មិត្តសមាគមខ្មែរកម្ពុជាលើកឡើងថា ស្ត្រីខ្មែររស់នៅលើទឹកដីកម្ពុជាក្រោម រស់នៅក្រោមការគ្រប់គ្រងរបស់វៀតណាមនៅពេលបច្ចុប្បន្នមិនដែលស្គាល់សិទ្ធិសេរីភាព ដូចស្ត្រីរស់នៅតាមបណ្តាលប្រទេសផ្សេងទៀតនោះទេ។
ប្រធានមិត្តសមាគមខ្មែរកម្ពុជាលោក ប៊ុន មុនី ថ្លែងបែបនេះនៅក្នុងពិធីបារព្ធទិវា សិទ្ធិនារីអន្តរជាតិខូប១០៦ឆ្នាំ នៅវត្តសាមគ្គីរង្ស៊ី នៅភូមិទ្រា០២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យនេះ។
លោក ប៊ុន មុនី ថ្លែងថា អស់រយៈកាល ១០៥ ឆ្នាំបានកន្លងផុតទៅ ទិវាសិទ្ធិនារីអន្តរជាតិ បានរំលេចខ្លួនមកបង្ហាញដល់ស្ត្រីទូទាំងពិភពលោក ដើម្បីទទួលបាននូវសិទ្ធិជាចម្បងរបស់ខ្លួន។ ប៉ុន្តែលោកថា ស្ត្រីខ្មែរកម្ពុជាក្រោមភាគច្រើន ពុំដែលបានទទួល បានដឹង បានឮ បានឃើញ និង បានចូលរួមនូវទិវាដែលមានលក្ខណៈសំខាន់ជាសកលនេះឡើយ។
ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមរួមទាំងព្រះសង្ឃ និង គ្រហស្ថ មួយចំនួនបានចេញពីដែនដីកម្ពុជាក្រោម ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម មករស់នៅកម្ពុជា និង ខ្លះទៀតជម្លៀសខ្លួនទៅកាន់បណ្តាប្រទេសផ្សេងៗទៀត ដោយពួកគេចោទថា អាជ្ញាធរវៀតណាម គាបសង្កត់ បំបិទសិទ្ធិសេរីភាព ក្នុងការរស់នៅនិង ជំនឿសាសនាជាដើម។ សមាគមខ្មែរក្រោមក៏ធ្លាប់លើកឡើងពីចំនួនប្រជាពលរដ្ឋខ្មែរដែលត្រូវអាជ្ញាធរវៀតណាមចាប់ឃុំឃាំង ធ្វើទារុណកម្ម និង សម្លាប់ចំពោះអ្នកដែលហ៊ានចេញមុខតវ៉ារកសិទ្ធិសេរីភាព៕