធក្នុងការធ្វើជាអ្នកសង្កេតការណ៍សម្រាប់ការប្រឡងខាងលើនេះដោយអះអាងក្នុងលិខិតបដិសេធជាចំហរបស់ខ្លួនដោយផ្ញើជូនរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការថាស្ថាប័ននេះ គ្មានឆន្ទៈនិងមិនមាន​កិច្ច​សហ​ការល្អ​។ សាធារណជនមួយចំនួនបានសាទររួមទាំងធ្លាប់បានទទួលស្គាល់នូវផល វិជ្ជមាន​នៃការសង្កេតការណ៍របស់អង្គភាពនេះនាពេល២ឆ្នាំចុងក្រោយនេះក្រោយពីមានកំណែទម្រង់ប្រព័ន្ធអប់រំនិងមានកិច្ចស​ហកា​រល្អជាមួយក្រសួងអប់រំ។

សំណួរត្រូវបានចោទឡើងក្នុងចំណោមបេក្ខជនប្រឡងនិស្សិតច្បាប់ និងអ្នកច្បាប់ រួមទាំងអ្នកវិភាគមួយ​ចំនួ​នតើ​ហេ​តុអ្វី​បានជា​ស្ថាប័នរដ្ឋដូចគ្នាទាំងពីរ នេះ ហាក់សម្តែងឬកដាក់គ្នាចំពោះការប្រឡង​វិជ្ជាជីវៈដ៏សំ​ខា​ន់នា​ពេល​ខាងមុខនេះ? តើពាក្យគ្មានឆន្ទៈនិងខ្វះកិច្ចសហការនេះមានន័យថា​ស្ថាប័ននេះគ្មានឆន្ទៈ​ប្រឆាំ​ងអំ​ពើពុករលួ​​យខណៈសាធារណជននិងបេក្ខជននីមួយៗសុទ្ធតែមានមន្ទិល​សង្ស័យក្នុងចិត្តឬមកពី​បញ្ហា​ទំ​នាក់ទំ​នងកិ​ច្ច​សហការរវាងស្ថាប័នទាំងពីរនេះមិនចុះសម្រុងគ្នា ឬក៏ស្ថាប័នមួយមិនចង់ពាក់​ព័ន្ធ​(យករួចខ្លួ​ន)លើបញ្ហានេះ?

សំណួរដែលបានលើកឡើងខាងលើសុទ្ធិតែពិបាកក្នុងការបកស្រាយឬធ្វើការអធិប្បាយឲ្យមានលក្ខណៈប្រាកដ​និយមឬសត្យានុម័តដែលប្រកបដោយអំណះអំណាងគួរឲ្យជឿទុកចិត្ត។ មួយវិញទៀត ជាអ្នកច្បាប់គួរកុំភ្លេចផងដែរថាទោះជាអង្គភាពប្រឆាំងអំពើពុករលួយបដិសេធក្នុងការចូលរួមជាអ្នក​សង្កេតការណ៍​​សម្រាប់ការប្រឡងនេះយ៉ាងណាក៏ដោយ ស្ថាប័ននេះនៅតែមានសិទ្ធិដាច់ខាតក្នុងការ​ប្រឆាំង​អំ​ពើពុករលួ​យដោយយោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលមានវិសាលភាពអនុវត្ត​ចំពោះ​អំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យនិងគ្រប់ជាន់ថ្នាក់នៅទូទាំង ប្រទេសកម្ពុជាដែល​ស្ថិតក្រោម​អានុភាពនៃច្បាប់នេះ វៀរលែងតែស្ថាប័ននេះមិនអើពើ ឬគ្មានឆន្ទៈខ្លួនឯង។

គ្រប់ការបរិយាយខាងលើគឺអាចនិយាយបានថាពិបាកក្នុងការឆ្លើយតប ប៉ុន្តែយ៉ាងណាក៏ដោយ មូលហេតុ​ចម្បង​ដែលនិស្សិតច្បាប់ឬអ្នកច្បាប់មួយចំនួនចង់ប្រាថ្នាប្រកបវិជ្ជាជីវៈនេះជាគោលការណ៍គួរ តែដោយ​សារមូល​ហេតុចង់បម្រើប្រព័ន្ធយុត្តិធម៌និងប្រព័ន្ធតុលាការដោយផ្ទាល់មិនមែនជាការស្វែងរក ធនលាភ​ដើម្បី​មាន​បានដោយសារប្រព័ន្ធយុត្តិធម៌នោះទេ។ ជាមួយគ្នានេះផងដែរ មនុស្សទូទៅតែងតែ លើគេនិយាយ​តគ្នាផងដែរថា“គ្មានទេការវិនិយោគដែលមិនចង់ស្វែងរកប្រាក់ចំណេញតប បើគេវិនិយោគ​ប្រាក​ដណា​ស់​គេនឹងសម្លឹងមើលលទ្ធភាពនៃការរកប្រាក់ចំណេញនោះជាក់ជាមិនខាន”។

កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ គួរណាស់តែស្តារឡើងតាមរយៈការប្រកួតប្រជែងដោយស្មោះត្រង់ យុត្តិធម៌ ជា​ជាង​ការវិនិយោគ ដើម្បីប្តួរមកវិញនូវការផ្តល់ជូននូវសេវាយុត្តិធម៌ពិតប្រាកដដល់ប្រជា ពលរដ្ឋខ្មែរនិង​ធានា​ការគោរពសិទ្ធិមនុស្សនិងសិទ្ធិជា

មូលដ្ឋាន​ដទៃទៀតដែលបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញរបស់​ប្រទេស។​ជាមួយគ្នានេះផងដែរ យើងមិនអាចធ្វើការសន្និដ្ឋានដែលគ្មានមូលដ្ឋានណាមួយបានទេ សម្រាប់ការប្រឡ​ងវិជ្ជាជីវៈមួយនេះ​ខណៈដែលការប្រឡ​ងមិនទាន់មកដល់ហើយយើង​ព្យាយាមប្រើសុភវិនិច្ឆ័យផ្ទាល់​ខ្លួន​ដោយ​​​សម្អាងលើបទពិសោធន៍ចាស់ឬទម្លាប់ចាស់ ខណៈដែលស្ថានភាពឬអ្វីដែលយើងបានគិត​សុទ្ធ​តែអាច​ផ្លាស់ប្តូរស្ទើរគ្រ​ប់វិនាទី។ កាលបើបេក្ខជនបរាជ័យក្នុងការប្រឡ​ងនេះក៏មិនមែនមាន​ន័យ​ថាបេក្ខជន​មិនអាចបម្រើមូលហេតុចម្បងក្នុងការបម្រើប្រព័ន្ធ​យុត្តិធម៌និងប្រព័ន្ធតុលាការនៅកម្ពុជា​ផង​ដែរ។ លើសពី​នេះ​ក៏​គួរតែដាស់តឿនសម្រាប់បេក្ខជនផងដែរថា ការបរាជ័យក្នុងការប្រឡ​ងមិនមែនមាន​ន័យថា​​អ្នក​គ្មាន​សមត្ថ​ភាពឬអន់ផងដែរវាគ្រាន់តែមានន័យថាលទ្ធភាពជោគជ័យ ឬវិថីអ្នកជោគ​ជ័យអាច​មិន​មែន​ការ​ប្រកួតប្រជែងលើកនេះតែប៉ុណ្ណោះ។

ទន្ទឹមគ្នានេះផងដែរអ្វីដែលចាំបាច់នាពេលបច្ចុប្បន្នគឺការសហការគ្នារវាងស្ថាប័នរដ្ឋនិងស្ថាប័នរដ្ឋសម្រាប់ស្តារនូវទំនុកចិត្តនិងលើកកម្ពស់ឡើងវិញពីលទ្ធភាពទទួលបានយុត្តិធម៌ពីសំណាក់ប្រជាពលរដ្ឋ ចំពោះ​វិស័យតុលាការប្រសើរជាងការសំដែងធ្មង់ដាក់គ្នាឬសកម្មភាពមិនសមរម្យប្រកបដោយក្រមសីលធម៌មួយចំនួន៕​

លោក តូច ឧត្តម ជា​បេក្ខជនប្រឡងវិជ្ជាជីវៈចៅក្រម

សរសេរមកកាន់លោក តូច ឧត្តម តាមរយៈ[email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ