យុវជនប្រមាណ៥០នាក់ដែលអះអាងថា ខ្លួនជានិស្សិតមកពីសាកលវិទ្យាល័យនានា បានធ្វើការតវ៉ាក្នុងវេទិកាមូលដ្ឋានរបស់គណបក្សសង្គ្រោះ ក្នុងខេត្តព្រះសីហនុ ដើម្បីទាមទាឲ្យលោកកឹម សុខាបកស្រាយពីបញ្ហាខ្សែអាត់ សំឡេងស្នេហាជាមួយស្រីក្មេង។
សមាជិកក្រុមប្រឹក្សាមូលដ្ឋានខេត្តព្រះសីហនុរបស់គណបក្សសង្គ្រោះជាតិ លោក សូ លីឌី បានឲ្យដឹងថា នៅក្នុងវេទិកាមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិនៅភូមិអូតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ មានយុវជនមកពីភ្នំពេញ និង ខេត្ត ប្រមាណ ៥០នាក់ ធ្វើការតវ៉ាឲ្យ លោក កឹម សុខា បកស្រាយឲ្យបានច្បាស់ពីបញ្ហាខ្សែអាត់សំឡេង។

លោកបន្ថែមថា ក្រុមយុវជនទាំងនោះបានព្យាយាមចូលអុកឡុកក្នុងវេទិកាមូលដ្ឋានដោយខ្លះមានកាន់មេក្រូស្រែកតវ៉ាឲ្យលោក កឹម សុខាបកស្រាយ និង មួយចំនួនទៀតព្យាយាមចូលទៅក្នុងវេទិកា តែក្រុមការងារបក្សបានព្យាយាមធ្វើអន្តរាគមន៍មិនឲ្យចូល។
ទាក់ទងនឹងការតវ៉ានេះសមាជិកអ្នកតវ៉ាម្នាក់ដែលអះអាងថា ជានិស្សិតនោះ បានប្រាប់វីអូឌី ថាប្រធានក្រុម និង សមាជិករបស់ខ្លួនចំនួន ៥នាក់ ត្រូវបានអង្គរក្សរបស់លោក កឹម សុខា ធ្វើការឃាត់ខ្លួន។
ទោះបីជាយ៉ាងណាលោក សូ លីឌី បានបញ្ជាក់យ៉ាងច្បាស់ថា ខាងគណបក្សសង្គ្រោះជាតិ មិនបានចាប់ ឬ ឃាត់អ្នកតវ៉ាណាម្នាក់នោះទេ ហើយខាងគណបក្សក៏ព្យាយាមស្នើឲ្យមានការអន្តរាគមន៍រក្សាសន្តិសុខពីអាជ្ញាធរផងដែរ។
ទោះយ៉ាងណា វេទិការបស់គណបក្សសង្គ្រោះជាតិនេះ បានបញ្ចប់នៅម៉ោងប្រមាណ១១ព្រឹក ដោយមិនមានហិង្សាកើតឡើងទេ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី០៤ ខែមីនា ម្សិលមិញក្រុមយុវេជនដែលអះអាងថា ជានិស្សិតមកពីសាកលវិទ្យាល័យនានាប្រមាណ ៥០នាក់ នោះ បានដាក់ញតិ្តតវ៉ា នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីទាមទាឲ្យលោក កឹម សុខា បកស្រាយឲ្យបានច្បាស់ពីខ្សែអាត់សំលេងសន្ទនាជាមួយស្រីស្នេហ៍ ដែលបានផ្សព្វផ្សាយតគ្នាតាមបណ្ដាញសង្គមផងដែរ៕